ខឹងឪពុកម្តាយ រត់ចេញពីផ្ទះ១៣ឆ្នាំ ពេលត្រលប់មកវិញ គ្រប់យ៉ាងប្រែប្រួលយ៉ាងរន្ធត់

កាល​ពី​១៣​ឆ្នាំ​មុន មាន​ក្មេង​ប្រុស​ជំទង់​ម្នាក់​ឈ្មោះ លីនថុង។ ក្រោយ​លីនថុង​រៀន​ចប់​ថ្នាក់​ឌីប្លូម​ ឪពុក​គេ​ក៏​ចង់​ឲ្យ​គេ​រៀន​បន្ត​ដល់​បាក់ឌុប និង​មហាវិទ្យាល័យ ប៉ុន្តែ​គេ​មិន​ចង់​រៀន​ទៀត​ទេ។ ឪពុក​គេ​ខឹង​ខ្លាំង​ក៏​ទះ​កំផ្លៀង​គេ​មួយ​ទំហឹង និង​និយាយ​ថា “បើ​ឯង​មិន​រៀន​ទេ ចេញ​ពី​ផ្ទះ​តែ​ម្ដង​ទៅ”។

គេ​មិន​យំ គ្រាន់​តែ​សម្លឹង​មើល​ឪពុក​ទាំង​ភ្នែក​ក្រហម និង​និយាយ​ថា “ចេញ​ក៏​ចេញ ហើយ​ប៉ា​កុំ​ស្ដាយ​ក្រោយ​ឲ្យ​សោះ”។ និយាយ​ចប់​គេ​ក៏​ចេញ​ពី​ផ្ទះ​បាត់​ទៅ ដោយ​មិន​ស្ដាប់​សំឡេង​ម្ដាយ​ដែល​ខំ​ស្រែក​ហាម​គេ​ពី​ក្រោយ​ខ្នងយ៉ាងរន្ថើន។

ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ខាង​ក្រៅ ក្រោយ​ពី​កូន​ប្រុស​ចេញ​ពី​ផ្ទះ​បាត់​ទៅ ឪពុក​របស់​គេ​មាន​អារម្មណ៍​សោកស្ដាយ ប៉ុន្តែ​ក៏​គិត​ក្នុង​ចិត្ត​ថា​បន្តិច​ទៀត​កូន​នឹង​ត្រលប់​មក​ដោយ​ខ្លួន​ឯង។ គាត់​អង្គុយ​ចាំ​កូន​ប្រុស​នៅ​មាត់​ទ្វារ​ពេញ​មួយ​យប់ រហូត​មេឃ​ជិត​ភ្លឺ ទ្រាំ​លែង​បាន​ក៏​ចេញ​ទៅ​តាម​រក​គេ​មក​វិញ ប៉ុន្តែ​មិន​ត្រឹម​តែ​តាម​រក​កូន​ប្រុស​មិន​ឃើញ គាត់​ថែម​ទាំង​ជួប​គ្រោះថ្នាក់​ខ្យល់​គ​តាម​ផ្លូវ ត្រូវ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

កំឡុង​ពេល​ព្យាបាល​ខ្លួន​នៅ​មន្ទីរ​ពេទ្យ​គាត់​ក៏​នៅ​តែ​គិត​ដល់​កូន​ប្រុស ប៉ុន្តែ​ក៏​មិន​បាន​ដំណឹង​អ្វី​ទាល់​តែ​សោះ។ ​ទ្រាំ​មិន​បាន​គាត់​ក៏​ចេញ​ទៅ​តាម​រក​កូន​ប្រុស​ទាំង​មិន​ទាន់​ជា​សះ​ស្បើយ។ ជា​ថ្មី​ម្ដង​ទៀត គាត់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ធ្លាក់​ខ្លួន​ពិការ​ជើង​ដើរ​លែង​បាន។

១៣ឆ្នាំ​ក្រោយ​មក​ក្នុង​ថ្ងៃ​ដែល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ទៀត ក៏​មាន​រថយន្ត​ទំនើប​មួយ​ជិះ​ចូល​តម្រង់​មក​ផ្ទះ​របស់​ត្រកូល​លីន។ ដើម​ឈើ​ទាំង​ឡាយ​នៅ​ឈរ​កន្លែង​ដើម ស្រប​ពេល​កំឡោះ​រូបរាង​ស្អាត​បាត​ម្នាក់​ក៏​ចុះ​មក​ពី​រថយន្ត។ បុរស​ម្នាក់​នោះ​គឺ លីនថុង។

ក្មេង​ប្រុស​ដែល​រត់​ចេញ​ពី​ផ្ទះ​កាល​ពី​១៣​ឆ្នាំ​មុន រយៈ​ពេល​១៣​ឆ្នាំ​ពេញ​គេ​បាន​ព្យាយាម​ពុះពារ​គ្រប់យ៉ាង ដោយ​ប្រើ​ទាំង​កម្លាំង និង​ខួរ​ក្បាល​ប្រឹងប្រែង​ធ្វើ​ការ​រហូត​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ម្នាក់។ ១៣ឆ្នាំ​កន្លង​មក​នេះ​គេ​មិន​បាន​ទាក់ទង​មក​អ្នក​ផ្ទះ​សូម្បី​តែ​ម្ដង រហូត​ដល់​ថ្ងៃ​នេះ​គេ​បាន​ទទួល​ជោគជ័យ ក៏​ប្រមូល​លុយ​ជា​ច្រើន​មក​បង្ហាញ​ឲ្យ​ឪពុក​មើល។ គេ​រក​លុយ​បាន​ច្រើន​មែន​ទែន ដែល​អាច​និយាយ​បាន​ថា​ឪពុក​គេ​មិន​ដែល​ឃើញ​លុយ​ច្រើន​ដល់​ថ្នាក់​នេះ​ផង​ក៏​ថា​បាន។ គេ​គ្រាន់​តែ​ចង់​ឲ្យ​ឪពុក​របស់​គេ​ដឹង​ថា មិន​ចាំ​បាច់​រៀន​ខ្ពង់ខ្ពស់​ក៏​អាច​ទទួល​ជោគជ័យ​បាន​ដែរ។

នៅ​ពេល​គេ​បើក​ទ្វារ​ចូល​ក្នុង​ផ្ទះ ម្ដាយ​របស់​គេ​កំពុង​អង្គុយ​នៅ​ខាង​ក្នុង។ រូបភាព​ដែល​បាន​ឃើញ​នៅ​ពេល​នោះ ធ្វើ​ឲ្យ​គេ​ស្រក់​ទឹក​ភ្នែក​ភ្លាម​ៗ និង​ឈរ​នៅ​ស្ងៀម​ក្បែរ​មាត់​ទ្វារ។ ម្ដាយ​របស់​គេ​បាន​ឮ​សំឡេង ក៏​សួរ​ថា​ “អ្នក​ណា​គេ​ហ្នឹង?”

លីនថុង​ឆ្លើយ​តប​ម្ដាយ​មួយ​ៗ​ទាំង​អួល​ដើម​ក​ថា “ម៉ាក់ កូន​ត្រលប់​មក​វិញ​ហើយ!”

ម្ដាយ​របស់​គេ​នៅ​ស្ងៀម ឯ​ទឹក​ភ្នែក​ក៏​ហូរ​មក​លើ​ថ្ពាល់​ទាំង​គូ​របស់​គាត់ រួច​ក៏​លើក​ដៃ​រាវ​រក​កូន “ថុង​កូន​ម៉ាក់ នេះ​កូន​មែន​ឬ​មិន​មែន?”

គេ​ដើរ​ចូល​ទៅ​រក​ម្ដាយ ហើយ​ក៏​ចាប់​ដៃ​ទាំង​ពីរ​របស់​គាត់ “ម៉ាក់​គឺ​ខ្ញុំ​ណា​ម៉ាក់ គឺ​ខ្ញុំ​ពិត​មែន ភ្នែក​ម៉ាក់​កើត​អី?”

ម្ដាយ​របស់​គេ​នៅ​ពេល​នេះ​ក្លាយ​ជា​មនុស្ស​ពិការ​ភ្នែក​បាត់​ទៅ​ហើយ។ ចាប់​តាំង​ពី​គេ​ចេញ​ពី​ផ្ទះ​ទៅ ម្ដាយ​របស់​គេ​យំ​រាល់​ថ្ងៃ យំ​រហូត​មាន​បញ្ហា​ភ្នែក នៅ​ទី​បំផុត​ក៏​មើល​អ្វី​លែង​ឃើញ។​

គេ​ឱប​ម្ដាយ​យ៉ាង​ណែន ទាំង​ទឹក​ភ្នែក​ហូរ​រហាម រួច​ក៏​ព្យាយាម​ទប់​សំឡេង​និយាយ​ថា “ចុះ​ប៉ា​ ប៉ា​នៅ​ខឹង​ខ្ញុំ​ទេ​ម៉ាក់?”

“ប៉ា​ស្លាប់​ហើយ…” ម្ដាយ​និយាយ​ទាំង​ដក​ដង្ហើម​ធំ។

បន្ទាប់​ពី​គេ​បាត់​ខ្លួន​ទៅ ប៉ា​របស់​គេ​ដែល​ជួប​គ្រោះថ្នាក់​រហូត​ត្រូវ​ពិការ​ជើង​ដើរ​លែង​រួច មួយ​ថ្ងៃ​ៗ​តែង​អង្គុយ​លើ​រទេះ​រង់​ចាំ​កូន​ក្រោម​ដើម​ឈើ​នៅ​មុខ​ផ្ទះ។ រាង​កាយ​របស់​លោក​កាន់​តែ​ខ្សោយ​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គាត់​ទន្ទឹង​មើល​ផ្លូវ​កូន​ប្រុស​រយៈ​ពេល ១២ឆ្នាំ​ពេញ តែ​ក៏​មិន​ទទួល​បាន​ដំណឹង​អ្វី​ទាល់​តែ​សោះ។ ទី​បំផុត​គាត់​ក៏​លា​ចាក​លោក​ទៅ។

មុន​ពេល​​ស្លាប់ គាត់​បាន​ផ្ដាំ​ម្ដាយ​​របស់​គេ​ឲ្យ​និយាយ​ប្រាប់​គេ​ថា “អូន​សម្លាញ់ បង​ទ្រាំ​លែង​បាន​ទៀត​ហើយ បើ​ថ្ងៃ​ណា​មួយ​កូន​យើង​ត្រលប់​មក​វិញ ជួយ​ប្រាប់​គេ​ផង​ថា​បង​សុំ​ទោស បង​មិន​គួរ​ទះ​កំផ្លៀង​គេ​ទេ សូម​ឲ្យ​គេ​លើក​ទោស​ឲ្យ​ប៉ា​ផង”។

ក្រោយ​ស្ដាប់​ម្ដាយ​និយាយ​ចប់ គេ​ក៏​ទន់​ខ្លួន​លត់​ជង្គង់​ចុះ​លើ​កម្រាល​ឥដ្ឋ និង​និយាយ​ទាំង​ទឹក​ភ្នែក​ហូរ​មិន​ឈប់ “ប៉ា​អើយ កូន​ខុស​ហើយ…”។

មិន​ថា​មាន​លុយ​ឬ​គ្មាន​លុយ កូន​ៗ​ត្រូវ​ចំណាយ​ពេល​មើល​ថែ​ឪពុក​ម្ដាយ មុន​គ្រប់​យ៉ាង​យឺត​ពេល។ លុយ​អាច​ធ្វើ​ឲ្យ​យើង​មាន​ក្ដី​សុខ​ផ្នែក​ផ្លូវ​កាយ តែ​សម្រាប់​ផ្លូវ​ចិត្ត បើ​គិត​ឲ្យ​ជ្រៅ លុយ​គ្មាន​អ្វី​សំខាន់​នោះ​ទេ ទោះ​រក​មក​បាន​ច្រើន​ប៉ុណ្ណា បើ​មនុស្ស​ដែល​យើង​ចង់​ឲ្យ​ប្រើ​លុយ​នោះ​លែង​នៅ​ទៅ​ហើយ តើ​វា​មាន​ន័យ​អ្វី​ទៀត? ស៊ូ​រស់​នៅ​ក្នុង​ជីវភាព​សម​ល្មម ប៉ុន្តែ​មាន​ភាព​កក់ក្ដៅ​ពេញលេញ​សម្រាប់​​សមាជិក​គ្រួសារ​ទាំង​មូល ៕