Home / សង្គម / ច្រណែនគ្រួសារគេបានសុខ ឲ្យប្ដីទៅលបមើល ស្រាប់តែឃើញ​រឿង នឹកស្មានមិនដល់

ច្រណែនគ្រួសារគេបានសុខ ឲ្យប្ដីទៅលបមើល ស្រាប់តែឃើញ​រឿង នឹកស្មានមិនដល់

មាន​គ្រួសារ​ពីរ​ ​រស់​នៅ​​ក្បែរ​គ្នា​ជា​យូរ​មក​ហើយ ដោយ​គ្រួសារ​មួយ​តែង​តែ​ឈ្លោះ​គ្នា​ជា​ប្រចាំ​កម្រ​មាន​ថ្ងៃ​​ណា​ផ្អែម​ល្ហែម​​ជា​មួយ​គ្នា​ណាស់ ឯ​គ្រួសារ​មួយ​ទៀត​​រស់នៅ​​បែប​ស្ងប់​ស្ងាត់ និង​​មាន​សុភមង្គល​​មិន​ដែល​ឮ​​សម្ដី​​តូច​សម្ដី​ធំ​ដាក់​គ្នា​ទេ។

ថ្ងៃ​មួយ ​​គ្រួសារ​​​ឧស្សាហ៍​បង្ក​ជម្លោះ​​ មាន​អារម្មណ៍​ច្រណែន​​នឹង​​​បរិយាកាស​​ក្នុង​​គ្រួសារ​ស្ងប់​ស្ងាត់​ ដោយ​​ប្រពន្ធ​បាន​​ប្រាប់​​ប្ដី​ថា “​សាក​ទៅ​លួច​មើល​គ្រួសារ​ជាប់​​ផ្ទះ​យើង​មើល៍ ​មូល​ហេតុ​អ្វី​​បាន​ជា​គ្រួសារ​​គេ​នោះ​​មិន​ដែល​ឮ​មាត់​ឈ្លោះ​គ្នា ហើយ​​រីក​រាយ​​រហូត​អីចឹង”?

ឮ​ដូចនេះ​​ប្ដី​បាន​ធ្វើ​តាម ​ដោយ​នៅ​ថ្ងៃ​បន្ទាប់​​គាត់​លប​ចូល​​ក្នុង​ផ្ទះ​ពួន​​សម្ងំ​ចាំ​មើល តើ​​ប្ដី​​ប្រពន្ធ​​មួយ​គូ​នេះ​​ធ្វើ​អ្វី​ខ្លះ? ទី​បំផុត​​គាត់​បាន​​ឃើញ​មែន​ គឺ​ស្ត្រី​ម្នាក់​កំពុង​បោស​ជូត​សម្អាត​​កម្រាល​ឥដ្ឋ​​ក្នុង​បន្ទប់​យ៉ាង​ស្ងៀម​ស្ងាត់​។ រំពេច​​នោះ នាង​​បាន​ឮ​សំឡេង​​អ្វី​ម្យ៉ាង​នៅ​ក្នុង​ផ្ទះ​បាយ​ រួច​ក៏​​​រត់​ទៅ​មើល​​ភ្លាម​។ ​ស្រប​ពេល​ជា​មួយ​គ្នា​​​នោះ ​គាត់​បាន​ឃើញ​ប្ដី​​របស់​នាង​​​ដើរ​​ចូល​បន្ទប់​​យ៉ាង​ប្រញាប់ ​ដោយ​មិន​បាន​មើល​​ធុងទឹក​​​​ជូត​​ឥដ្ឋ​ ក៏​ច្រឡំ​ដើរ​ទាត់​កំពប់​ទឹក​​បាច​សាច​ពេញ​បន្ទប់​។

​​បន្ទាប់​មក ​ស្ត្រី​​ជា​​ប្រពន្ធ​​បាន​ឮ​​សំឡេង​ប្ដី​​ទាត់​ធុង​ទឹក​ក៏​ប្រញាប់​ដើរ​ចេញ​​ពី​ផ្ទះ​បាយ​វិញ​ ​រួច​និយាយ​​ទៅ​កាន់​ប្ដី​ថា​ ” ខ្ញុំ​សុំ​ទោស លោក​ប្ដី​! ​វា​ជា​កំហុស​របស់ខ្ញុំ​​ ​ព្រោះ​​​ខ្ញុំ​មិន​បាន​​យក​ធុង​ទឹក​ចេញ​ពី​ផ្លូវ​ដើរ រវល់​តែ​ទៅ​ផ្ទះ​បាយ​បន្តិច​។”

ប្ដី​​តប​វិញ​ថា​៖”ទេ​​ទេ! ​បង​​សុំ​ទោស​​ ប្រពន្ធ​សម្លាញ់! ​វា​ជា​កំហុស​របស់​​បង​​ទៅ​វិញ​ទេ ​ព្រោះ​បង​ដើរ​​មិន​បាន​​ចាប់​អារម្មណ៍​​មិញ​នេះ។”

​ចំណែក​បុរស​មក​លួច​​មើល ​​ឃើញ​រឿងរ៉ាវ​ហើយ​​បាន​ត្រលប់​​ទៅ​ផ្ទះ​វិញ​​តាម​បង្គាប់​ប្រពន្ធ។ ​ពេល​មក​ដល់​ផ្ទះ​មិន​​បាន​​អង្គុយ​ស្រួល​បួល​បាត់​ហត់​ផង​ប្រពន្ធ​​ក៏​សួរ​៖ ​”​​​តើ​បាន​ដឹង​​មូល​ហេតុ​​ធ្វើ​​ឲ្យ​​គ្រួសារ​​មួយ​ហ្នឹង ​​រស់​នៅ​មាន​សុភមង្គល ​​ឬ​ទេ?”

ប្ដី​តប៖ “​​មិន​បាន​​ឃើញ​​អ្វី​ទាំង​អស់ ​ឃើញ​តែ​ប្ដី​ជា​អ្នក​ដើរ​ទាត់​​ធុង​ទឹក​ បែរ​ជា​ប្រពន្ធ​មក​សុំ​ទោស​ ហើយ​ប្ដី​នោះ​ក៏​សុំ​ទោស​វិញ​ដែរ។ ​ប្រពន្ធ​ដឹង​ទេ បើ​​រឿង​តូច​តាច​​នេះ​កើត​ឡើង​ចំពោះ​គ្រួសារ​យើង​វិញ​ យើង​ទាំង​ពីរ​​ប្រាកដ​ណាស់​​នឹង​រក​ត្រូវ​រៀង​ៗ​ខ្លួន​មិន​ខាន ឯ​ប្ដី​ប្រពន្ធ​គ្រួសារ​ស្ងប់​ស្ងាត់​នោះ​​បែរ​ជា​ទទួល​កំហុស​រៀង​ៗ​ខ្លួន​ទៅ​វិញ​។” ប្រពន្ធ​ឮ​បែប​​នេះ​ ភ្ញាក់​ខ្លួន​ព្រើត និង​សន្យា​ព្យាយាម​ធ្វើ​ដូច​គេ​ចាប់​ពី​ពេល​នេះ​តទៅ​៕

តម្លៃ​អប់​រំ៖ ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​​ក្នុង​សង្គម​​មួយ ត្រូវ​​ចេះ​រៀន​អធ្យាស្រ័យ​ឲ្យ​​គ្នា​បើ​មាន​ម្នាក់​​ធ្វើ​ខុស​។ ​អ្នក​ប្រព្រឹត្ត​ខុស​​ត្រូវ​ចេះ​ទទួល​​កំហុស​ និង​​មិន​ត្រូវ​ធ្វើ​រឿង​តូច​ឲ្យ​​​ក្លាយ​ជា​រឿង​​ធំ​ទេ​។ សុភមង្គល​​គ្រួសារ​មិន​មែន​កើត​ឡើង​​ឯកឯង​ទេ ​គឺ​​ប្ដី​ប្រពន្ធ​​ទាំង​ពីរ​​ជា​អ្នក​បង្កើត​ឲ្យ​មាន​។