មហាសំណាង! កម្មកររែងរ៉ែ រកឃើញដុំពេជ្រ ទំហំ៧០៦ការ៉ាត់ មានតម្លៃមហាសាល គួរឲ្យភ្ញាក់ផ្អើល

​បុរស​ម្នាក់​ធ្វើ​ការ​នៅ​​កន្លែង​រែង​រក​រ៉ែ​​ប្រទេស​​សេរ៉ាឡេអូន ​បាន​រក​ឃើញ​ដុំ​ពេជ្រ​ទំហំ ៧០៦ការ៉ាត់ ​ដែល​គេ​សន្និដ្ឋាន​ថា​​អាច​ជា​ដុំ​ពេជ្រ​ធំ​បំផុត​ទី​​១០​​នៅ​លើ​ពិភព​លោក។

ដុំ​ពេជ្រ​ដ៏​មាន​តម្លៃ​នេះ​រក​ឃើញ​ដោយ​បុរស​មាន​ឈ្មោះ Emmanuel Momoh ធ្វើ​ការ​នៅ​តំបន់ Kono ​ភាគ​ខាង​កើត​ប្រទេស។

បើ​យោង​ទៅ​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​បញ្ជាក់​ថា “​ដុំ​ពេជ្រ​នឹង​ត្រូវ​ដាក់​លក់​ដេញ​ថ្លៃ ដើម្បី​បាន​ជា​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​។” ​ក្នុង​​នោះ​គេ​បាន​សរសេរ​ថា “​ដុំ​ពេជ្រ ៧០៦​ការ៉ាត់​​ត្រូវ​បាន​ដាក់​បង្ហាញ​ទៅ​កាន់​ប្រធានាធិបតី​លោក Ernest Bai Koroma ល្ងាច​ម្សិលមិញ។ លោក​ក៏​បា​ន​អរគុណ​ប្រជាជន​របស់​ខ្លួន​ដែល​មិន​ជួញ​ដូរ​​ចេញ​ទៅ​ក្រៅ​ប្រទេស។”

ចំណែក​អ្នក​ជំនាញ​ពេជ្រ​លោក Paul Zimnisky អះអាង​ថា​ ពេជ្រ​ខាង​លើ​អាច​ជា​ដុំ​ពេជ្រ​ធំ​បំផុត​ទី​១០ និង​ប្រភេទ​ត្បូង​ពេជ្រ​ធំ​លំដាប់​ទី១៥​ក្នុង​លោក ដែល​អាច​មាន​តម្លៃ​ជាង ៦០​លាន​ដុល្លារ​ឯ​ណោះ​។

ចំណែក​​ពេជ្រ​ទំហំ ១១១១​ការ៉ាត់ ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​ជីក​រក​រ៉ែ​ក្នុង​ប្រទេស​បូស្វាណា ​កាល​ឆ្នាំ ២០១៥ ជា​ដុំ​ពេជ្រ​ធំ​បំផុត​ក្នុង​លោក​មិន​ធ្លាប់​នា​រយៈពេល​មួយ​សតវត្ស​ចុងក្រោយ។ ឯ​ដុំ​ពេជ្រ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​លោក​ គឺ​ទំហំ ៣១០៦​ការ៉ាត់​ រក​ឃើញ​នៅ​​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​ឆ្នាំ ១៩០៥៕