Home / ស្នេហា / ស្នេហាមិនគិតពីវណ្ណៈ! ព្រះនាង​ជប៉ុន ស្រស់ស្អាត បោះបង់តំណែង ទៅរៀបអភិសេក​ ជាមួយកម្មករ​សាមញ្ញ

ស្នេហាមិនគិតពីវណ្ណៈ! ព្រះនាង​ជប៉ុន ស្រស់ស្អាត បោះបង់តំណែង ទៅរៀបអភិសេក​ ជាមួយកម្មករ​សាមញ្ញ

ព្រះ​នាង​ជប៉ុន​មួយ​អង្គ សុខចិត្ត​បោះបង់​ឋានៈ​ជា​រាជវង្ស ដើម្បី​ទៅ​រៀប​អភិសេក​ជាមួយ​កម្មករ​ឆ្នេរ​សមុទ្រ​ម្នាក់ ដែល​ព្រះ​នាង​បាន​ជួប នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ។

ព្រះនាង Mako ព្រះ​ជន្ម​២៥​វង្សា គឺ​ជា​ចៅ​ស្រី​របស់​អធិរាជ​ជប៉ុន Akihito នឹង​ត្រូវ​រៀប​អភិសេក​ជាមួយ​គូស្នេហ៍ ជា​បុរស​សាមញ្ញ​ម្នាក់ មាន​ឈ្មោះ​ថា Kei Komuro ដែល​ចេះ​លេង​ស្គី វីយូឡុង និង​ចម្អិន​អាហារ​ទៀត​ផង។ លោក Komuro គឺ​ជា​សិស្ស​រួម​សាលា ជាមួយ​ព្រះ​នាង នៅ​ឯ​សកលវិទ្យាល័យ International Christian University ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

លោក Komuro ធ្វើ​ការ​ជា​អ្នក​ផ្សព្វផ្សាយ​ និងលើក​កម្ពស់​វិស័យ​ទេសចរណ៍ ឲ្យ​ឆ្នេរ​សមុទ្រ Shonan នៅ​ក្នុង​ខេត្ត Kanagawa។ អ្នក​ទាំង​២​បាន​ជួប​គ្នា នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង នៅ​ឯ Shibuya នៃ​ទីក្រុង​តូក្យូ កាល​ពី​ប្រហែល ៥​ឆ្នាំ​មុន នៅ​ក្នុង​ពិធី​ជប់លៀង​មួយ ដើម្បី​និយាយ​អំពី​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស ហើយ​ក៏​បាន​ជួប​គ្នា​ច្រើន​ដង​ទៀត នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

គួរ​បញ្ជាក់​ថា ព្រះនាង Mako នឹង​បាត់បង់​ឋានៈ​ជា​ព្រះនាង ហើយ​ក្លាយ​ជា​មនុស្ស​សាមញ្ញ​ធម្មតា ប្រសិន​បើ​ព្រះ​នាង​រៀប​អភិសេក ជាមួយ​ជន​សាមញ្ញ ព្រោះ​វា​ជា​បញ្ជា​ប្រពៃណី​ជប៉ុន។

យ៉ាងណាមិញ ដំណើរ​ការ​នៃ​ពិធី​រៀប​អភិសេក​នេះ ត្រូវ​ចំណាយ​ពេល​ និង​ឆ្លង​កាត់​ពិធី​សាសនា​ច្រើន។ ដំបូង​ឡើយ ត្រូវ​មាន​ការ​ប្រកាស​មួយ ដែល​មាន​តម្លៃ​ស្មើ​នឹង​ការ​ភ្ជាប់​ពាក្យ។ បន្ទាប់មក ត្រូវ​ជ្រើសរើស​ថ្ងៃ​រៀប​អភិសេក នៅ​ពេល​ដែល​អ្នក​ទាំង​២ ធ្វើ​របាយការណ៍​ផ្លូវការ​មួយ ទៅ​កាន់​ព្រះចៅ​អធិរាជ និង អធិរាជិនី។

ទោះ​បី​ជា​យ៉ាងណា ព្រះនាង Mako បាន​ណែនាំ លោក Komuro ទៅ​កាន់​ព្រះ​មាតាបិតា​របស់​ទ្រង់​រួច​ទៅ​ហើយ ហើយ​ក៏​ទទួល​បាន​ព្រះរាជ​អនុញ្ញាត​ផង​​ដែរ៕

រឿងរ៉ាវ៥យ៉ាង​គួរដឹង ពីព្រះនាងជប៉ុន ដែលបោះបង់​តំណែង ទៅរៀបអភិសេក​ជាមួយ​ជនសាមញ្ញ

កាល​ពី​ពេល​ថ្មីៗ​នេះ រឿងរ៉ាវ​របស់​ព្រះ​នាង​ជប៉ុន Mako សុខ​ចិត្ត​បោះបង់​តំណែង​ជា​រាជវង្ស​ចោល ដើម្បី​បាន​រៀប​អភិសេក​ជាមួយ​គូស្នេហ៍ ដែល​ជា​ជន​សាមញ្ញ កំពុង​តែ​ល្បីល្បាញ និង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

ខាង​ក្រោម​នេះ គឺ​ជា​រឿងរ៉ាវ​ទាំង​៥​យ៉ាង ដែល​អ្នក​គួរ​ដឹង​ពី​ព្រះ​នាង៖

#១ ព្រះនាង Mako គឺ​ជា​បុត្រី​ច្បង​របស់​ព្រះអង្គម្ចាស់ Akishino និង​ជា នត្តា (ចៅស្រី) របស់​អធិរាជ Akihito

ព្រះ​នាង​​បាន​​ប្រសូត្រ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ គឺ​ជា នត្តា (ចៅស្រី) ដំបូង​បង្អស់​របស់​អធិរាជ​ជប៉ុន Akihito ដែល​មាន​ព្រះ​ជន្ម ៨៣​វស្សា។

#២ ព្រះនាង Mako នឹង​រៀប​អភិសេក​ជាមួយ​មិត្ត​រួម​សាលា

លោក Komuro គឺ​ជា​សិស្ស​រួម​សាលា ជាមួយ​ព្រះ​នាង នៅ​ឯ​សកលវិទ្យាល័យ International Christian University ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ អ្នក​ទាំង​២​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល ធ្វើ​ផែនការ​ភ្ជាប់​ពាក្យ។ នៅ​ពេល​ដែល​ព្រះនាង Mako រៀប​អភិសេក​ជាមួយ លោក Komuro ពេលនោះ ព្រះនាង​នឹង​ក្លាយ​ជា​ជន​សាមញ្ញ ជា​ផ្លូវ​ការ​ភ្លាម​តែម្ដង។

នៅ​ក្នុង​ប្រទេស​ជប៉ុន មនុស្ស​ប្រុស ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រៀបការ ជា​មួយ​ជន​សាមញ្ញ និង​នៅ​តែ​រក្សា​តំណែង​របស់​ខ្លួន​ដដែល។ ផ្ទុយទៅវិញ វា​មិន​ដូច​គ្នា​ឡើយ​សម្រាប់​មនុស្ស​ស្រី។ ជាក់ស្ដែង អធិរាជ​ជប៉ុន Akihito គឺ​ជា​ខ្សែ​រាជវង្ស​ជប៉ុន​ដំបូង​គេ​បង្អស់ ដែល​បាន​រៀប​អភិសេក​ជាមួយ​ជន​សាមញ្ញ (ព្រះ​អគ្គមហេសី Michiko) ប៉ុន្តែ​នៅ​តែ​រក្សា​តំណែង​ជា​អធិរាជ​ដដែល។

ទោះ​បី​ជា​យ៉ាង​ណា ព្រះនាង Mako មិនមែន​ជា​មនុស្ស​ស្រី​តែ​ម្នាក់ នៅ​ក្នុង​វង្សានុវង្ស (គ្រួសារ) ដែល​ជ្រើសរើស​ផ្លូវ​មួយ​នេះ​ឡើយ។ ជា​ការ​ពិត​ណាស់ ព្រះ​មាតុលានី (ម្ដាយមីង) របស់​ព្រះនាង ព្រះនាម Sayako Kuroda បាន​រៀប​អភិសេក​ជាមួយ​ជន​សាមញ្ញ ឈ្មោះ Yoshiki Kuroda កាល​ពី​ឆ្នាំ​២០០៥។

#៣ រឿងរ៉ាវ​ស្នេហា​រវាង​ព្រះនាង Mako និង​លោក Kei Komuro

អ្នកទាំង២ បាន​ជួប​គ្នា ខណៈ​ចូល​រួម​នៅ​ក្នុង​កម្មវិធី សម្រាប់​ការ​សិក្សា​ក្រៅ​ប្រទេស នៅ​ឯ​ភោជនីយដ្ឋាន​មួយ ស្ថិត​ក្នុង​ស្រុក Shibuya នៃ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​ជាង​៥​ឆ្នាំ​មុន។

អ្នក​ទាំង​២ គឺ​ជា​មិត្ត​រួម​សាលា ដែល​បាន​បញ្ចប់​ការ​សិក្សា នៅ​ឯ​សកលវិទ្យាល័យ​មួយ ក្នុង​ទីក្រុង​តូក្យូ។ លោក Komuro ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ច្បាប់​មួយ ប៉ុន្តែ​ធ្លាប់​បាន​ធ្វើ​ជា​កម្មករ​ឆ្នេរសមុទ្រ នៅ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ឆ្នេរ​សមុទ្រ ឲ្យ​ទីក្រុង Fujisawa។ នៅ​ពេល​នោះ លោក​ទទួល​បាន​រហស្សនាម​ថា «Prince of the Sea»។

#៤ ទោះ​បី​ជា​ព្រះនាង Mako មិន​រៀប​អភិសេក​ជាមួយ លោក Komuro ក៏​ព្រះនាង​មិន​ឡើង​គ្រង​រាជបល្ល័ង្ក​ដែរ

កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​២០១៦ ព្រះ​ចៅ​អធិរាជ​ជប៉ុន Akihito បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ថា ព្រះជន្ម​របស់​ទ្រង់ អាច​ប៉ះពាល់​ដល់​សមត្ថភាព ក្នុង​ការ​គ្រប់គ្រង​ប្រទេស។ ទោះ​បី​ជា​យ៉ាង​ណា បើ​យោង​តាម​ច្បាប់​បុរាណ​ជប៉ុន មាន​តែ​មនុស្ស​ប្រុស​ប៉ុណ្ណោះ ដែល​អាច​ឡើង​គ្រង​រាជ​បល្ល័ង្ក​បន្ត​បាន។

#៥ ព្រះនាង Mako ត្រូវ​បាន​គេ​យក​ទៅ​ប្រៀបធៀប​ជា​មួយ ព្រះនាង Kate Middleton នៃ​ចក្រភព​អង់គ្លេស

ក្រៅពី​តំណែង​ជា​ព្រះនាង អ្នកទាំង២ គឺ​ពិតជា​ល្អឥតខ្ចោះ។ ព្រះនាង Mako និង Kate មាន​សញ្ញាប័ត្រ​ផ្នែក​សិល្បៈ​ដូចគ្នា។ ព្រះនាង Mako ទទួល​បាន​សញ្ញាប័ត្រ​អនុបណ្ឌិត ផ្នែក «Art Museum and Gallery Studies» ពី​សកលវិទ្យាល័យ University of Leicester ក្នុង​ទីក្រុង Leicester ប្រទេស​អង់គ្លេស កាល​ពី​ឆ្នាំ​២០១៦។ ព្រះនាង​បាន​រស់​នៅ​ក្នុង​ចំណោម​សិស្ស​និស្សិត​ដទៃ​ទៀត ហាក់​បី​ដូច​ជា​មនុស្ស​សាមញ្ញ​ធម្មតា​អីចឹង៕