Home / ស្នេហា / លង់​សំឡេង​តាម​ទូរសព្ទ​​ រហូត​សន្យា​រៀបការ ពេល​ជួប​ផ្ទាល់​ សឹងដាច់​ផ្ងារ តែចុងក្រោយ…

លង់​សំឡេង​តាម​ទូរសព្ទ​​ រហូត​សន្យា​រៀបការ ពេល​ជួប​ផ្ទាល់​ សឹងដាច់​ផ្ងារ តែចុងក្រោយ…

គូស្នេហ៍​ទើប​​រៀប​ការ​ថ្មីថ្មោង​មួយ​​កំពុង​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ផង រំជួល​ចិត្ត​ផង បន្ទាប់​ពី​ដឹង​ថា​​កូន​កំលោះ​លង់​ស្នេហ៍​​កូន​ក្រមុំ​​​តាម​ទូរសព្ទ​ដែល​មាន​អាយុ​ច្រើន​ជាង​ជីដូន​របស់​ខ្លួន​ទៅ​ទៀត។

​ការ​ឈាន​​ទៅ​ដល់​​រៀបការ​ប្រកែក​មិន​រួច​នេះ ដើម​ដំបូង​លោក Sofian Loho Dandel ​បាន​​លើក​ទូរសព្ទ​​របស់​ស្ត្រី​ម្នាក់​ដែល​តេ​ច្រឡំលេខ​ ហើយ​​គាត់​មិន​នឹក​ស្មាន​ថា​ការ​សន្ទនា​របស់​ពួក​​គេ​ចំណាយ​ពេល​ដល់​ទៅ​ជិត​មួយ​ម៉ោង​ឡើយ និង​ច្រើន​ម៉ោង​ទៅៗ​​នៅ​ថ្ងៃ​បន្ត​បន្ទាប់​ ហើយ​ស្គាល់​គ្នា​បាន​មួយ​ឆ្នាំ​ក៏​សម្រេច​រៀប​ការ​នឹង​គ្នា។​

Dandel អាយុ​​២៨​ឆ្នាំ​ ជា​មេកានិច​​ក្នុង​យានដ្ឋាន​មួយ​កន្លែង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បាន​លង់​សំឡេង​​ដ៏​ពិរោះ​របស់​ Martha Potu រួច​ក៏​សម្រេច​​ជួប​មុខ​គ្នា។ ​ប៉ុន្តែ​​ពេល​​គាត់​​ទៅ​ដល់​ផ្ទះ Potu ​គាត់​មិន​ជឿ​ថា​​អ្នក​ដែល​​បើក​ទ្វារ​​ឲ្យ​ចូល​​ជា​ស្ត្រី​វ័យ​​៨២​ឆ្នាំ​ និង​ជា​មនុស្ស​ខ្លួន​លង់​សំឡេង​តាម​ទូរសព្ទ​នោះ​ឡើយ។

អ្វី​ៗ​​ផ្ទុយ​ស្រឡះ​នឹង​ការ​រំពឹង​ទុក​ព្រោះ​គាត់​ស្រមៃ​ថា​​ នារី​នោះ​នឹង​មាន​សម្រស់​ស្អាត​ ដល់​ពេល​ជួប​ផ្ទាល់​ខាង​ស្រី​​មាន​វ័យ​ចាស់​ជាង​ខ្លួន​ដល់​ទៅ​ ៥៤​ឆ្នាំ។

Dandel មាន​ការ​ភ្ញាក់ផ្អើល​ពី​រូបរាង​របស់​ Potu ព្រោះ​ខាង​ស្រី​​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​អាយុ​​តាម​ទូរសព្ទ​ទេ​ ហើយ​ខាង​ប្រុស​ក៏​បាន​សារភាព​ស្នេហ៍ និង​សន្យា​មិន​ផ្លាស់​ប្ដូរ​គំនិត​ដែរ។

អ្នក​ទាំង​ពីរ​បាន​ឆាត​​​​រកគ្នា​ជា​ច្រើន​ម៉ោង ហើយ​ Dandel ដឹង​ថា​ Potu កំពុង​រស់​នៅ​តែ​ម្នាក់​ឯង​​បន្ទាប់​ពី​ប្ដី​ស្លាប់​ចោល​ជាង​ ១០​ឆ្នាំ​មុន​ ឯ​កូន​២​នាក់​​​របស់​គាត់​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​​ទៀត។

នៅ​ក្នុង​ការ​សន្ទនា​គ្នា​វិញ​ Dandel ដែល​មិន​ទាន់​បាន​ជួប​មុខ​សោះ ​គាត់​​ហ៊ាន​សន្យា​​រួម​រស់​ជា​មួយ​ Potu អស់​មួយ​ជីវិត។ ទើប​នៅ​ថ្ងៃ​ទី​១៨​កុម្ភៈ​ថ្មី​ៗ​នេះ ពួក​គេ​បាន​រៀប​ចំ​ពិធី​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​​តែ​ម្ដង​​ ដោយ​មាន​​ការ​ចូល​រួម​​ពី​សាច់​ញាតិ​បងប្អូន​​នៅ​ខេត្ត North Sulawesi ៕