ខុសជំនាន់! កូន​ក្រមុំ​​១០៦​ឆ្នាំ ភ្ជាប់​ពាក្យ​ជាមួយ​មិត្ត​ប្រុស ក្មេង​ជាង​ពាក់​កណ្ដាល ព្រោះតែ…

កាល​ពី​ពេល​ថ្មីៗ​នេះ ស្ត្រី​វ័យ​ចំណាស់​ចូល​និវត្តន៍​ម្នាក់ បាន​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ ទាំង​ខ្លួន​មាន​វ័យ​រហូត​ដល់​ទៅ ១០៦​ឆ្នាំ​ទៅ​ហើយ។

ស្ត្រី​វ័យ​ចំណាស់​​​ឈ្មោះ Valdemira Rodrigues de Oliveira បាន​យល់​ព្រម​ភ្ជាប់​ពាក្យ ជា​មួយ​មិត្ត​ប្រុស​ដែល​មាន​វ័យ​ត្រឹម​តែ ៦៦​ឆ្នាំ ឈ្មោះថា Aparecido Dias Jacob ទោះ​បី​ជា​មាន​ការ​ហាមប្រាម​ពី​ក្រុម​គ្រូពេទ្យ​ក៏​ដោយ។

គូ​ស្នេហ៍​ដែល​មាន​វ័យ​បូក​ចូល​គ្នា ស្មើ​នឹង ១៧២​ឆ្នាំ​មួយ​គូ​នេះ បាន​ស្នាក់​នៅ​បន្ទប់​ដាច់​ដោយ​ឡែក​ពី​គ្នា នៅ​ឯ​ជម្រក​សម្រាប់​អ្នក​ចូលនិវត្តន៍​មួយ​កន្លែង មាន​ឈ្មោះ​ថា Nossa Senhora Fatima ស្ថិត​នៅ​ក្នុង​ក្រុង Pirassununga ភាគ​អាគ្នេយ៍ ប្រទេស​ប្រេស៊ីល ហើយ​បាន​ស្គាល់​ចិត្ត​ថ្លើម​គ្នា​៣​ឆ្នាំ មុន​ពេល​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​គ្រូពេទ្យ​បាន​វាយ​តម្លៃ​ទៅ​លើ​សុខភាព និង​អាយុ​របស់​ពួក​គេ ហើយ​បាន​ព្រមាន​អ្នក​ទាំង​២​ថា នឹង​មិន​អាច​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន​ទេ។ ប៉ុន្តែ​គូ​ស្នេហ៍​វ័យ​ចំណាស់​នេះ​នៅ​តែ​មានះ ដោយ​បាន​បំពាក់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ថែម​ទៀត​ផង។

គួរ​បញ្ជាក់​ថា​ នៅ​​​ប្រទេស​ប្រេស៊ីល ចិញ្ចៀន​ភ្ជាប់​ពាក្យ ត្រូវ​បាន​បំពាក់​នៅ​លើ​ម្រាម​ទី​៣ នៃ​ដៃ​ខាង​ស្កាំ ហើយ​នៅ​ពេល​រៀបការ ត្រូវ​ប្ដូរ​ទៅ​ពាក់​នៅ​ម្រាម​ដៃ​នាង លើ​ដៃ​ខាង​ឆ្វេង​វិញ។

យ៉ាងណាមិញ ស្ត្រី​ចំណាស់​ឈ្មោះ Valdemira បាន​ប្រាប់​ឲ្យ​ដឹង​ថា «ខ្ញុំ​បាន​លង់​ស្រលាញ់​គាត់​ហើយ។ ខ្ញុំ​ចូលចិត្ត​គាត់​ខ្លាំង​ណាស់។ បើ​សិន​ជា​គាត់​ស្លាប់ ខ្ញុំ​ក៏​ស្លាប់​ដែរ»។

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា ពួក​គេ​ទាំង​២​នាក់ បាន​ជួប​គ្នា​ដំបូង​នៅ​ក្នុង​ផ្ទះ​ចូលនិវត្តន៍​ខាងលើ ក្នុង​ឆ្នាំ​២០១៤ ហើយ​ជា​ស្នេហា​ជួប​ភ្លាម​ស្រលាញ់​ភ្លែត សម្រាប់ Jaco ដែល​ខ្វិន​ដៃ​ខាង​ឆ្វេង​ម្ខាង។ លោក Jaco បាន​និង​កំពុង​រស់​នៅ​ទីនោះ អស់​រយៈ​ពេល​១៩​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​គ្មាន​ផ្ទះ​សម្បែង និង​គ្មាន​ការងារ​ធ្វើ។

លោក Jaco បាន​ប្រាប់​ឲ្យ​ដឹង​ថា «ខ្ញុំ​បាន​លង់​ស្រលាញ់ Valdemira នៅ​ពេល​ខ្ញុំ​បាន​ឃើញ​នាង​ដំបូង។ ខ្ញុំ​ដឹង​ថា នាង​ចាស់​ជាង​ខ្ញុំ​បន្តិច ប៉ុន្តែ​វា​មិនមែន​ជា​បញ្ហា​ឡើយ ព្រោះ​នាង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង។ ខ្ញុំ​បាន​សុំ​នាង​រៀបការ ហើយ​យើង​តែងតែ​ជឿជាក់​ថា វា​នឹង​កើត​ឡើង ប៉ុន្តែ​ការ​ភ្ជាប់​ពាក្យ​គឺ​ជា​ជំហាន​ដំបូង​សម្រាប់​ពួក​យើង នៅ​ពេល​នេះ»៕