ផ្ទុះការភ្ញាក់ផ្អើល ក្រោយជីក​ឃើញ ​សាក​សព​មាន​បាលី កាប់​មិន​មុត​ដុត​មិន​ឆេះ នៅ​ថៃ

412

កាល​ពី​ពេល​ថ្មីៗ​នេះ គេ​បាន​ជីក​ឃើញ​សាក​សព​ដែល​មាន​ស្នាម​សាក់​ពេញ​ខ្លួន​មួយ នៅ​តំបន់​ផ្នូរ​បុរាណ ហើយ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ស្បែក​សាក​សព ស្ថិត​នៅ​សភាព​ដដែល (មិន​ស្អុយ​រលួយ)។

ក្រុម​អាជ្ញាធរ​បាន​រក​ឃើញ​សាក​សព​ខាង​លើ ខណៈ​ពេល​កំពុង​លាង​សម្អាត​ទី​បញ្ចុះ​សព​បុរាណ​ដាច់​ស្រយាល​មួយ ដែល​ស្ថិត​ក្នុង​តំបន់ Mukdahan ប្រទេស​ថៃ ក្បែរ​ព្រំដែន ប្រទេស​ឡាវ។ នៅ​លើ​ខ្លួន​សាក​សព គេ​ប្រទះ​ឃើញ​ស្នាម​សាក់​មួយ​ផ្ទាំង​របក​ចេញ​មក ដែល​គេ​ជឿជាក់​ថា ជា​ផ្នែក​មួយ​នៃ​អក្ខរាវិរុទ្ធ​វេទមន្ត​​បុរាណ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក កាប់​មិន​មុត ដុត​មិន​ឆេះ និង​មិន​ចេះ​ស្អុយ​រលួយ។

ជា​មួយ​គ្នា​នេះ​ដែរ ស្នាម​សាក់​ដែល​សរសេរ​ជា​ភាសា​បាលី​សំស្ក្រឹត និង​មាន​រូប​ខ្លា​នោះ ត្រូវ​គេ​ជឿ​ជាក់​ថា ប្រើ​ដើម្បី​រក្សា​រាង​កាយ​សាក​សព មិន​ឲ្យ​ខូច​ខាត ឬ​ស្អុយ​រលួយ។ ប៉ុន្តែ វា​អាច​ជា​មូល​ហេតុ ដែល​ធ្វើ​ឲ្យ​សាក​សព​ខាង​លើ​ស្លាប់។ នេះ​បើ​យោង​តាម​អង្គការ​បុរាណ​វិទូ​ថៃ។

ស្នាម​សាក់ ប្រហែល​ជា​បាន​រារាំង​សាក​សព​ខាងលើ (កាល​នៅ​រស់) ពី​ការ​វះ​កាត់​រលាក​ខ្នែង​ពោះវៀន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​បុរាណ​វិទូ Goopaitongdaeng Jeemokkho Goopainueng Soonpaed ហៅ​កាត់​ថា GORR។

មិន​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​បាន​ចែក​រំលែក​រូប​ភាព​ជា​ច្រើន​សន្លឹក នៅ​លើ​បណ្ដាញ​អនឡាញ ដោយ​និយាយ​ថា «អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​សម្អាត​ទី​បញ្ចុះ​សព ជា​មួយ​ប្រជាជន​ក្នុង​តំបន់ និង​អ្នក​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​នាក់ ដោយ​បាន​រក​ឃើញ​សាក​សព​បុរស​ចំណាស់​ម្នាក់ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​ខ្នែង​ពោះវៀន»។

តាម​ការ​ឲ្យ​ដឹង​ដដែល​បាន​បន្ត​ទៀត​ថា «ទោះ​ជា​យ៉ាង​ណា រូបគេ​មិន​អាច​ទទួល​ការ​វះ​កាត់​បាន​ឡើយ ដោយ​សារ​តែ​ស្បែក​ពិបាក​វះ​កាត់​ខ្លាំង​ពេក (កាប់​មិន​មុត) រហូត​ត្រូវ​ស្លាប់​ដោយ​ការ​ឈឺ​ចាប់។ ស្បែក​របស់​សាកសព មាន​ស្នាម​សាក់​ជា​ច្រើន ហើយ​វា​មិន​ស្អុយ​រលួយ​ឡើយ។ វេទមន្ត​នៃ​ស្នាម​សាក់ បាន​ការពារ​រូប​គេ​ពី​មុខ​កាំបិត​វះ​កាត់»៕