ឃើញអ្នកសុំទាន គួរឲ្យអាណិត សេដ្ឋីចិត្តល្អ ឲ្យលុយ១ពាន់ដុល្លារ សង្ស័យ​ថា​ចាញ់​បោក ក៏​តាម​មើល ចុងក្រោយនឹកស្មានមិនដល់

ថៅកែ ស៊ិន ​អាយុ ៥០ឆ្នាំ​ប្លាយ​ គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ ជា​សេដ្ឋី​មាន​ប្រាក់​រាប់សិប​លាន។ មនុស្ស​ម្នា​ជា​ច្រើន​នាក់​លួច​ច្រណែន​គាត់ ប៉ុន្តែ​មួយ​រយៈ​នេះ​គាត់​មាន​បញ្ហា​ត្រូវ​ឈឺក្បាល​ជា​ខ្លាំង ខណៈ​កូន​ប្រុស​តែ​មួយ​គ្រាប់​​របស់​គាត់ ដែល​មាន​អាយុ ២២ឆ្នាំ មិន​​ស្ដាប់​បង្គាប់ មិន​ព្រម​រៀន​សូត្រ មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ។ ប្រមាណ​ជា​៦​ខែ​មុន​គេ​ត្រូវ​ប៉ូលិស​ចាប់​ដោយ​សារ​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុងបារ និង​ទើប​តែត្រូវ​ដោះលែង​កាល​ពី​អាទិត្យ​មុន។ គ្រាន់​តែ​ចេញ​ពី​គុក​ភ្លាម គេ​ក៏​សុំ​លុយ​ឪពុក​ទៅ​ដើរ​លេង​ទៀត។ ថៅកែ​ ស៊ិន ខឹង​ខ្លាំង​ក៏​ដក​ហូត​កាត​ក្រេឌីត​ទាំង​អស់​របស់​កូន​ប្រុស រួច​ហើយ​ក៏​បង្ខាំងគេ​ទុក​ក្នុង​ផ្ទះ។

កូន​ប្រុស​វិញ​ក៏​ខឹង​ឆេវឆាវ​ដែល​ឪពុក​មិន​ធ្វើ​តាម​ចិត្ត​ខ្លួន និង​គំរាម​ថា​នឹង​លួច​យក​ឡាន​ទៅ​លក់។ ថៅកែ​ក៏​ប្រាប់​កូន​ដោយ​សម្ដី​ទន់ភ្លន់​ថា “អាទិត្យ​ក្រោយ​ប៉ា​នឹង​ទៅ​លេង​ស្រុក​កំណើត បើ​កូន​ទៅ​ជាមួយ​ប៉ា​ហើយ​ធ្វើ​តាម​អ្វី​ដែល​ប៉ា​ប្រាប់​គ្រប់​យ៉ាង ពេល​ត្រលប់​មក​វិញ​ កូន​ត្រូវការ​អី ក៏​ប៉ា​ឲ្យ​ដែរ”។ កូន​ប្រុស​ឮ​ឪពុក​និយាយ​ដូច្នេះ ក៏​ញញឹម​ហើយ​យល់​ព្រម​ភ្លាម។

៣ថ្ងៃ​ក្រោយ​មក ថៅកែ​ ស៊ិន ក៏​នាំ​កូន​ប្រុស​ជិះ​រថភ្លើង​ទៅ​ស្រុក​កំណើត។ ដំបូង​កូន​ប្រុស​ក៏​ឆ្ងល់​ថា​ហេតុ​អ្វី​មិន​ជិះ​យន្តហោះ ប៉ុន្តែ​ពេល​គិត​ដល់​​ខ​សន្យា​ជាមួយ​ឪពុក គេ​ក៏​មិន​និយាយ​អ្វី ដោយ​អង្គុយ​ស្ងៀម​លើ​កៅអី​រឹង​ៗ មុន​លង់​ខ្លួន​ដេក​លក់​ទៅ។ ថៅកែ ស៊ិន សម្លឹង​មុខ​កូន​ប្រុស ហើយ​ដក​ដង្ហើម​ធំ។ គាត់​នឹក​ឃើញ កាល​គាត់​មាន​អាយុ​ស្របាល​កូន​ គឺ​បាន​ចេញ​ទៅ​ធ្វើការ​រក​លុយ​បាត់​ទៅ​ហើយ។ គាត់​ចាំ​បាន​ថា​ កាល​នោះ​គាត់​បាន​មក​ហាត់​ការងារ​នៅ​រោងចក្រ​គ្រឿង​ចក្រ​មួយ​កន្លែង។ រាល់​ថ្ងៃ​ត្រូវ​ធ្វើ​ការ​ជាង ១៥ម៉ោង ថែម​ទាំង​ត្រូវ​មេ​ស្ដី​ឲ្យ​ញឹកញាប់​ទៀត។ ៣ឆ្នាំ​បន្ទាប់ ទើប​គាត់​បាន​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធ​របស់​រោងចក្រ។

រថភ្លើង​បន្ត​ដំណើរ​ឆ្ពោះទៅ​មុខកាត់​ផ្ទៃ​មេឃ​ដែល​រៀប​នឹង​ធ្លាក់​ងងឹត ​អម​ដោយ​សំឡេង​កង់​ទង្គិច​ជាមួយ​ផ្លូវ​ដែក​ លាន់​ស្នូរ “គឹងៗ”។ ថៅកែ​សំឡឹង​មើល​ទៅ​ឆ្ងាយ​ហើយ​ក៏​នឹក​ឃើញ​ដល់​ខ្លួន​ឯងកាល​ពី​មុន។ ពេល​នៅ​ជា​យុវវ័យ ជីវិត​របស់​គាត់​លំបាក​លំបិន​ខ្លាំង​ណាស់ ម្ល៉ោះ​ហើយ​ក៏​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ប្រុស​រស់​នៅ​បាន​ស្រណុក​បំផុត ស្មាន​មិន​ដល់​​ថា​កូន​ប្រុស​បែរ​ជា​ធ្វើ​ខ្លួន​ជា​កូន​សេដ្ឋី​គ្មាន​បាន​ការ មួយ​ថ្ងៃ​ៗ​ក្រៅ​ពី​ប្រណាំង​ឡាន​​ម៉ូតូ និង​ញ៉ែ​ស្រី ក៏​ចេះ​ត្រឹម​តែ​នាំមិត្តភ័ក្ដិ​ទៅ​ផឹក។

ព្រឹក​ឡើង រូបភាព​ដែល​នៅខាង​ក្រៅ​បង្អួច​រថភ្លើង​​ក៏​ក្លាយ​ជា​វាល​ស្រែ​លឿង​ទុំ​ដាច់​កន្ទុយ​ភ្នែក។ កូនប្រុស​​សេដ្ឋី​ភ្ញាក់​ឡើង មិន​និយាយ​អ្វី ក៏​ស្រែកឮ​ៗ​​ដាក់​ឪពុក​ថា “ឃ្លាន​ណាស់​ប៉ា!”។ ថៅកែ​ស៊ិន ​ក៏​លូក​ដៃ​ចូល​កាបូប​ទាញ​ដំឡូង​ស្ងោរ​ចេញ​មក​ពីរ​ដុំ​ដាក់​ពីមុខ​កូន។ កូន​ប្រុសមិន​និយាយ​ច្រើន​ ក៏​ទាញ​ដំឡូង​យក​មក​ហូប​យ៉ាង​ទំនង​ឆ្ងាញ់។ ថៅកែ​ស៊ិនញញឹម​តិច​ៗ​ ហើយ​ក៏​សំឡឹង​មើល​ទៅ​ក្រៅ​បង្អួច​បន្ត និង​ពិសារ​ដំឡូង​មួយ​ដុំ​ដែរ។

ព្រះ​អាទិត្យ​ចាប់​ផ្ដើម​លិច​ម្ដង​ទៀត កូន​ប្រុស​​ត្រូវ​ភាព​ចុក​រោយ​ធ្វើ​ទុក្ខ​រហូត​ភ្ញាក់​ដឹង​ខ្លួន​ពី​ដំណេក ចំណែក​ពោះ​ក៏​កូរ​គ្រូក​ៗ។ គេ​សំឡឹង​មើល​មី​កំប៉ុង​ក្នុង​ដៃ​អ្នក​ដែល​អង្គុយ​ក្បែរ​នោះ​ព្រម​ទាំង​លេប​ទឹក​មាត់។ បុរស​ពិសារ​មីដែល​​ស្លៀក​សំលៀកបំពាក់​កម្មករ​ចាស់​ៗ​ និង​មើល​ទៅ​ស្រម៉េមស្រម៉ាម​ឃើញ​ដូច្នេះ​ក៏​ញញឹម​ដាក់​គេ គេ​ក៏​បែរ​ធ្វើ​ជា​សំឡឹង​ទៅ​ជ្រុង​ម្ខាង​ទៀត។ ថៅកែ​ឃើញ​អាកប្បកិរិយា​របស់​កូន​ប្រុស​ដូច្នេះ​ក៏​គ្រវី​ក្បាល ហើយ​យក​​ដំឡូង​ស្ងោរ​ចេញ​មក​ម្ដង​ទៀត កូន​ប្រុស​ក៏​ទាញ​ទៅ​ហូប​យក​ៗ។ អាហារ​ពេល​បន្ត​បន្ទាប់​ក៏​ដូច​គ្នា ឪពុក​និង​កូន​មាន​តែ​ដំឡូង​ស្ងោរ​ប៉ុណ្ណោះ​ដើម្បី​រម្ងាប់​ភាព​ឃ្លាន។

ទី​បំផុត​រថភ្លើង​ក៏​ឈប់​នៅ​ទីក្រុង​យ៉ានឈួន។ ថៅកែ​ស៊ិន​ក៏​ហៅ​កូន​ប្រុស​ចេញ​ពី​រថភ្លើង ដើរ​ចេញ​មក​មិន​ឆ្ងាយ​ប៉ុន្មាន​ ក៏​ឃើញ​មនុស្ស​មួយ​ក្រុម​កំពុង​ឱន​មើល​អ្វី​មួយ។ ពីរ​នាក់​ឪពុក​កូន​​ចូល​ទៅ​មើល​ដែរ ក៏​ឃើញ​មនុស្ស​ស្រី​អាយុ​ប្រមាណ ៣០ឆ្នាំ ពរ​កូន​ប្រុស​ពិការ​ដៃ​អង្គុយ​នៅ​ចិញ្ចើម​ផ្លូវ។ នៅ​ខាង​មុខ​នាង​មាន​​ប្រអប់​មួយ​ដែល​មាន​ក្រដាស​លុយ​បន្តិចបន្តួច និង​មាន​ក្រដាស​សរសេរ​ថា នាង​ត្រូវ​ការ​ប្រាក់​ដើម្បី​ព្យាបាល​កូន ព្រម​ជាមួយ​លេខ​ទូរស័ព្ទ និង​លេខ​អត្តសញ្ញាណប័ណ្ណ​របស់​នាង​ជាមួយ​នោះ​ដែរ។

កូន​ប្រុស​ពេល​ឃើញ​ស្ត្រី​ដែល​អង្គុយ​ផ្ទាល់​ដី​នោះ ក៏​ខ្សឹប​ប្រាប់​ឪពុក​ថា​ស្រី​ម្នាក់​នេះ​គឺ​ជា​ពួក​បោក​ប្រាស់​ប្រាកដ​ណាស់ ស្ថានីយ​រថភ្លើង​ណា​ក៏​មាន​ដែរ​ អ្នក​សុំ​ទាន​បោកប្រាស់​បែប​នេះ។ ថៅកែ​ស៊ិន​សំឡឹង​មើល​លេខ​អត្តសញ្ញាណ​ប័ណ្ណ​នោះ​យូរ​បន្តិច កូន​ប្រុស​ដែល​ពិការ​ដៃ​ក៏​ងើយ​មុខ​មក​សំឡឹង​មុខ​គាត់ គាត់​ក៏​នឹក​ឃើញ​ដល់​កាល​គាត់​នៅ​តូច មិន​ថា​នៅ​ផ្ទះ​ក្រ​លំបាក​​ប៉ុណ្ណា ប៉ុន្តែ​ពេល​ម្ដាយ​គាត់​ឃើញ​ស្ត្រី​ពរ​កូន​មក​សុំ​ទាន ម្ដាយ​គាត់​ក៏​ស្រក់​ទឹកភ្នែក​ និង​យក​បាយ​ឲ្យ​អ្នក​សុំ​ទាន​ម្នាក់​នោះ​ហូប។

ថៅកែ​ស៊ិន​ឱន​ទៅ​អង្អែល​ក្បាល​​កូន​តូច​នោះ កូន​តូច​នោះ​ក៏សើច​ដាក់​គាត់។ គាត់​​ក៏​លូក​កាបូប​លុយ​ទាញ​ប្រាក់​ចេញ​មក​១ពាន់​ដុល្លារ ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​នោះ​បង្ហាញ​ទឹក​មុខ​ និង​សំឡេង​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា។ នាង​ពរ​កូន​ដៃ​ម្ខាង ដៃ​ម្ខាង​ទៀត​ក៏​ក្រាប​សំពះ​ថៅកែ​ស៊ិន​ដល់​ដី ថៅកែ​ក៏​ជួយ​ទាញ​នាង​ឲ្យ​ងើប​មក​វិញ មុន​និយាយ​តិច​ៗ​ថា ប្រញាប់​ទៅ​ទិញ​អី​ឲ្យ​កូន​ហូប ហើយ​ដើរ​ចេញ​ពី​ហ្វូង​មនុស្ស។

កូន​ប្រុស​ឃើញ​បែប​នេះ​ក៏​ជឿជាក់​ថា​ឪពុក​ត្រូវ​គេ​បោក​មែនទែន​ហើយ។ ស្ត្រី​ម្នាក់​នោះ​ប្រហែល​ជា​បាន​ជប់លៀង​ធំ​ហើយ​នៅ​ថ្ងៃ​នោះ ព្រោះ​បាន​លុយ​រហូត​ដល់​មួយ​ពាន់​ដុល្លារ។ ថៅកែ​ស៊ិន​ និយាយ​ប្រាប់​កូន​ថា ពីរ​នាក់​ម្ដាយ​កូន​នេះ​មើល​ទៅ​មិន​ទំនង​ជា​អ្នក​បោក​ប្រាស់​ទេ អ្នក​បោកប្រាស់​ឯណា​ដែល​មាន​អាកប្បកិរិយា​ខ្លាច​រអែង​ពេល​បាន​លុយដូច្នេះ? កូន​ប្រុស​មិន​និយាយ​អ្វី​ទៀត ក៏​ដើរ​តាម​ពី​ក្រោយ​ឪពុក មក​ដល់​ផ្ទះ​នៅ​ភូមិ​ក៏​ត្រូវ​ធ្វើ​ការ​​ងារ​ច្រើន​យ៉ាង​លំបាក មួយ​ថ្ងៃ​ៗ​មាន​តែ​បាយ​ជាមួយ​ជ្រក់​ត្រសក់​ប៉ុណ្ណោះ​ជា​អាហារ។

ស្នាក់នៅ​បាន ៦ថ្ងៃ ថៅកែ​ស៊ិន​ក៏​នាំ​កូន​ប្រុស​ទៅ​ស្ថានីយ​រថភ្លើង ត្រៀម​ខ្លួន​ត្រលប់​ទៅ​ផ្ទះ​វិញ។ ពេល​ពីរ​នាក់​ឪពុក​កូន​មក​ដល់​ស្ថានីយ​រថភ្លើង ក៏​បាន​ជួប​ស្ត្រី​សុំ​ទាន​ម្នាក់​នោះដដែល តែ​អ្វី​ដែល​ប្លែក​នោះ​គឺ​ក្មេង​ដែល​នៅ​ជាមួយ​នាង​ក៏​ប្រែ​ជា​ក្មេង​ស្រី​ក្រង​សក់។ កូន​ប្រុស​ចង្អុល​ទៅ​ស្ត្រី ម្នាក់​នោះ​ រួច​ប្រាប់​ឪពុក​ថា “ប៉ា​មើល​ទៅ ​ខ្ញុំ​ប្រាប់​ហើយ​ថា​ប៉ា​ចាញ់​បោក​គេ​ទេ ស្រី​ម្នាក់​នេះ​ជា​អ្នក​បោកប្រាស់”។

កូន​ប្រុស​ទាញ​ទូរសព្ទ​ចេញ​មក​រៀប​នឹង​ប្ដឹង​ប៉ូលិស ថៅកែ​ស៊ិន​ក៏​ឃាត់​កូន​ប្រុស ហើយ​ក៏​បបួល​កូន​ប្រុស​តាម​មើល​ស្ត្រី​ម្នាក់​នេះ​ឲ្យ​បាន​ច្បាស់​សិន បើ​យ៉ាង​ណា​ៗ សឹម​ប្ដឹង​ប៉ូលិស។ មេឃ​ចាប់​ផ្ដើម​ងងឹត ស្រ្តី​ម្នាក់​នោះ​ក៏​ងើប​ឈរ​ រើ​ឥវ៉ាន់ និង​ពរ​ក្មេង​ស្រី​នោះ​ចេញ​ទៅ​ទាំង​ទឹក​មុខ​ញញឹមញញែម។ ថៅកែ​និង​កូន​ប្រុស​ក៏​លួច​ដើរ​តាម​ពី​ក្រោយ។ ១០នាទី​ក្រោយ​មក ស្ត្រី​ម្នាក់​នោះ​ក៏​ឈប់​នៅ​មុខ​របង​ផ្ទះ​ចាស់​មួយ។ នាង​លូក​ដៃ​ទាញ​កូន​សោរ​មក​ចាក់​បើក​ទ្វារ​ ដើរ​ចូល​ក្នុង ចំណែក​ពីរ​នាក់​ឪពុក​កូន​ក៏​លប​ៗ​ចូល​តាម​ក្រោយ។

នៅ​ខាង​មុខ​ផ្ទះ​មាន​ខោ​អាវ​ក្មេង​តូច​ៗ​ជាង ១០ឈុត​ហាល​លើ​ស្នួរ នៅ​លើ​ជញ្ជាំង​មាន​ក្ដារ​ខៀន​ខ្មៅ​សរសេរ​អក្សរ​ក្រវេមក្រវាម។ ថៅកែ​ស៊ិន​សំឡឹង​មើល​អ្វី​ៗ​ជុំវិញ​ខ្លួន​ដោយ​ក្ដី​ងឿង​ឆ្ងល់។ ភ្លាម​នោះ​ក៏​ឮ​សំឡេង​សើច​ចេញ​ពី​ខាង​ក្នុង​ផ្ទះ។ ពីរ​នាក់​ឪពុក​កូន​ដើរ​ទៅ​លប​មើល​​តាម​បង្អួច ក៏​ឃើញ​ក្មេង​ៗ​ពិការ ៥-៦នាក់សើច​ញញឹម​យ៉ាង​មាន​ក្ដី​សុខ​នៅ​ជុំវិញ​ស្ត្រី​ម្នាក់​នោះ។ នាង​ទាញ​នំ​ចេញ​មក​ចែក​ក្មេង​ៗ​ បន្ទាប់​មក​ក៏​ដើរ​ទៅ​គ្រែ។ លើ​គ្រែ​នោះ​មាន​ក្មេង​ម្នាក់​ដេក​ហៀរ​ទឹក​មាត់ និង​មិន​អាច​លើក​ដៃ​លើក​ជើង​បាន។ នាង​ជួយ​ប្ដូរ​កន្ទប​ឲ្យ​គេ ដោយ​ខ្សែ​ភ្នែក​ទន់ភ្លន់។

ថៅកែ​ស៊ិន​ឃើញ​បែប​នេះ​ក៏​ទប់​ទឹក​ភ្នែក​មិន​បាន បែរ​មក​មើល​កូន​ប្រុស​ដែល​នៅ​ជិត កូន​ប្រុស​ក៏​កំពុង​លួច​ជូត​ទឹក​ភ្នែក ពេល​ឃើញ​ឪពុក​សំឡឹង​មក គេ​ក៏​ធ្វើ​ជា​គ្រវី​ក្បាល។ ថៅកែ​ស៊ិន និង​កូន​ប្រុស​ក៏​លប​ៗ​ចេញ​មក​ក្រៅ​វិញ និង​ស្នាក់​នៅ​ស្រុក​នោះ​មួយ​យប់ រហូត​​ស្អែកឡើង​​ក៏​ជិះ​រថភ្លើង​ធ្វើ​ដំណើរ​ត្រលប់​មក​ផ្ទះ​វិញពេល​រសៀល។

ល្ងាច​ថ្ងៃ​នោះ ពេល​ស្ត្រី​​ម្នាក់​នោះ​ពរ​កូន​​ត្រលប់​មក​ផ្ទះ​វិញ ក៏​ឃើញ​មាន​កាបូប​ធ្វើ​ដំណើរ​មួយ​នៅ​ក្នុង​ផ្ទះ ដោយ​លើ​នោះមាន​សំបុត្រ​មួយ​ច្បាប់។ ក្មេង​ដែល​ធំ​ជាង​គេ​ក៏​និយាយ​ប្រាប់​ថា កាល​ពី​ថ្ងៃ​ត្រង់​មាន​លោក​តា និង​លោក​ពូ​ម្នាក់ មក​ប្រាប់​ថា​ឲ្យ​ទុក​កាបូប​នេះ​ឲ្យ​ម៉ែ ថែម​ទាំង​ពរ​ពួក​គេ​ទៀត។ ស្ត្រី​នោះ​ទាញ​សំបុត្រ​មក​អាន ដែល​ជួរ​ខាង​លើ​​សំបុត្រ​នោះ​សរសេរ​ថា “អ្នក​ម្ដាយ​ចិត្ត​ល្អ”។ នាង​អាន​ហើយ​ក៏​រំភើប​ចិត្ត យក​ដៃ​ខ្ទប់​មាត់។

ការ​ពិត​ទៅ​ស្ត្រី​ម្នាក់​នេះ មាន​ឈ្មោះ​ថា វ៉ាំង សោស៊ូ។ កាល​ពី​៥ឆ្នាំ​មុន បន្ទាប់​ពី​រៀបការ​ថ្មី​ៗ នាង​ក៏​រើស​ក្មេង​ពិការ​ម្នាក់​មក​ចិញ្ចឹម។ ប្ដី​របស់​នាង​ក៏​គំរាម​លែងលះ​បើ​នាង​នៅ​តែ​ចិញ្ចឹម​ក្មេង​ពិការ​នេះ​ទៀត ប៉ុន្តែ​នាង​មិន​ព្រម។ ក្រោយ​មក​នាង​ក៏​បាន​ទទួល​ចិញ្ចឹម​ក្មេង​ពិការ​ដែល​ត្រូវ​ឪពុក​ម្ដាយ​បោះបង់​ចោល ៦-៧ នាក់​ ធ្វើ​ឲ្យ​មាន​បន្ទុក​កាន់​តែ​ច្រើន រហូត​នាង​តស៊ូ​លែង​បាន ក៏​បាន​ត្រឹម​តែ​ទៅ​សុំ​ទាន​នៅ​មុខ​ស្ថានីយ​រថភ្លើង រហូត​ដល់​ល្ងាច​ៗ​ក៏​ត្រលប់​ទៅ​ផ្ទះ​មើល​ថែ​ក្មេង​ៗ​វិញ​ បែប​នេះ​ជាង ៥ឆ្នាំ​មក​ហើយ។

វ៉ាំង​សោស៊ូ រូត​កាបូប​មើល​ខាង​ក្នុង​ក៏​ឃើញ​ប្រាក់ជាង​១០ម៉ឺន​ដុល្លារ។ នាង​ឱប​ក្មេង​ៗ​ដែល​អង្គុយ​ជុំវិញ​ទាំង​ស្រក់​ទឹក​ភ្នែក។ ចំណែក​កូន​ប្រុស​របស់​ថៅកែ​ស៊ិន ពេល​ត្រលប់​ទៅ​ផ្ទះ​វិញ​ក៏​ឈប់​ទាក់ទង​ជាមួយ​មិត្តភ័ក្ដិ​ដែល​ធ្លាប់​ប៉ោឡែ​ជាមួយ​គ្នា ហើយ​ងាក​មក​ជួយឪពុក​ធ្វើ​​ការងារ​ក្នុង​ក្រុមហ៊ុន​យ៉ាង​ឧស្សាហ៍​ព្យាយាម និង​តែង​ចូលរួម​បរិច្ចាគ​ប្រាក់​សម្រាប់​អ្នក​ទីទ័ល​ក្រ​ជា​ប្រចាំ៕