Home / ស្នេហា / កូនស្រីមហាសេដ្ឋី​ ដ៏ស្រស់ស្អាត បោះបង់មរតក រាប់រយ​លានដុល្លារ ព្រោះលង់​ស្នេហ៍បុរសសាមញ្ញ​

កូនស្រីមហាសេដ្ឋី​ ដ៏ស្រស់ស្អាត បោះបង់មរតក រាប់រយ​លានដុល្លារ ព្រោះលង់​ស្នេហ៍បុរសសាមញ្ញ​

កូន​ស្រី​របស់​មហាសេដ្ឋី​ជំនួញ​ម៉ាឡេស៊ី​ដ៏​ស្រស់​ស្អាត​ម្នាក់ ​បាន​ប្រកាស​បោះ​បង់​មរតក​ពី​ឪពុក​ប្រមាណ​​ជាង ៤០០​លាន​ដុល្លារ​អាមេរិក ព្រោះ​តែ​ស្រលាញ់​បុរស​សាមញ្ញ​ម្នាក់។​

នាង Angeline Francis Khoo មាន​អាយុ ៣៤​ឆ្នាំ បាន​ប្រកាស​ថា នាង​​បាន​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ឪពុក​បង្កើត​លោក Tan Sri Khoo Kay Peng ដែល​ជា​ប្រធាន​ក្រុម​ហ៊ុន​សំលៀក​បំពាក់ Laura Ashley បន្ទាប់​ពី​គាត់​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​​បុរស​ដែល​​នាង​​រៀប​ការ​ជា​មួយ។

អ្នក​ស្នង​មរតក និង​ជា​​អ្នក​ឌីហ្សាញ​ម៉ូដ​សំលៀក​បំពាក់​រូប​នេះ ​ត្រូវ​គេ​រាយ​ការណ៍​ថា​ អាច​ទទួល​បាន​មរតក​ជាង ៤០៧​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​នាង​សុខ​ចិត្ត​បោះបង់​​ចោល ក្រោយ​ឪពុក​នាង​មិន​យល់​ព្រម​ឲ្យ​​ទៅ​រួម​រស់​ជាមួយ​បុរស​​នាង​ស្រលាញ់​។

នាង​បាន​ជ្រើស​រើស​ផ្លូវ​ដើរ​ចេញ​ពី​ឪពុក ក៏​ដូច​ជា​​​គ្រួសារ ព្រោះ​នាង​បាន​​ជាប់​ចិត្ត​ជាមួយ​បុរស​រស់​នៅ​តំបន់​ការ៉ាបៀន ដែល​បាន​ស្គាល់​គ្នា​អំឡុង​ពេល​សិក្សា​នៅ​សាកល​វិទ្យាល័យ Oxford ប្រទេស​អង់គ្លេស។ តាម​ប្រភព​​បុរស​រូប​នេះ​មាន​ឈ្មោះ Jedidiah Francis ជា​អ្នក​វិទ្យាសាស្ត្រ។

ចំណែក​ម្ដាយ​របស់​នាង​បាន​លែង​លះ​ជាមួយ​ឪពុក ហើយ​មាន​ការ​ប្ដឹង​ផ្ដល់​ជាង ៥ឆ្នាំ តែ​បាន​បញ្ចប់​​កាល​ពី​ខែ​មេសា​​ថ្មី​ៗ​ដោយ​តុលាការ​បង្គាប់​ឲ្យ​ឪពុក​នាង បង់​ប្រាក់​ឲ្យ​ម្ដាយ​នាង​ចំនួន ១១២​លាន​ដុល្លារ​ផង​ដែរ។

បច្ចុប្បន្ន​នាង Angeline បាន​រួម​រស់​ជាមួយ​ប្ដី​​នៅ​ទីក្រុង​ឡុងដ៍ និង​ម្ដាយ​បង្កើត​អាយុ ៧០​ឆ្នាំ។ ទោះ​យ៉ាង​ណា នាង​នៅ​តែ​បារម្ភ​ចំពោះ​សុខភាព​ឪពុក ហើយ​នាង​​សង្ឃឹម​ថា​ ​ថ្ងៃ​ណា​មួយ​ឪពុក​របស់​ខ្លួន​នឹង​ទទួល​ស្គាល់​នាង​វិញ៕