ចម្លែកមែន! មនុស្សស្រីនៅនេប៉ាល់ ក្នុង​មួយ​ជីវិត ត្រូវ​រៀបការ​៣​ដង ដោយសារតែ…

កាល​ពី​ពេល​ថ្មីៗ​នេះ ក្មេង​ស្រី​តូចៗ​មក​ពី​សហគមន៍​មួយ​ឈ្មោះ​ថា Newar បាន​ចូល​រួម​ពិធី «Bel Bibaha» នៅ​ក្នុង​ស្រុក Kavre នៃ​ជាយក្រុង Kathmandu ប្រទេសនេប៉ាល់។

ពិធីបុណ្យ «Bel Bibaha» ឬ «Ihi» គឺ​ជា​ពិធី​អាពាហ៍ពិពាហ៍ នៅ​ក្នុង​សហគមន៍ Newar នៃ​ប្រទេស​នេប៉ាល់ ដែល​ក្នុង​នោះ ក្មេង​ស្រី​មុន​វ័យ​ជំទង់ ត្រូវ​រៀបការ​ជាមួយ​ផ្លែ​ព្នៅ នៅ​អាយុ​ខ្ទង់​សេស ដូចជា ៥, ៧ ឬ ៩ឆ្នាំ។

ផ្លែ​ព្នៅ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​និមិត្តរូប​នៃ ព្រះ​អម្ចាស់ Lord Kumar ដែល​ជា​កូន​ប្រុស​របស់​ព្រះ​អម្ចាស់ Lord Shiva។ មូលហេតុ​សំខាន់​បំផុត សម្រាប់​ការ​រៀបការ​ក្មេង​ស្រី ជាមួយ​ផ្លែ​ព្នៅ គឺ​នៅ​ពេល​ដែល​នាង​បាន​រៀបការ​ជាមួយ ព្រះ​អម្ចាស់ Lord Kumar (ផ្លែ​ព្នៅ) រួច នាង​នឹង​នៅ​តែ​បរិសុទ្ធ និង​ស្អាតស្អំ ហើយ​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្រី​មេម៉ាយ​ឡើយ ទោះ​បី​ជា​ស្វាមី (មនុស្ស​ពិត​ប្រាកដ) របស់​នាង​បាន​ស្លាប់ ព្រោះ​នាង​បាន​រៀបការ​ជាមួយ​ព្រះ​អម្ចាស់ Lord Kumar ដែល​គេ​ជឿជាក់​ថា​នៅ​រស់រាន​មាន​ជីវិត រួច​ទៅ​ហើយ។

គួរ​បញ្ជាក់​ថា តាមធម្មតា ក្មេង​ស្រី​នៅ​ក្នុង​សហគមន៍ Newar ទាំងអស់ ត្រូវ​រៀបការ​ចំនួន​៣ដង នៅ​ក្នុង​មួយ​ជីវិត​របស់​ពួកគេ ដោយ​លើក​ទី១ ជាមួយ ផ្លែ​ព្នៅ លើក​ទី​២ ជាមួយ ព្រះអាទិត្យ និង លើក​ទី​៣ ជាមួយ​មនុស្ស​ធម្មតា៕