ឈឺចិត្តចង់ហែកគុក ខឹងឪពុកម្ដាយ មិនមកលេង ទីបំផុត ម្ដាយមកទើបដឹងរឿងរ៉ាវ ដ៏រន្ធត់ចិត្ត

នេះ​គឺ​ជា​រឿង​ពិត​ពី​មាត់​អ្នក​ទោស​ម្នាក់​នៅ​ប្រទេស​ចិន ឈ្មោះ ចាង​ឈាង ដែល​បាន​ជាប់​ពន្ធនាគារ​ដោយ​សារ​ករណី​ចាប់​រំលោភ។ ពេល​ជាប់​ឃុំ​បាន​គម្រប់​មួយ​ឆ្នាំ ចាង​ឈាង ក៏​ភ្ញាក់​ខ្លួន​ថា​មួយ​ឆ្នាំ​កន្លង​មក​នេះ​គ្មាន​មិត្តភ័ក្ដិ​ឬ​សាច់​ញាតិ​ណា​ម្នាក់​មក​មើល​គេ​សូម្បី​តែ​ម្នាក់ ខុស​ពី​មិត្តភ័ក្ដិ​អ្នក​ទោស​ដទៃ​ទៀត​ដែល​មាន​អ្នក​មក​លេង​ជា​ប្រចាំ អ្នក​ខ្លះ​ក៏​មាន​ទាំង​ម្ហូប​អាហារ​ នំ​ចំណី របស់​របរ​ប្រើប្រាស់​ផ្សេង​ៗ​មក​ឲ្យ​ទៀត​ ធ្វើ​ឲ្យ ចាង មាន​អារម្មណ៍​តូច​ចិត្ត​នឹង​ឪពុក​ម្ដាយ​ខ្លួន​ឯង ទើប​សរសេរ​សំបុត្រ​ទៅ​ឲ្យ​ឪពុក​ម្ដាយ​ជា​ច្រើន​ច្បាប់ ប៉ុន្តែ​មិន​ដែល​ទទួល​បាន​សំបុត្រ​ឆ្លើយ​តប​ពី​ពួក​គាត់​សោះ។

ចាង គិត​ថា​គេ​ប្រាកដ​ជា​ត្រូវ​ឪពុក​ម្ដាយ​បោះបង់​ហើយ ដូច្នេះ​ក៏​សម្រេច​ចិត្ត​សរសេរ​សំបុត្រ​លា​ឪពុក​ម្ដាយ​ម្ដង​ទៀត​ជា​លើក​ចុង​ក្រោយ ដោយ​ប្រាប់​ថា​ប្រសិន​បើ​ពួក​គាត់​មិន​មក​រក​គេ​ទេ សំបុត្រ​មួយ​ច្បាប់​នេះ​ចាត់​ទុក​ថា​ជា​សំបុត្រ​ចុង​ក្រោយ​ហើយ​ ពុក​ម៉ែ​អាច​នឹង​លែង​បាន​ឃើញ​មុខ​កូន​ប្រុស​ម្នាក់​នេះ​ត​ទៀត​រហូត…

ការ​ពិត​​ទៅ​ ចាង និង​មិត្តភ័ក្ដិ​បាន​រួម​គំនិត​គ្នា​រៀប​ចំ​ផែន​ការ​រត់​ចេញ​ពី​គុក​មួយ​រយៈ​ហើយ គ្រាន់​តែ​គេ​មិន​ទាន់​ចូល​ដៃ​ធ្វើ ប៉ុន្តែ​នៅ​ពេល​ត្រូវ​ឪពុក​ម្ដាយ​បោះបង់​បែប​នេះ ធ្វើ​ឲ្យ​គេ​គិត​ថា​លែង​មាន​អ្វី​ត្រូវ​បារម្ភ​ឬ​ខ្វល់ខ្វាយ​ទៀត​ហើយ។ គេ​ក៏​សម្រេច​ចិត្ត​នឹង​ហែក​គុក​ចេញ​ឲ្យ​បាន​ឆាប់ ប៉ុន្តែ​មុន​ ចាង និង​មិត្តភ័ក្ដិ​ចាប់​ផ្ដើម​ដំណើរការ​ផែនការ ម្ដាយ​របស់ ចាង​ ក៏​លេច​មុខ​មក​ជួប​កូន​ល្មម។

នៅ​ពេល​​បាន​ជួប​នឹង​ម្ដាយ ដែល​មិន​បាន​ឃើញ​មុខ​គ្នា​ពេញ​មួយ​ឆ្នាំ គេ​ក៏​ចាំ​ម្ដាយ​ស្ទើរ​មិន​បាន ម្ដាយ​គេ​ផ្លាស់​ប្ដូរ​ច្រើន​ខ្លាំង​ណាស់ សក់​របស់​គាត់​ប្រែ​ជា​ស្កូវ​ស​ពេញ​ក្បាល ទាំង​អាយុ​ទើប​តែ​៥០ឆ្នាំ​ជាង​ប៉ុណ្ណោះ ថែម​ទាំង​មាន​រាង​ស្គម​កំព្រឹង​ សំលៀកបំពាក់​ជាប់​ខ្លួន​ចាស់ ដាច់​រហែក​រយ៉ៃ ស្បែក​ជើង​សឹក​ស្ទើរ​តែ​ពាក់​លែង​កើត។ សភាព​ម្ដាយ​របស់​ចាង​នៅ​ពេល​នោះ​គឺ​មិន​ខុស​ពី​ជន​អនាថា​ឬ​អ្នក​សុំ​ទាន​តាម​ផ្លូវ​នោះ​ឡើយ។

នៅ​ពេល​ពីរ​នាក់​ម្ដាយ​កូន​បាន​មក​អង្គុយ​ជាមួយ​គ្នា​ក្នុង​បន្ទប់​សួរ​សុខ​ទុក្ខ​អ្នក​ទោស នៅ​សុខ​ៗ ទឹក​ភ្នែក​ក៏​ហូរ​ចេញ​មក​លើ​ផ្ទៃ​មុខ​ម្ដាយ​របស់ ចាង។ ម្ដាយ​និយាយ​ថា “ម៉ែ​បាន​ទទួល​សំបុត្រ​កូន​ហើយ កុំ​យក​ទោស​យក​ពៃរ៍​​ម៉ែ​អី​​ដែល​ម៉ែ​មិន​មក​មើល​ឯង ពេល​នេះ​ពុក​ឯង​ឈឺ​ធ្ងន់​ណាស់ ម៉ែ​ត្រូវ​មើល​ថែ​ពុក​ឯង គុក​នេះ​ក៏​នៅ​ឆ្ងាយ​ពី​ផ្ទះ​យើង​ទៀត…”

នាយ​ចាង​សង្កេត​ឃើញ​បាត​ជើង​របស់​ម្ដាយ​ពោរពេញ​ទៅ​ដោយ​ស្នាម​របួស និង​មាន​ឈាម​ចេញ ព្រម​ទាំង​ដូច​ជា​ហើម​ទៀត គេ​ក៏​បាន​សួរ​ម្ដាយ​ថា “ម៉ែ… ជើង​ម៉ែ​កើត​អី? ម៉ែ​ធ្វើ​អ្វី​ខ្លះ​បាន​ជា​មើល​ទៅ​ទ្រុឌទ្រោម​យ៉ាង​នេះ??”

ភ្លាម​នោះ​អ្នក​យាម​គុក​ក៏​ឆ្លើយ​ឡើង​ថា “ម្ដាយ​​ឯង​ដើរ​មក​ពី​ផ្ទះ​រាប់​រយ​គីឡូ ស្បែក​ជើង​ក៏​ត្រូវ​មាន​សភាព​បែប​នេះ​ហើយ”។ ចាង​ស្លុត​ចិត្ត​ជា​ខ្លាំង​ដែល​ដឹង​ថា​ម្ដាយ​ដើរ​មក ដោយ​ចម្ងាយ​ផ្លូវ​ពី​ផ្ទះ​មក​ដល់​ពន្ធនាគារ​នេះ​សរុប​គ្នា​គឺ​​ចូល​ខ្ទង់​រយ​គីឡូ​ម៉ែត្រ ថែម​ទាំង​ជា​ផ្លូវ​ចុះ​ភ្នំ​ឡើង​ភ្នំ​ថែម​ទៀត។ ចាង ចាប់​ផ្ដើម​រលីងរលោង​ទឹក​ភ្នែក​ សម្លឹង​មើល​ជើង​របស់​ម្ដាយ ហើយ​ក៏​និយាយ​ថា “ម៉ែ ហេតុ​អី​​ម៉ែ​មិន​ជិះ​ឡាន​ឈ្នួល​មក ហើយ​ហេតុ​អី​បាន​ពាក់​តែ​ស្បែក​ជើង​មួយ​គូ​អីចឹង?”

ម្ដាយ​ចាង​ប្រញាប់​ដក​ជើង​លាក់​ក្រោម​តុ ហើយ​ក៏​និយាយ​ថា “មិន​បាច់​ជិះ​ឡាន​អី​មក​ទេ គ្រាន់​តែ​ដើរ​មក​បាន​ហើយ ឆ្នាំ​នេះ​មាន​ជំងឺ​ឆ្លង​ ជ្រូក​ដែល​ផ្ទះ​យើង​ចិញ្ចឹម​ទុក​ងាប់​អស់ ចំណែក​ពុក​ឯង​ឈឺ​ធ្ងន់ ម៉ែ​ត្រូវ​ចំណាយ​លុយ​ច្រើន​ដើម្បី​ព្យាបាល​គាត់ ពុក​ឯង​សុខភាព​មិន​សូវ​មាំទាំ​ទេ​ទើប​មិន​បាន​មក​រក​ឯង​ថ្ងៃ​នេះ ការ​ពិត​ពុក​ម៉ែ​ចង់​មក​លេង​កូន​យូរ​ហើយ តែ​ដោយ​សារ​លុយ​មិន​គ្រប់ កូន​កុំ​ទាន់​អាល​ខឹង​ពុក​ម៉ែ…”

ចាង​ក៏​សួរ​ថា “ចុះ​ពុក​ពេល​នេះ​យ៉ាង​ម៉េច​ហើយ?” ម្ដាយ​របស់​គេ​ស្ងាត់​មួយ​ស្របក់​ ទើប​និយាយ​មួយ​ៗ​ថា “ពុក​ជិត​ជា​ហើយ គាត់​ផ្ដាំ​ឲ្យ​មក​ប្រាប់​ថា​មិន​បាច់​បារម្ភ​ពី​គាត់​ច្រើន​ទេ ឲ្យ​ឯង​មើល​ថែ​ខ្លួន​​និង​ពិចារណា​កំហុស​ដែល​ឯង​បាន​ធ្វើ​ឲ្យ​បាន​ល្អ​ទៅ​បាន​ហើយ”។

​ភ្លាម​នោះ​សំឡេង​ជួង​ក្រៅ​បន្ទប់​ក៏​បន្លឺ​ឡើង​បញ្ជាក់​ថា ពេល​វេលា​សួរ​សុខទុក្ខ​អ្នក​ទោស​អស់​ហើយ ឆ្មាំ​គុក​ក៏​ចូល​មក​តឿន​អ្នក​ទាំង​ពីរ​ឲ្យ​ចាក​ចេញ ដោយ​និយាយ​ថា “មិន​បាច់​យំ​សោក​ទេ​យាយ ម្ដាយ​មក​មើល​កូន​ជា​រឿង​ល្អ​តើ ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​ទៅ នេះ​ជា​ស្បែក​ជើង​សម្រាប់​ថ្មី​ដែល​ពួក​ខ្ញុំ​ត្រៀម​ឲ្យ​ ពាក់​ស្បែក​ជើង​នេះ​ពេល​ទៅ​ផ្ទះ កុំ​បណ្ដោយ​ឲ្យ​ជើង​ឈឺ​អីចឹង ហើយ​វេច​អី​មក​ផ្ញើ​កូន​ច្រើន​ម្ល៉េះ ច្រើន​គួរ​ឲ្យ​សង្ស័យ​ណាស់ ​ឲ្យ​ខ្ញុំ​សុំ​ឆែក​មើល​បន្តិច​សិន…”។

អ្នក​យាម​គុក​និយាយ​មិន​ទាន់​ចប់​ផង រំពេច​នោះ​បង្វេច​ចាស់​ជាប់​ខ្លួន​របស់​លោក​យាយ​ក៏​ធ្លាក់​ខ្ចាយ​លើ​កម្រាល​ឥដ្ឋ។ ម្ហូប​អាហារ​ក្នុង​នោះ​ហាក់​មើល​មិន​យល់​ថា​អ្វី​ជា​អ្វី និង​មាន​ទាំង​អាហារ​កំប៉ុង​បន្តិច​បន្តួច ដែល​មិន​បាច់​ប្រាប់​ក៏​អាច​ដឹង​ថា​ អាហារ​ចាស់​ៗ​ទាំង​នេះ ម្ដាយ​ចាង​បាន​រើស​តាម​ផ្លូវ និង​តាម​ធុង​សំរាម។ ក្នុង​នោះ​ក៏​មាន​ក្រឡ​កែវ​ថ្លា​មាន​ដាក់​អ្វី​ម្យ៉ាង​ដូច​ជា​ដី​ខ្សាច់​នៅ​ខាង​ក្នុង​ធ្លាក់​មក​ជាមួយ​ផង។ ម្ដាយ​ចាង​ក៏​ប្រញាប់ប្រញាល់​​រើស​ក្រឡ​នោះ​មក​ឱប។ ឆ្មាំ​គុក​ឃើញ​ដូច្នេះ​ក៏​សួរ​ថា “យាយ ក្នុង​ក្រឡ​នេះ​មាន​អី?” ម្ដាយ​ចាង​និយាយ​ថា​គ្មាន​អ្វី​ទេ។

តែ​ភ្លាម​នោះ​ម្ដាយ​ចាង​ក៏​ទ្រោប​ខ្លួន​អង្គុយ​លើ​ឥដ្ឋ និង​និយាយ​ទាំង​យំ​ថា “នេះ​គឺ​ធាតុ​របស់​ពុក​ឯង ពុក​ឯង​ធ្វើ​ការ​ធ្ងន់​ណាស់​ដើម្បី​សន្សំ​លុយ​ទុក​ធ្វើ​ដំណើរ​មក​មើល​ឯង គាត់​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​រហូត​ឈឺ​ស្លាប់​ប៉ុន្មាន​ខែ​មុន​នេះ… មុន​ស្លាប់​គាត់​បាន​ប្រាប់​​ឲ្យ​យក​ធាតុ​គាត់​មក​លេង​ឯង​ផង ចាត់​ទុក​ថា​ជា​ការ​សួរ​សុខ​ទុក្ខ​លើក​ចុង​ក្រោយ ពុក​ឯង​ទៅ​ដល់​សុគតិភព​ហើយ…”។

ចាង​ទន់​ខ្លួន​ លត់​ជង្គង់​ចុះ​លើ​កម្រាល​ឥដ្ឋ​ ហើយ​និយាយ​ថា “ពុក​អ្ហើយ កូន​នឹង​កែ​ខ្លួន!!” ចាង​និយាយ​តែ​ពាក្យ​ដដែល​ៗ​ជា​ច្រើន​ដង ព្រម​ទាំង​ស្រែក​យំ​ឮ​ៗ សំឡេង​របស់​គេ​លាន់​រំពង​ពេញ​ពន្ធនាគារ។

តម្លៃអប់រំរឿង៖ មិន​ថា​កូន​ធ្លាប់​ធ្វើ​ខុស​យ៉ាង​ណា ប៉ុន្តែ​ក្ដី​ស្រឡាញ់​ពី​អ្នក​ជា​ឪពុក​ម្ដាយ​ក៏​មិន​មាន​ថ្ងៃ​ប្រែប្រួល មិន​ថា​យ៉ាង​ណា អ្នក​នៅ​តែ​ជា​កូន​របស់​ពួក​គាត់… ពេល​ខ្លះ… អ្នក​អាច​មាន​អារម្មណ៍​ធុញ​ទ្រាន់​​នឹង​សំឡេង​រអ៊ូ​របស់​ពួក​គាត់ ពេល​ខ្លះ… ពួក​គាត់​អាច​នឹង​និយាយ​ច្រើន លើសលស់​បន្តិច តែ​ត្រូវ​ចាំ​ទុក​ថា​នៅ​លើ​លោក​នេះ មិន​មាន​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ​បាន​ស្មើ​ពួក​គាត់​នោះ​ឡើយ ដូច្នេះ​​មុន​ដាក់​ចិត្ត​ធ្វើ​អ្វី​មួយ​មិន​ល្អ សូម​គិត​ដល់​ពួក​គាត់ ព្រោះ​ថា​បើ​អ្នក​បំផ្លាញ​ខ្លួន​ឯង ក៏​មិន​ខុស​ពី​បំផ្លាញ​ទឹក​ចិត្ត និង​ជីវិត​ទាំង​មូល​របស់​ពួក​គាត់​ដូច្នោះ​ដែរ៕

 

គ្រូពេទ្យ និងប្ដី ប្រាប់ឲ្យបោះកូនពិការចោល ម្ដាយថា «ទេ» ដល់កូន​ធំឡើង ដូចជួបអភ្ភូតហេតុ ធ្លាក់ពីលើមេឃ

ម្ដាយ​វ័យ​ក្មេង​រស់​នៅ​​ប្រទេស​ចិន​ម្នាក់ បាន​ជួយ​កូន​ប្រុស​ពិការ​របស់​ខ្លួន ពុះពារ​ជម្នះ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ជីវិត​រស់​នៅ​។ គាត់​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង រហូត​បាន​ជួយ​កូន​ប្រុស ឲ្យ​ចូល​រៀន​នៅ​សកលវិទ្យាល័យ​​ល្បី​លំដាប់​ពិភព​លោក​ Harvard University នៅ​អាមេរិក​ថែម​​ផង។

អ្នកស្រី Zou Hongyan មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​ថា Ding Ding ដោយ​រូបគេ​ស្ទើរ​តែ​ថប់​ដង្ហើម​ស្លាប់ នៅ​ពេល​ឆ្លង​ទន្លេ (ពិបាក​កើត) កាល​ពី​ឆ្នាំ​១៩៨៨។ ​ទោះ​បី​ជាគេ​អាច​រស់​រាន​មាន​ជីវិត ប៉ុន្តែ Ding បាន​កើត​មាន​ជំងឺ​ពិការ​ខួរក្បាល និង​រាងកាយ។

ក្រុម​គ្រូពេទ្យ នៅ​ក្នុង​ខេត្តហ៊ូបេ បាន​ប្រាប់​​ឲ្យ​អ្នក​ស្រី Zou បោះបង់​កូន​ប្រុស​ចោល ដោយសារ​តែ​រូបគេ នឹង​ក្លាយ​ជា​មនុស្ស​គ្មាន​តម្លៃ ព្រោះ​ខ្សោយ​​បញ្ញា ឬ​អាច​ពិការ​អស់​មួយ​ជីវិត។ លើស​ពី​នេះ ប្ដី​​អ្នក​ស្រីក៏​​ប្រាប់​អ្នក​ស្រី​ថា កូន​​នេះ​នឹង​ក្លាយ​ជា​បន្ទុក​កាន់​តែ​ធ្ងន់​សម្រាប់​គ្រួសារ​ជាក់​ជា​មិន​ខាន​។ តែ​​​យ៉ាង​ណា អ្នកស្រី Zou ​មិនដាច់​ចិត្ត​នៅ​តែ​ទទូច​សុំ​ចិញ្ចឹម​​កូន​ប្រុស រហូត​​ធ្វើ​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ ឈាន​ដល់​ការ​លែងលះ​គ្នា។

ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ អ្នកស្រី Zou ត្រូវ​បង្ខំចិត្ត​ធ្វើ​ការងារ​ជាច្រើន ដើម្បី​ទ្រទ្រង់​គ្រួសារ និង ព្យាបាល​កូន​ប្រុស។ អ្នក​ស្រី​បាន​ធ្វើ​ការ​ពេញ​ម៉ោង នៅ​ឯ​មហាវិទ្យាល័យ​មួយ ក្នុង​ទីក្រុង Wuhan និង​ធ្វើការ​ក្រៅ​ម៉ោង ជា​អ្នក​បង្វឹក​ពិធីការ (Protocol Trainer) ព្រម​ទាំង​ធ្វើ​ជា​អ្នក​លក់​ធានា​រ៉ាប់រង ទៀត​ផង។

អ្វី​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង​នោះ​គឺ អ្នក​ស្រី​បាន​រិះរក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​កែប្រែ​វាសនា​កូន​ប្រុស រហូត​​​ចែក​ពេល​វេលា​នាំ​កូនប្រុស​ទៅ​ហ្វឹកហាត់​​កាយ​សម្បទាជា​ទៀត​ទាត់ ហើយ​ក៏​បាន​រៀន​ម៉ាស្សា​ដែរ ដូច្នេះ​អ្នក​ស្រី​អាច​ម៉ាស្សា​ឲ្យ​កូន​ប្រុស​ផ្ទាល់​តែម្ដង។ អ្នកស្រី Zou ថែម​ទាំង​លេង​ហ្គេម​រំញោច​ខួរក្បាល និង​ហ្គេម​ផ្គុំ​រូប ជាមួយ Ding ដើម្បី​ជួយ​ជំរុញ​ប្រាជ្ញា​កូនប្រុស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ។

លើស​ពី​នេះ​ អ្នក​ស្រី​បាន​​ខិតខំ​តស៊ូ​​ឲ្យ​កូនបាន​ចូល​រៀន​ចេះ​ដឹង​នឹង​គេ ដើម្បី​យក​ឈ្នះ​ពិការភាព ឬ​បញ្ញា​ខ្សោយ​ពី​កំណើត​ និង​​​របៀប​រស់​នៅ​​សព្វ​​ថ្ងៃ។ Ding មាន​បញ្ហា​លើ​ការ​ធ្វើ​ចលនា​ដៃ និង​មិន​អាច​ចាប់​កាន់​ចង្កឹះ​បាន ដូច្នេះ​អ្នកស្រី Zou បាន​បង្រៀន​រូបគេ​ឲ្យ​ចេះ​ប្រើ​។

អ្នក​ស្រី Zou រៀប​រាប់​ថា «ខ្ញុំ​មិន​ចង់​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ខ្មាសអៀន ដោយសារ​បញ្ហា​រាងកាយ​ឡើយ… ដោយសារ​តែ​គេ​មាន​បញ្ហា​ច្រើន​កន្លែង ដូច្នេះ​ខ្ញុំ​មាន​ការ​តឹង​រឹង​ណាស់​ទៅ​លើ​រូបគេ ដើម្បី​ឲ្យ​គេ​ខំ​ប្រឹង​ធ្វើ​អ្វី​មួយ​ដែល​លំបាក»។

ពេល​វេលា​ចេះ​តែ​កន្លង​ទៅ​ច្រើន​ឆ្នាំ Ding បាន​ធំ​ពេញ​រូប​ពេញ​រាង និង​រៀន​សូត្រ​​ច្រើន​ រហូត​អាច​កែ​ប្រែ​វាសនា​បាន​ស្ទើរ​ទាំង​ស្រុង។ ស្ថិត​ក្នុង​វ័យ​ ២៩​ឆ្នាំ Ding បាន​ដឹង​គុណ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​ស្រលាញ់ និង​ការ​លះបង់​របស់​ម្ដាយ ដែល​បាន​ជួយ​រូបគេ ឲ្យ​ទទួល​បាន​ជោគជ័យ បើ​ទោះ​បី​ជា​ពិការ​រាងកាយ​ក៏​ដោយ។ តាមរយៈ​ការ​ណែនាំ​ពី​ម្ដាយ Ding បាន​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម​ជាច្រើន ហើយ​ថែម​ទាំង​ក្លាយ​ជា​សិស្ស​ពូកែ​ទៀត​ផង។

នៅ​ក្នុង​ឆ្នាំ​ ២០១១ លោក Ding បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាលា​វិទ្យាសាស្ត្រ និង​វិស្វកម្ម​បរិស្ថាន Environmental Science and Engineering School នៃ​សកលវិទ្យាល័យ Peking University។ បន្ទាប់មក លោក​បាន​បន្ត​រៀន​ថ្នាក់​អនុបណ្ឌិត នៅ​ឯ​សាលា​ច្បាប់ International Law School។ ក្រោយមក លោក​បាន​ធ្វើ​ការ​រយៈ​ពេល​២​ឆ្នាំ ដើម្បី​ជួយ​សម្រួល​បន្ទុក​ម្ដាយ។

លោក Ding បាន​និយាយ​ថា «ខ្ញុំ​មិន​ដែល​ហ៊ាន​ដាក់​ពាក្យ​សុំ​ចូល​រៀន​នៅ​សកលវិទ្យាល័យ Harvard ទេ ប៉ុន្តែ​ម្ដាយ​របស់​ខ្ញុំ​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​សាកល្បង។ រាល់​ពេល​ដែល​ខ្ញុំ​ស្ទាក់ស្ទើរ​ចិត្ត គាត់​តែងតែ​ណែនាំ​ខ្ញុំ រហូត​បាន​ចូល​រៀន​កាល​ពី​ឆ្នាំ ២០១៦​»៕

លួចស្រលាញ់មិត្តរួមថ្នាក់ ​រហូតបបួលទៅមើលកុន ពេលឃើញធាតុពិតនាង ស្ទើរ​ក្អួតឈាម

ខ្ញុំ​និង​នាង​រៀន​ថ្នាក់​ជាមួយ​គ្នា ពេល​ដែល​ខ្ញុំ​ជួប​នាង​ដំបូង​ៗ ដូច​ជា​មិន​សូវ​ហ៊ាន​និយាយ​​រក​នាង​ទេ ព្រោះ​​អត់​ហ៊ាន​ ហើយ​ណាមួយ​នាង​មាន​មិត្តភ័ក្ដិ​ជា​ច្រើន​ដើរ​ជាមួយ​ទៀត។ ក្នុង​ថ្នាក់​លោក​គ្រូ​តែង​តែ​បង្អាប់​នាង​ថា​ ចរិត​ប្រុស សូម្បី​តែ​មិត្តភ័ក្ដិ​នាង​ក៏​ចូល​ដៃ​ចូល​ជើង​បង្អាប់​នាង​ដែរ ហើយ​នាង​បាន​ត្រឹម​តែ​សើច​ រក​តប​ត​នឹង​គេ​មិន​កើត។ ត្រង់​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​អាណិត​នាង​ទ្វេ​ឡើង! រៀន​ជាមួយ​គ្នា​ជិត​មួយ​ឆ្នាំ ទើប​ខ្ញុំ​បាន​ស្គាល់​Facebook ​​នាង តាម​រយៈ​មិត្តភ័ក្ដិ​របស់​នាង​ម្នាក់​ទៀត។ ពេល​ដែល​នាង​ confirm ហើយ​ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ឆាត​ទៅ​លេង​នាង​។

ស្វាគមន៍​ដំបូង​ខ្ញុំ​ហៅ​នាង​អាប្រុស… នាង​ក៏​មិន​ខឹង​ហើយ​ក៏​ឆាត​និយាយ​លេង​ជាមួយ​ខ្ញុំ​ធម្មតា។ កាល​នោះ​ខ្ញុំ​មិន​ហ៊ាន​បញ្ចេញ​អារម្មណ៍​ខ្ញុំ​ឱ្យ​នាង​ដឹង​ទេ។ លុះ​ដល់​ពេល​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​តាម​ខេត្ត​ទើប​ខ្ញុំ​​ ដាច់​ចិត្ត​ប្រាប់​នាង​នូវ​អារម្មណ៍​ខ្ញុំ​។ នាង​មិន​ថា​ Yes ក៏​មិន​ថា​ No ដែរ​ ដូច្នេះ​ខ្ញុំ​ក៏​បបួល​នាង​ទៅ​មើល​កុន​ពេល​ចេញ​ពី​រៀន​ ព្រោះ​ចង់​ស្វែង​យល់​ចិត្ត​គ្នា។ នាង​ក៏​ប្រាប់​ថា​ព្រម​ទៅ តែ​នាំ​មិត្តភ័ក្ដិ​នាង​ម្នាក់​ទៅ​ដែរ។ ឮ​ហើយ​រាង​អន់​ចិត្ត​បន្តិច​ដែរ នាង​មិន​ទុក​ចិត្ត​ខ្ញុំ​ទេ​ដឹង?

តែ​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​ព្រម​តាម​នាង។ លុះ​ស្អែក​ឡើង​មក​ដល់ ពេល​ចេញ​ពី​រៀន​ មិត្តភ័ក្ដិ​នាង​ក៏​​ដេញ​ឱ្យ​នាង​ជិះ​ម៉ូតូ​ជាមួយ​ខ្ញុំ​ ទើប​នាង​ព្រម​ជិះ។ នៅ​តាម​ផ្លូវ​នាង​អត់​និយាយ​អ្វី​ទេ… សូម្បី​តែ​មើល​កុន​រឿង​កំប្លែង​ក៏​នាង​មិន​ឮ​មាត់​សើច​ដែរ។ មើល​ចប់​ខ្ញុំ​ចង់​បបួល​នាង​ញ៉ាំ​អី​តែ​នាង​ថា​ មិត្តភ័ក្ដិ​នាង​ប្រញាប់​ទៅ​ផ្ទះ ​នាង​ត្រូវ​ជូន​មិត្តភ័ក្ដិ​ទៅ​ផ្ទះ​វិញ​ ដូច្នេះ​ខ្ញុំ​ក៏​សុំ​ជូន​នាង​ត្រឹម​សាលា​វិញ នាង​ក៏​ព្រម។

ពេល​មក​ដល់​សាលា​ ក៏​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​បែក​ពី​នាង​មួយ​រយៈ​ធំ​ដែរ នាង​គ្រាន់​តែ​ជូន​ពរ​ខ្ញុំ​ខ្លី​ថា «សំណាង​ល្អ!» រួច​ក៏​ឡើង​ម៉ូតូ​ជាមួយ​មិត្តភ័ក្ដិ​នាង​ទៅ​បាត់​ទៅ។ ពេល​ទៅ​ដល់​កំពង់សោម ខ្ញុំ​នៅ​តែ​រក្សា​ទំនាក់​ទំនង​នឹង​នាង​តាម​រយៈ​ឆាត ហើយ​នាង​នៅ​តែ​រាប់​អាន​ខ្ញុំ​ធម្មតា។ តែ​ប្រហែល​ជា​ពីរ​ខែ​ក្រោយ​មក​ ខ្ញុំ​ឆាត​ទៅ​ នាង​មិន​ seen មិន​ reply សោះ​ ឯ​ timeline របស់​នាង​ក៏​មិន​ឃើញ​ផុស​អ្វី​ថ្មី​ឡើយ។

ខ្ញុំ​ក៏​ឆាត​សួរ​មិត្តភ័ក្ដិ​នាង​គឺ​ម្នាក់​ស្រី​ ដែល​ទៅ​មើល​កុន​ជាមួយ​លើក​មុន។ នាង​ក៏​ផ្ញើ​ link ឱ្យ​ហើយ​ប្រាប់​ខ្ញុំ​ឱ្យ​មើល​ខ្លួន​ឯង​ទៅ។ ខ្ញុំ​ចុច​តាម​ link នោះ ហើយ​អ្វី​ដែល​ខ្ញុំ​ឃើញ​គឺ​ស្ទើរ​ក្អួត​ឈាម… នារី​ដែល​ខ្ញុំ​តាម​ស្រឡាញ់​ប្ដូរ​ពី​មនុស្ស​ស្រី​​ទៅ​ជា​ប្រុស​ប្រភេទ​ស្លុយ​ម្នាក់​ទៅ​វិញ! ខ្ញុំ​ស្ទើរ​មិន​ជឿ​សោះ​ឡើយ!

មិន​តែ​ប៉ុណ្ណោះ​ខ្ញុំ​ឃើញ​ cover របស់​​នាង​ដាក់​រូប​ជាមួយ​ស្រី​ស្អាត​ម្នាក់​ ថត​របៀប​ស្និត​ស្នាល​លើស​ពី​មិត្តភ័ក្ដិ​ស្រី​នឹង​ស្រី។ ចំណែក​រូប​ដែល​នាង​ធ្លាប់​ផុស​វិញ​ នាង​ដាក់​captionថា​ «with p’pun ml» (មានន័យ​ថា​ជាមួយ​ប្រពន្ធ​សម្លាញ់)។ នាង​ពិត​ជា​ដូច​ដែល​លោក​គ្រូ​នឹង​មិត្តភ័ក្ដិ​បង្អាប់​មែន! ខ្ញុំ​បាន​ add friend ទៅ​នាង​ ព្រោះ​មាន​កូន​ចិត្ត​មួយ​គិត​ថា​នាង​ធ្វើ​លេង នាង​មិន​មែន​ស្រី​ស្រឡាញ់​ស្រី​ទេ! នាង​មិន​ confirm តែ​​បី​ថ្ងៃ​ក្រោយ​នាង​បាន​ឆាត​មក​ថា​ «សុំ​ទោស​ដែល​ខ្ញុំ​មិន​ប្រាប់​ការ​ពិត​… តែ​កាត់​ចិត្ត​ទៅ​ ខ្ញុំ​មាន​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ហើយ!» ខ្ញុំ​អាន​ហើយ​ស្ទើរ​ក្អួត​ឈាម​ ខំ​សួរ​ទៅ​នាង​ថា តើ​នាង​ខូច​ចិត្ត​ដោយ​សារ​អ្នក​ណា ម៉េច​ក៏​ក្លាយ​ខ្លួន​ទៅ​ជា​អ៊ីចឹង?

នាង​មិន​តប​ទេ​ ថែម​ទាំង ​blockខ្ញុំ​ចោល​ទៀត! ខ្ញុំ​បាន​ឆាត​ទៅ​ម្នាក់​ស្រី​ដែល​ជា​មិត្ត​របស់​នាង​ថា នាង​ក្លាយ​ជា​បែប​នេះ​យូរ​នៅ? ម្នាក់​ស្រី​នោះ​ថា តាំង​ពី​ដើម​មក​គឺ​នាង​បែប​នេះ​ឯង ឯ​កាល​ដែល​នាង​ទៅ​មើល​កុន​ជាមួយ​ខ្ញុំ​ ព្រោះ​នាង​ចង់​សាក​ចិត្ត​ខ្លួន​ឯង​ ក៏​ចង់​ផ្លាស់​ប្ដូរ​ តែ​នាង​ថា​គ្មាន​អារម្មណ៍​ជាមួយ​មនុស្ស​ប្រុស​ទេ។

ចប់​ហើយ! ក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​បាន​ទុក​នៅ​នាង​ ត្រូវ​បាន​នាង​បដិសេធ​យ៉ាង​ចុក​ឈាម​… ដូច្នេះ​ខ្ញុំ​មាន​តែ​ជូន​ពរ ទោះ​នាង​ស្រឡាញ់​មនុស្ស​ប្រុស​ឬ​ស្រី​ក៏​ដោយ​ សូម​ឱ្យ​ស្រឡាញ់​គ្នា​ឱ្យ​បាន​យូរ​អង្វែង ចាត់​ទុក​ថា​យើង​មិន​ដែល​ស្គាល់​គ្នា​ទៅ​ចុះ! (រឿង​ពិត​របស់​យុវជន​ម្នាក់​)