Home / សង្គម / ប្រយ័ត្នចាញ់បោក​អស់លុយ! គេឲ្យមើលវីដេអូស្រាត រួចជំរិតទារលុយ ពេល…

ប្រយ័ត្នចាញ់បោក​អស់លុយ! គេឲ្យមើលវីដេអូស្រាត រួចជំរិតទារលុយ ពេល…

បច្ចេកវិទ្យា​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ អ្នក​ជំនាញ​ចេះ​តែ​រក​ឃើញ​របក​គំហើញ​ថ្មី​ៗ​ ​ដើម្បី​បម្រើ​ឲ្យ​ជីវិត​រស់​នៅ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត​ ចំណេញ​ពេល​វេលា ប្រាក់កាស​ ជាពិសេស​ការ​ទំនាក់​ទំនង​មិត្តភ័ក្ដិ គ្រួសារ​បងប្អូន គូសង្សារ​ដែល​នៅ​ឆ្ងាយ​ដល់​ជើង​មេឃ អាច​ប្រើ​ពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​អាច​ឆ្លើយ​ឆ្លង ឃើញ​មុខ​គ្នា​បាន​ដូច​ចេះ​សិល្ប៍​ក្នុង​ភាពយន្ត។

ចំពោះ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យក្ស​ហ្វេសប៊ុក ​ត្រូវ​បាន​គេ​ឃើញ​​រីក​សាយ​ស្ទើរ​ពាសពេញ​ពិភព​លោក​ដល់​មនុស្ស​ជាង ១,៥​ពាន់​លាន​​នាក់ ឯ​ការ​ប្រើ​ប្រាស់​ត្រូវ​តែ​ប្រុង​​ប្រយ័ត្ន​ខ្ពស់ ​បើ​ពុំ​ដូច្នោះ​ទេ​នឹង​មាន​បញ្ហា​ដល់​ខ្លួន។

ងាក​មក​មើល​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​នៅ​កម្ពុជា​យើង​វិញ ជា​រឿយ​ៗ​គេ​ឃើញ​មាន​ក្រុម​ចោរ​បរទេស​ ឬ​ក្នុង​ស្រុក​លួច (Hack) ​​យក​ផេក យក​គណនី ​ទៅ​ធ្វើ​រឿង​មិន​គប្បី​ផ្សេង​ៗ។ ខ្លះ​ទៀត លួច​យក​​ទៅ​ឆាត​ឲ្យ​មិត្តភ័ក្ដិ​​របស់​យើង​ វេរ​លុយ​ឲ្យ​ក្នុង​រយៈ​ពេល​ខ្លី ​ក្រោម​លេស​ថា យក​លុយ​ឲ្យ​ឥវ៉ាន់​គេ​ជា​បន្ទាន់ ឬ​កំពុង​ជួប​គ្រោះ​ថ្នាក់​អ្វី​មួយ​ជា​ដើម។

ចំណែក​ករណី​ខាង​ក្រោម​នេះ​​វិញ ​យូរ​​ៗ​ម្ដង​ យើង​ប្រទះ​ឃើញ​មួយ ​រវាង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​នៅ​កម្ពុជា​ជាមួយ​នារី​បរទេស​ដោយ​បើក​ Webcam ​រាំ​ស្រាត​ឲ្យ​មើល​​ម្ដង​ម្នាក់ ហើយ​ថត​វីដេអូ​ទុក រួច​ចុង​ក្រោយ​គំរាម​​ទារ​ប្រាក់​ដ៏​ច្រើន បើ​មិន​ដូច្នោះ​នាង​នឹង​បង្ហោះ​វីដេអូ​នោះ​ជា​សាធារណៈ។

តួយ៉ាង​ដូចជា​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មាន​គណនី​ឈ្មោះ TITI Fancy ​បាន​​បង្ហោះ​រូប​ថត​ប៉ុន្មាន​សន្លឹក​ក្នុង​គោល​បំណង​ដាស់តឿន​មិត្ត​របស់​ខ្លួន​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​នេះ ដោយ​សរសេរ​ថា «ឲ្យ​ខ្ញុំ​សុំទោស​ផង ដែល​ខ្ញុំ​បង្ហោះ​រូប​នេះ ព្រោះ​វា​ចង់​ធ្វើ​បាប​ខ្ញុំ​។ វា​បាន​រាំ​ស្រាត​ឲ្យ​មើល ហើយ​វា​សុំ​ខ្ញុំ​​មើល​វិញ។ ធម្មតា​ខ្ញុំ​ប្រុស​​ខ្ញុំ​អត់​ខ្លាច​វា​ទេ។ ឥឡូវ​វា​បាន​លួច​ថត​​វីដេអូ​រាំ​ស្រាត​របស់​ខ្ញុំ​ទុក ​ហើយ​វា​ឆាត​មក​គំរាម​យក​​លុយ ១​ពាន់​ដុល្លារ​ទៀត តែ​ខ្ញុំ​មិន​ចាញ់​គំរាម​វា​ទេ។ ខ្ញុំ​មនុស្ស​ប្រុស​​មិន​សូវ​ខ្មាស​ទេ»

​ឆ្លើយ​ទៅ​នឹង​ការ​បង្ហោះ​សារ​ខាង​លើ​នេះ​ដែរ ​អ្នក​ប្រើ​ប្រាស់​ផេក​​ឈ្មោះ អ៊ូ ផាន់ណារិទ្ធិ ហាក់​យល់​ច្រើន​អំពើ​ករណី​នេះ​ ដោយ​បាន​​អះអាង​​ឲ្យ​ប្រុង​ប្រយ័ត្ន​ថា « នេះ​គឺ​ជា​ករណី​ដែល​កើត​មាន​ឡើង​នៅ​កម្ពុជា ។ Cyber Sex Extortion គឺ​ជា​បច្ចេកទេស​នៃ​ការ​បោក​ប្រាស់​ម្យ៉ាង​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​នារី (ភាគ​ច្រើន​នៅ​ក្រៅ​ប្រទេស) ជាមួយ​នឹង​បុគ្គល​ជា​បុរស​នៅ​ក្នុង​ស្រុក។ នារី​នោះ​ភាគ​ច្រើន គឺ​ចាប់​ផ្តើម​បង្កើត​ទំនាក់​ទំនង​ជា​មួយ​បុរស​នោះ ក្នុង​រយៈ​ពេល​វែង ឬ​ក៏​ខ្លី ហើយ​បន្ទាប់​មក​ព្យាយាម​ឲ្យ​បុរស​ម្នាក់​នោះ ស្រាត​សំលៀក​បំពាក់​ទាំង​អស់​នៅ​ពីមុខ WebCam។ នៅ​ក្នុង​ដំណើរ​ការ​នេះ ​ខាង​នារី​បាន​ធ្វើ​ការ​ថត (record) រាល់​សកម្មភាព​ទាំងអស់​របស់​ជន​រង​គ្រោះ​បុរស ហើយ​នឹង​ប្រើប្រាស់​វា​ដើម្បី​គំរាម​ទារប្រាក់​។

តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ជៀស​វាង?
១. សូម​មាន​ការ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​ជា​មួយ​អ្នក​ដែល​មិន​ដែល​ស្គាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត
២. មិន​ត្រូវ​យល់​ព្រម​តាម​សំណើ​ណា​មួយ​ឡើយ ដូច​ជា​ការ​ដោះ​សំលៀក​បំពាក់​នៅ​ពី​មុខ WebCam
៣. សូម​រាយ​ការណ៍​ទៅ​ប៉ូលិស​ជាបន្ទាន់ បើ​សិន​ជា​អ្នកទទួល​បាន​នូវ​សារ ឬ​ការ​ទូរស័ព្ទ​ពី​នរណា​ម្នាក់ ដែល​ព្យាយាម​គំរាម​ទារ​ប្រាក់​ពី​អ្នក៕