ខ្លោចចិត្តណាស់! ពេទ្យធ្វើតេស្តខុស ថានាងផ្ទុកមេរោគអេដស៍ ធ្វើឲ្យនាងរស់វេទនា១២ឆ្នាំ តែការពិត…

នារី​វ័យ​ក្មេង​​ម្នាក់​បាន​រស់នៅ​រងទុក្ខ​វេទនា​ផ្លូវ​ចិត្ត​​អស់​រយៈ​ពេល​១២​​ឆ្នាំ​ដោយ​សារ​​ការ​ធ្វើ​តេស្ត​ឈាម​លើក​ទី​១​បង្ហាញ​ថា នាង​​មាន​ផ្ទុក​​មេ​រោគ​អេដស៍​​ ប៉ុន្តែ​​ការ​​ធ្វើ​តេស្ត​​លើក​ទី​២​​នៅ​មន្ទីរ​ពេទ្យ​ Thai Red Cross Aids Research Centre ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បង្ហាញ​ថា នាង​គ្មាន​ផ្ទុក​​មេរោគ​អេដស៍​​ឡើយ។

នាង​ Suthida Saengsumat អាយុ​​២០​​ឆ្នាំ​​បាន​ទៅ​​ធ្វើ​តេស្ត​​មេ​រោគ​អេដស៍​ជា​​លើក​ទី​២​នៅ​មន្ទីរ​ពេទ្យ​​ខាង​លើ​​ក្នុង​​​ទី​ក្រុង​បាងកក​ ហើយ​ការ​ធ្វើ​តេស្ត​បាន​បង្ហាញ​ថា នាង​គ្មាន​​ផ្ទុក​មេ​រោគ​អេដស៍​ឡើយ។ លោក​វេជ្ជបណ្ឌិត​ Praphan Phanuphak ​ប្រធាន​មន្ទីរ​ពេទ្យ​ TRC-ARC ប្រាប់​សារព័ត៌មាន​ក្នុង​សន្តិសីទ​មួយ​ថា នាង​គ្មាន​ផ្ទុក​​មេ​រោគ​អេដស៍​ទេ

នាង​ Suthida ដែល​​បាន​ស្រក់​ទឹក​ភ្នែក​និង​​អរគុណ​ដល់​​​គ្រូ​ពេទ្យ​​បាន​និយាយ​ថា សង្គម​ឥឡូវ​គួរ​តែ​ឈប់​រើស​អើង​នាង​ទៀត​ទៅ​ ពី​ព្រោះ​នាង​គ្មាន​ផ្ទុក​​មេ​រោគ​អេដស៍​ឡើយ។ ម្តាយ​កូន​ពីរ​នាក់​និយាយ​ថា ៖«​កូន​ៗ​របស់​​ខ្ញុំ​ចាប់​ពី​ពេល​នេះ​ទៅ​ ពួក​​កូន​នឹង​មិន​​​អៀន​ខ្មាស​ទៀត​ទេ​ ឬ​ក៏​លាក់​លៀម​នឹង​ដ​ទៃ​។ យើង​រស់​នៅ​ជា​មួយ​គ្នា​វិញ។ យើង​នឹង​មិន​បែក​គ្នា​ទៀត​ឡើយ ពី​ព្រោះ​​ម៉ែ​គ្មាន​ផ្ទុក​មេ​រោគ​អេដស៍​»។

នាង​បាន​តេស្ត​មេ​រោគ​អេដស៍​នៅ​ពេល​នាង​មាន​អាយុ​៨​ឆ្នាំ។ គ្រូ​របស់​នាង​ជា​អ្នក​នាំ​ទៅ​ធ្វើ​តេស្ត​នៅ​មន្ទីរ​ពេទ្យ​នៅ​ខេត្ត​ Roi Et ​ដោយ​សារ​ម្តាយ​របស់​នាង​មាន​បញ្ហា​ស្បែក​ និងឪពុក​របស់​នាង​ស្លាប់​ដោយ​សារ​ជំងឺ​អេដស៍។ ពេល​នោះ​ការ​ធ្វើ​តេស្ត​បង្ហាញ​ថា នាង​មាន​​ផ្ទុក​មេ​រោគ​អេដស៍ ហើយ​ក៏​គ្មាន​ធ្វើ​តេស្ត​ជា​លើក​ទី​២​ឡើយ។ ១២ឆ្នាំ​ក្រោយ​មក​ទើប​នាង​បាន​ធ្វើ​តេស្ត​ឈាម​ជា​លើក​ទី​ពីរ ហើយ​ជា​លទ្ធផលរំភើប​រំជួល​ចិត្ត​ហួស​ពី​ការ​ស្មាន៕