មូលហេតុ​ដ៏​ភ្ញាក់ផ្អើល ដែល​មនុស្ស​ភាគ​តិច មាន​រន្ធ​តូច​នេះ​ក្បែរ​ត្រចៀក

281

មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​កើត​មក​មាន​រន្ធ​តូច​មួយ ស្ទើរ​មើល​មិន​ឃើញ នៅ​ក្បែរ​ត្រចៀក​របស់​ពួកគេ។ ទោះ​ជា​យ៉ាង​ណា ពួកគេ​មិនមែន​ជា​មនុស្ស​ចម្លែក ឬ​មាន​បញ្ហា​អ្វី​ឡើយ។

នៅ​ចក្រភព​អង់គ្លេស មនុស្ស​ចំនួន​មិន​ដល់ ១​ភាគរយ​ឡើយ ដែល​មាន​រន្ធ​តូច​ក្បែរ​ត្រចៀក​បែប​នេះ។ ចំណែក​ឯ​សហរដ្ឋអាមេរិក រឹតតែ​មាន​តិច ប៉ុន្តែ​នៅ​អាស៊ី និង​អាហ្វ្រិក មនុស្ស​ចំនួន​ពី ៤ ទៅ ១០​ភាគរយ​មាន​វា។

រន្ធ​តូច​នៅ​ក្បែរ​ត្រចៀក​នោះ ត្រូវ​បាន​គេ​ហៅ​ថា ប្រហោង​ឆ្អឹង Preauricular Sinus គឺ​ជា​អាការៈ​ដែល​កើត​មាន​ពី​កំណើត ដែល​ត្រូវ​បាន​រាយការណ៍​ដំបូង​បង្អស់ នៅ​ក្នុង​ឆ្នាំ​១៨៦៤ ដោយ​អ្នក​វិទ្យាសាស្ត្រ ឈ្មោះ Van Heusinger។ វា​ជា​រន្ធ​ដែល​កើត​មាន​ឡើង ក្នុង​អំឡុង​វិវត្តន៍របស់​ទារក នៅ​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង និង​ជា​តំណពូជ។

គួរ​បញ្ជាក់​ថា រន្ធ​ប្រហោង​ឆ្អឹង​នេះ កើត​មាន​នៅ​ជុំវិញ​ខាង​ក្រៅ​ត្រចៀក ត្រង់​កន្លែង​ដែល​ឆ្អឹង​ខ្ចី​ផ្ទៃមុខ និង​ត្រចៀក​ជួប​គ្នា។ យ៉ាង​ណា​ក៏​ដោយ ផលវិបាក​តែ​មួយ​គត់​របស់​វា​គឺ អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ម្ដងម្កាល។ ផ្ទុយទៅវិញ ទោះ​បី​ជា​អ្នក​មាន​វា​ក៏​ដោយ ក៏​អ្នក​គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ដែរ៕

ប្រភព ៖ Sabay