នារីខូចមុខ ទីបំផុតរកឃើញស្នេហ៍ពិត និងបានរៀបការ ក្រោយជួបរឿងអព្ភូតហេតុ នឹកស្មានមិនដល់មួយ

ប្ដី​ប្រពន្ធ​ជនជាតិ​ចិន​មួយ​គូ ដែល​រស់​នៅ​ក្នុង​ក្រុង Yuechi ខេត្ត Sichuan ប្រទេស​ចិន បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សេចក្ដី​ស្រលាញ់​ពិត គឺ​មិន​គិត​ពី​រូបរាង​ខាង​ក្រៅ​ឡើយ។

លោក Lin Zhouqiang អាយុ​២៣​ឆ្នាំ និង​ភរិយា ឈ្មោះ Xu Qinqin អាយុ​២១​ឆ្នាំ បាន​ឆក់​យក​បេះដូង អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​រាប់​លាន​នាក់ នៅ​ក្នុង​ប្រទេស​ចិន ដោយសារ​តែ​រឿងរ៉ាវ​ស្នេហា​របស់​ពួកគេ។

នាង Qinqin ត្រូវ​បាន​អ្នក​ជិត​ខាង មិត្ត​រួម​ការងារ ព្រម​ទាំង​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន មើលងាយ និង​សើចចំអក ដោយសារ​តែ​ផ្ទៃមុខ​របស់​នាង ដែល​ត្រូវ​សត្វ​កណ្ដុរ​ខាំ តាំង​ពី​នាង​មាន​អាយុ​២៩​ថ្ងៃ រហូត​ដល់​នាង​បាន​ជួប​ជាមួយ លោក Zhouqiang ដែល​បាន​ឆក់​យក​បេះដូង​នាង ទើប​អ្វីៗ​បាន​ប្រែ​ជា​ល្អ​វិញ។

រឿងរ៉ាវ​ស្នេហា​របស់​ប្ដី​ប្រពន្ធ​វ័យ​ក្មេង​មួយ​គូ​នេះ ត្រូវ​បាន​រីក​សុះសាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ពួកគេ​បាន​រៀបការ​ជា​មួយ​គ្នា កាល​ពី​ខែ​មុន។

នាង Qinqin បាន​ស្គាល់​ជាមួយ លោក Zhouqiang តាម​រយៈ​បណ្ដាញ​សង្គម QQ ហើយ​ពួកគេ​ក៏​បាន​ក្លាយ​ជា​ដៃ​គូ​ជជែក​គ្នា (Chat) លេង​ជា​ទៀងទាត់។

នាង Qinqin បាន​ប្រាប់​លោក Zhouqiang ថា នាង​គ្មាន​ច្រមុះ​ឡើយ ប៉ុន្តែ​លោក Zhouqiang មិន​បាន​ខូចចិត្ត​ដោយសារ​តែ​រូបរាង​របស់​នាង​ឡើយ ហើយ​បាន​រក​ឃើញ​ថា នាង Qinqin គឺ​ជា​មនុស្ស​សុទិដ្ឋិនិយម ចិត្តល្អ និង រីករាយ ហើយ​ក៏​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នាង​យ៉ាង​ឆាប់​រហ័ស​តែម្ដង។

លោក Zhouqiang បាន​ប្រាប់​ឲ្យ​ដឹង​ថា «វា​ប្រហែល​ជា​វាសនា​កំណត់​មក​បែប​នេះ។ ចាប់​តាំង​ពី​ខ្ញុំ​បាន​ដឹង​ពី​បទពិសោធន៍​របស់​នាង ខ្ញុំ​មាន​អារម្មណ៍​ថា នាង​បាន​រស់​នៅ​ក្នុង​ជីវិត​ដ៏​លំបាក​មួយ។ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​នាង បន្ទាប់​ពី​ស្គាល់​នាង​បាន​១​ខែ»។

យ៉ាងណាមិញ ដោយសារតែ លោក Zhouqiang គឺ​ជា​កូន​ប្រុស​តែ​ម្នាក់​គត់​នៅ​ក្នុង​គ្រួសារ មង្គលការ​របស់​លោក​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ និង​អ្នក​ជិត​ខាង​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ បើ​ទោះ​បី​ជា​បែប​នេះ​ក្ដី ប៉ុន្តែ​លោក Zhouqiang បាន​និយាយ​ថា លោក​សុខចិត្ត​ប្រឈម​មុខ​នឹង​ពាក្យ​ចចាមអារ៉ាម ការរិះគន់ និង ការ​សើចចំអក អស់​មួយ​ជីវិត ជា​មួយ​​ភរិយា​របស់​ខ្លួន​៕