ចង់សាកចិត្ត ទុកប្រាក់មួយស្បោង ឲ្យកសិករ​ក្រីក្រ បែរ​ធ្វើឲ្យខ្លួនឯង​ ទប់ទឹក​ភ្នែកមិនជាប់

មាន​គ្រូ​ម្នាក់ និង​សិស្ស​ម្នាក់​បាន​ចេញ​​ទៅ​លំហែ​នៅ​ក្បែរ​ព្រៃ​ភ្នំ​មួយ។ ​បន្ទាប់​ពី​ដើរ​បាន​បន្តិច​ ពួក​គេ​បានជួប​ចម្ការ​មួយ ហើយ​កូន​សិស្ស​​បាន​ឃើញ​ស្បែក​ជើង​កញ្ចាស់​រហែក​រយ៉ៃ​មួយ​គូ​ទុក​ចោល​យ៉ាង​មាន​របៀប​ដែល​មើល​ទៅ​ប្រហែល​ជា​របស់​កសិករ​ក្រីក្រ។

កូន​សិស្ស​ឃើញភ្លាម ក៏​នឹក​​ក្នុង​ចិត្ត​ចង់​លេង​សើច​ជាមួយ​បុរស​ជា​កសិករ​នោះ រួច​ប្រាប់​គ្រូ​ថា “លោក​គ្រូ! ​យើង​សាក​យក​លាក់​ស្បែក​ជើង​មួយ​គូ​របស់​កសិករ​នេះ​​មើល៍ ចង់​ដឹង​ថា ​ពេល​គាត់​ត្រលប់​មក​វិញ ​តើ​គាត់​នឹង​ធ្វើ​យ៉ាង​ណា? ពេល​នោះ​យើង​ប្រាកដ​ជា​សប្បាយ​ភ្នែក​ជាក់​ជា​មិនខាន ពេល​គាត់​ដើរ​រក​ស្បែក​​ជើង”។

ពេល​ស្ដាប់​រួច លោក​គ្រូ​មាន​អារម្មណ៍ស្រងាក​ចិត្ត​បន្តិច​ រួច​និយាយ​​ទៅ​កាន់​សិស្ស​ថា “​ទេ​ទេ! វា​មិន​ល្អ​ទេ​ដែល​លេង​កំប្លែង​បែប​នេះ​ជាមួយ​អ្នក​ក្រីក្រ​ ព្រោះ​គាត់​នឹង​ភិតភ័យ”។

លោក​គ្រូ​បាន​គិត​មួយ​ស្របក់ រួច​ញញឹម​បន្តិច​ ងាក​ទៅ​កូន​សិស្ស​ប្រាប់​ថា ” គ្រូ​មាន​គំនិត​មួយ​ប្រសើរ​ជាង​នេះ…​​ហេតុ​អ្វី​យើង​មិន​យក​កាក់​ដាក់​ក្នុង​ស្បែក​ជើង​សងខាង​​របស់​គាត់​ទៅ រួច​យក​ទៅ​លាក់​ក្បែរ​គុម្ពោត​ព្រៃ​​នៅ​ជិត​នោះ​ ហើយ​ពួន​ចាំ​មើល​ថា កសិករ​នោះ​នឹង​ប្រតិកម្ម​យ៉ាង​ណា ​ពេល​ឃើញ​កាក់​នៅ​ក្នុង​ស្បែក​ជើង​ជា​ច្រើន​បែប​នេះ”។

កសិករ​បាន​បញ្ចប់​ការងារ ហើយ​ត្រលប់​មក​យក​ស្បែក​ជើង​ទៅ​ផ្ទះ​វិញ។ ពេល​ដើរ​សំដៅ​មក​រក​កន្លែង​​ទុក គាត់​មិន​បាន​ឃើញ​ស្បែកជើង​ភ្លាម​ៗ​ទេ ​តែ​ចិត្ត​មួយ​ខ្លាច​​ថា ​ដាក់​វង្វេង​ដៃ តែ​ចិត្ត​មួយ​ប្រាកដ​ថា​ ទុក​ត្រឹម​ត្រូវ​ហើយ។ ​ដើរ​រក​ចុះ​រក​ឡើង ​នឹក​ក្នុង​ចិត្ត​ថា ប្រាកដ​ជា​ត្រូវ​ដើរ​ដោយ​ជើង​ទទេ​ទៅ​ផ្ទះ​ហើយ។

ឈរ​សញ្ជឹង​គិត​បន្តិច​ រួច​ក៏​ងាក​​ទៅ​ឃើញ​​គុម្ពោត​ព្រៃ​នៅ​ក្បែរ​នោះ ក៏​ដើរ​ទៅ​មើល​ស្រាប់​តែ​ឃើញ​ស្បែក​កញ្ចាស់​ដាក់​តម្រៀប​គ្នា​យ៉ាង​​ល្អ។ គាត់​​លើក​ស្បែក​ជើង​មក​ពាក់​ទាំង​អារម្មណ៍​ត្រេក​អរ​​​ភ្លាម ពេល​ដាក់​ជើង​ចូល​​ គាត់​មាន​អារម្មណ៍​ថា មាន​អ្វី​រឹង​ៗ​​ក្នុង​ស្បែក​ជើង ហើយ​ក៏​ដក​ជើង​វិញ ឱន​ក្បាល​ទៅ​មើល​ស្រាប់​​តែ​ឃើញ​កាក់​ជា​ច្រើន​ក្នុង​ស្បែក​ជើង​ទាំង​គូ។ ​បន្ទាប់​មក ​​ក៏​រើស​កាក់​​យក​​មើល​ទើប​ដឹង​ថា ជា​លុយ​កាក់​ពិត​ៗ​។

គាត់​បាន​ក្រឡេក​មើល​ជុំវិញ​​ហើយ​ស្រែកសួរ​​ថា កាក់​របស់​អ្នក​ណា? មាន​អ្នក​​ណា​ជ្រុះ​បាត់​កាក់​ទេ? តែ​គ្មាន​នរណា​ម្នាក់​​ឆ្លើយ​តប​​សោះ។ គាត់​បាន​ប្រែ​ទឹក​មុខ​ទៅ​ជា​ស្ងួត​រំជួល​ចិត្ត​​មួយ​រំពេច រួច​ទឹក​ភ្នែក​ស្រាប់​តែ​ហូរ​កាត់​ថ្ពាល់​ដោយ​មិន​​ដឹង​ខ្លួន។

កសិករ​បាន​ក្ដាប់​កាក់​យ៉ាង​ណែន រួច​សម្លឹង​ទៅ​មើល​មេឃ ​ស្រែក​អរគុណ​ព្រះ​​ជា​ច្រើន​ដង និង​អរគុណ​អ្នក​​​ជួយ​គាត់​​ ព្រោះ​ពេល​នេះ​គាត់​ត្រូវ​ការ​ប្រាក់​ខ្លាំង​ណាស់​​សម្រាប់​​ទិញ​ថ្នាំ​ឲ្យ​ប្រពន្ធ​​កំពុង​ដេក​ឈឺ​នៅ​ផ្ទះ និង​ទិញ​អាហារ​ឲ្យ​កូន​កំពុង​ហត់ហេវ​រង់​ចាំ​ឪពុក។

ចំណែក​​គ្រូ និង​សិស្ស​​ដែល​កំពុង​ពួន​សម្ងំ​រង់ចាំ​មើល​នៅ​​គុម្ពោត​ព្រៃ​​មួយ​ទៀត​​ បាន​ស្ដាប់​​ដឹង​រឿង​ហើយ ក៏​បាន​ស្រក់​ទឹក​ភ្នែក​អាណិត​ខ្លោច​ចិត្ត តែ​មិន​បាន​បង្ហាញ​ខ្លួន​ឲ្យ​កសិករ​ឃើញ​ឡើយ។ ក្រោយ​បុរស​ជា​កសិករ​ចេញ​ទៅ​បាត់ ​លោក​គ្រូ​​បាន​សួរ​សិស្ស​​ថា “​ឥឡូវ​ ប្រាប់​គ្រូ​មើល៍ តើ​រឿង​អ្វី​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត លាក់​ស្បែក​ជើង​ឲ្យ​គាត់​ភ័យ ឬ​ទុក​កាក់​ឲ្យ​គាត់​ត្រេកអរ”?

កូន​សិស្ស​បាន​ឱន​ក្បាល​​ចុះ​ទាំង​ទឹក​មុខ​ក្រហម​​ រួច​និយាយ​ថា “លោក​គ្រូ! ខ្ញុំ​នឹង​មិន​បំភ្លេច​មេរៀន​លោក​គ្រូ​បង្រៀន​ខ្ញុំ​ថ្ងៃ​នេះ​ទេ។ ឥឡូវ​ខ្ញុំ​យល់​​អត្ថន័យ​នៃ​ពាក្យ​ថា រីករាយ​នឹង​​ការ​ផ្ដល់​ឲ្យ​គេ ប្រសើរ​ជាង​​រីករាយ​នឹង​ការ​យក​របស់​គេ៕

តម្លៃ​អប់​រំ​រឿង៖ ​ការ​បង្កើត​បញ្ហា​ដល់​អ្នក​​ដទៃ មិន​មែន​ជា​រឿង​​ធ្វើ​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ​ឡើយ ឬ​ម្យ៉ាង​ទៀត​​ថា មិន​ត្រូវ​យក​ការ​ឈឺ​ចាប់​របស់​​អ្នក​ដទៃ មក​ធ្វើ​ជា​សេចក្ដី​​សុខរបស់​​​​​ខ្លួន​​ទេ។ យើង​គួរ​ផ្ដល់​ភាព​រីករាយ​ឲ្យ​អ្នក​​ជុំវិញ នោះ​​យើង​នឹង​ទទួល​បាន​សុភមង្គល​តាម​នោះ​ដែរ។