ទិញក្រឡតម្លៃ១០ដុល្លារ ទុកចោលក្នុងបន្ទប់ ចុងក្រោយគេសុំទិញ ១លានដុល្លារ សប្បាយចិត្តស្ទើរហោះ

97

កូន​ក្រឡ​ប៉សឺឡែន​តូច​មួយ ដែល​មាន​តម្លៃ​មិន​ដល់ ១០​ដុល្លារ ហើយ​ត្រូវ​បាន​គេ​ទុក​ចោល​នៅ​ក្នុង​បន្ទប់ គ្រប​ដណ្ដប់​ដោយ​ធូលី​ដី បាន​ដាក់​លក់​ដេញ​ថ្លៃ រហូត​ដល់​ទៅ ជាង​១​លាន​ដុល្លារ។

ម្ចាស់​ក្រឡ​ដែល​មាន​កម្ពស់ ១០​សង់ទីម៉ែត្រ មិន​នឹក​ស្មាន​ថា វា​មាន​តម្លៃ​ដល់​ថ្នាក់​នេះ​ឡើយ រហូត​ដល់​ពួក​គេ​បាន​អញ្ជើញ​អ្នក​ជំនាញ​មក​ពិនិត្យ​មើល វត្ថុ​បុរាណ​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ ដើម្បី​លក់​យក​ប្រាក់​ជួស​ជុល​ផ្ទះ។

អ្នក​ជំនាញ​ម្នាក់​មាន​ឈ្មោះ​ថា John Axford បាន​ប្រទះ​ឃើញ ក្រឡ​ប៉សឺឡែន ពណ៌ខៀវ លាយ ស និង បៃតង នោះ និង​បាន​រក​ឃើញ​ថា វា​ជា​ក្រឡ​ដ៏​កម្រ​របស់​ប្រទេស​ចិន ដែល​មាន​អាយុ​កាល​ជាង ៣០០​ឆ្នាំ​មក​ហើយ។ លោក John បាន​ឲ្យ​ដឹង​ថា ក្រឡ​ប្រភេទ​នេះ​ជា​ច្រើន ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​អធិរាជ Yongzheng នៃ រាជវង្ស Qing ប៉ុន្តែ​វា​សល់​មិន​ច្រើន​ឡើយ​បច្ចុប្បន្ន​នេះ។

ជាក់​ស្ដែង ក្រឡ​ស្រដៀង​គ្នា​នេះ ចំនួន​៣ គឺ​មាន​នៅ​ក្នុង​សារមន្ទីរ ក្នុង​តំបន់​អាស៊ី ខណៈ សារមន្ទីរ «Victoria and Albert Museum» ស្ថិត​ក្នុង​ទីក្រុង London ប្រទេស​អង់គ្លេស មាន​១​ដែរ ប៉ុន្តែ​មិន​ល្អ ដូច ក្រឡ ដែល​លោក John បាន​រក​ឃើញ​ឡើយ។

គួរ​បញ្ជាក់​ថា កូន​ក្រឡ​តូច​តែ​ខ្លឹម​នោះ ត្រូវ​បាន​ទិញ​មក​ពី​ហាង​​វត្ថុ​បុរាណ ក្នុង​ទីក្រុង London កាល​ពី​ខែ​ឧសភា ឆ្នាំ​១៩៤៦ ក្នុង​តម្លៃ​មិន​ដល់​១០​ដុល្លារ​ផង ទុក​ធ្វើ​ជា​កាដូ សម្រាប់​ឪពុក​ម្តាយ​របស់​ម្ចាស់​ផ្ទះ​ខាង​លើ។

វា​ត្រូវ​បាន​ដាក់​លក់​ដេញ​ថ្លៃ កាល​ពី​ថ្ងៃ​ពុធ ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ នៅ​ឯ​កន្លែង​លក់​ដេញ​ថ្លៃ «Woolley and Wallis» ស្ថិត​ក្នុង​ទីក្រុង Salibsury ប្រទេស​អង់គ្លេស ក្នុង​តម្លៃ ៨២០ ០០០ផោន ឬ​ជាង ១​លាន​ដុល្លារ៕