ព្រឺព្រួចណាស់ នៅពេលដឹងថា ផែនដី​ទៅ​ជា​បែប​នេះ បើ​គេ​បាញ់ ​គ្រាប់​បែក​នុយក្លេអ៊ែរ​ទាំង​អស់

គិត​ត្រឹម​ដើម​ឆ្នាំ​២០១៧​នេះ គ្រាប់​បែក​នុយក្លេអ៊ែរ មាន​សរុប​ចំនួន ១៤ ៩០០​គ្រាប់ ហើយ​ភាគ​ច្រើន​គឺ​ជា​កម្មសិទ្ធិ​របស់ អាមេរិក (៦ ៨០០​គ្រាប់) និង រុស្ស៊ី (៧ ០០០​គ្រាប់)។ ចំណែក​ឯ​ចក្រភព​អង់គ្លេស មាន ២១៥​គ្រាប់ ចិន ២៦០​គ្រាប់ និង កូរ៉េខាងជើង ១០​គ្រាប់ ក្រៅ​ពី​នោះ គឺ​មាន​នៅ​តាម​បណ្ដា​ប្រទេស​ដទៃ​ទៀត។

បើ​យោង​តាម​គណៈកម្មាធិការ ដែល​ហាម​ប្រាម​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ «CTBTO» បាន​ឲ្យ​ដឹង​ថា ការ​បំផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត បង្ក​ឡើង​ដោយ​គ្រាប់​បែក​សហភាពសូវៀត «Tsar Bomba» នៅ​ក្នុង​ឆ្នាំ​១៩៦១។ វា​ផ្ទុក​សារធាតុ​ផ្ទុះ ចំនួន ៥០​លាន​តោន ដែល​មាន​ថាមពល​ខ្លាំង​ជាង គ្រាប់​បែក​បរមាណូ ដែល​ផ្ទុះ​នៅ​ក្នុង​ទីក្រុង Hiroshima ប្រទេស​ជប៉ុន ចំនួន ៣ ៨០០​ដង។

យ៉ាង​ណា​មិញ គ្រាប់​បែក​នុយក្លេអ៊ែរ​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​មាន​សមត្ថភាព​ដូច​គ្នា​នោះ​ទេ ប៉ុន្តែ​សហរដ្ឋអាមេរិក និង រុស្ស៊ី មាន​ប្រភេទ​គ្រាប់​បែក​នុយក្លេអ៊ែរ ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត គឺ «Thermonuclear»។ សហរដ្ឋអាមេរិក មាន​នុយក្លេអ៊ែរ B83 Thermonuclear ដែល​អាច​បង្កើត​សារធាតុ​ផ្ទុះ (TNT) ចំនួន ១,២​លាន​តោន ស្មើ​នឹង​គ្រាប់បែក​បរមាណូ ដែល​ផ្ទុះ​នៅ​ក្នុង​ទីក្រុង Hiroshima ៧៩​គ្រាប់។

ប្រសិន​បើ​គ្រាប់បែក​នុយក្លេអ៊ែរ B83 ទាំងអស់​ចំនួន ១៣ ៨០០​គ្រាប់ (សហរដ្ឋអាមេរិក + រុស្ស៊ី) ធ្វើ​ការ​បំផ្ទុះ​ព្រម​គ្នា នោះ ផ្ទៃ​ដី​ទំហំ​៩៤​គីឡូម៉ែត្រ នឹង​ត្រូវ​កម្ទេច​ចោល​ភ្លាម ហើយ​ហេដ្ឋារចនាសម្ព័ន្ធ ទំហំ ២៣២ ០០០​គីឡូម៉ែត្រ​ការ៉េ នឹង​ត្រូវ​ខ្ទាត​ចេញ​ឆ្ងាយ។ ដុំ​ភ្លើង​នឹង​កើត​ឡើង​ស្ទើរ​តែ​ភ្លាមៗ ហើយ​កម្ទេច​ចោល​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​វា​ប៉ះ ក្នុង​រង្វង់ ៧៩ ០០០​គីឡូម៉ែត្រ។ មិន​តែ​ប៉ុណ្ណោះ មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​រយៈ​ចម្ងាយ ៥,៨​លាន​គីឡូម៉ែត្រ​ការ៉េ នឹង​ត្រូវ​ទទួល​រង​ការ​រលាក កម្រិត​ទី​៣ ទៀត​ផង។

ជាង​នេះ​ទៅ​ទៀត ចំហាយ​វិទ្យុសកម្ម​នៅ​ក្នុង​បរិយាកាស ក្រោយ​ពេល​ផ្ទុះ នឹង​បំពុល​ដល់​ទំហំ ២៨៤ ០០០​គីឡូម៉ែត្រ​ការ៉េ ដូច្នេះ​អ្នក​ដែល​អាច​រស់​រាន​មាន​ជីវិត​ពី​ការ​ផ្ទុះ​ដំបូង នឹង​កើត​មាន​ជំងឺ​វិទ្យុសកម្ម។

តាម​ការ​រៀបរាប់​ខាង​លើ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា បើ​ទោះ​បី​ជា​គ្រាប់​បែក​នុយក្លេអ៊ែរ ត្រូវ​បាន​បំផ្ទុះ​ទាំង​អស់ ក៏​ផែនដី​ទំហំ ៥១០,១​លាន​គីឡូម៉ែត្រ​ការ៉េ មិន​អាច​ខ្ទេច​ទាំង​ស្រុង​ដែរ​៕