អង្គុយចុចទូរសព្ទលេង ស្រាប់តែឆ្កែ មកនោមដាក់ខ្នង ស្អែកឡើងមករកវាវិញ ធ្វើរឿងមួយគួរឲ្យភ្ញាក់ផ្អើល

កាល​ពី​ពេល​ថ្មីៗ​នេះ វីដេអូ​ឃ្លិប​មួយ​ខ្សែ ដែល​បង្ហាញ​ឲ្យ​ឃើញ បុរស​ម្នាក់​ត្រូវ​សត្វ​សុនខ​លើក​ជើង​នោម​ដាក់​ខ្នង ត្រូវ​បាន​បង្ហោះ និង​ចែកចាយ នៅ​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។

បុរស​ខាង​លើ​នោះ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Heinze Sanchez មាន​អាយុ​២៧ឆ្នាំ មក​ពី​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល ដោយ​រូប​គេ​ទទួល​ភាព​អាម៉ាស់​មិន​ស្ទើរ​នោះ​ទេ ព្រោះតែ​ហេតុការណ៍​ទាំងមូល ត្រូវ​ថត​បាន​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព។

ទោះ​បី​ជា​យ៉ាង​ណា លោក Heinze មិន​បាន​ខឹង​ស្អប់​សត្វ​សុនខ​នោះ​ឡើយ ហើយ​បែរ​ជា​ធ្វើ​ទង្វើ​ដ៏​គួរ​ឲ្យ​សរសើរ​មួយ​ថែម​ទៀត​ផង។

រំលង​មួយ​ថ្ងៃ​ក្រោយ​ពេល​កើតហេតុ លោក Heinze បាន​ត្រលប់​ទៅ​កាន់​កន្លែង​កើតហេតុ​ដដែល​វិញ ដើម្បី​ស្វែងរក​សត្វ​សុនខ​អនាថា​មួយ​ក្បាល​នោះ។

លោក Heinze បាន​និយាយ​ថា «ខ្ញុំ​បាន​ដើរ​រក​វា​នៅ​ជុំវិញ​ទី​នោះ ហើយ​សួរ​គេ​ថា​វា​មាន​ម្ចាស់ ឬ​ក៏​អត់។ នៅ​ពេល​ខ្ញុំ​រក​ឃើញ​វា ខ្ញុំ​ក៏​បាន​ហៅ​វា ហើយ​វា​ក៏​បក់​កន្ទុយ រត់​មក​រក​ខ្ញុំ»។ ក្រោយមក ពួក​គេ​បាន​ប្រលែង​លេង​ជាមួយ​គ្នា​មួយ​សន្ទុះ មុន​ពេល​ដែល​បុរស​ចិត្តធម៌​រូប​នេះ សម្រេចចិត្ត​យក​វា​ទៅ​ផ្ទះ​ជាមួយ។

Heinze បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា លោក​ដាក់​ឈ្មោះ​ឲ្យ​វា​ថា Enzo ព្រោះ​វា​ស្លូត​ណាស់ ទោះ​បី​ជា​វា​ធ្វើ​ឲ្យ​ផ្ទះ​អ្នក​ជិត​ខាង​ខ្ញុំ​រញ៉េរញ៉ៃ​បន្តិច ប៉ុន្តែ​វា​ជា​ឆ្កែ​ល្អ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ Heinze នៅ​ពេល​ដែល​លោក​ព្យាយាម​ទាត់​សត្វ​សុនខ​នោះ ក្រោយ​ពេល​វា​នោម​ដាក់​លោក។ ផ្ទុយទៅវិញ លោក Heinze បាន​បញ្ជាក់​ថា «ខ្ញុំ​បាន​ដក​ជើង​វិញ។ វា​គ្រាន់​តែ​ជា​ប្រតិកម្ម​ប៉ុណ្ណោះ ហើយ​ខ្ញុំ​គ្មាន​បំណង​ធ្វើ​បាប​វា​ទេ»៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖