នាំគ្នាល្បី បុរសម្នាក់ស្លៀកខោអាវចាស់ ចូលទិញរថយន្ត Mercedes ដល់ពេល ដឹងរឿងពិតរបស់គាត់ ទើបភ្ញាក់ផ្អើល!

ជាការពិត ភាគច្រើនគេតែងនិយាយថា កុំវាយតម្លៃ និងមើលងាយមនុស្សត្រឹមសម្បកក្រៅ។ ជាក់ស្តែងថ្មីៗនេះ មានបុរសម្នាក់ បានដើរចូលទិញរថយន្តទំនើប ជាមួយនឹងសម្លៀកបំពាក់ចាស់ និងព្រមទាំងពាក់ស្បែកជើងផ្ទាត់ទៀតផង។

តាមប្រភពព័ត៌មានថៃ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Trong Chai Pong carpet បានចូលទៅមើលរថយន្ត ម៉ាក Mercedes-Benz ជាមួយនឹងសម្លៀកបំពាក់មិនស្អាត ប្រឡាក់សុទ្ធតែដី។ ក្នុងនោះ បុគ្គលិកលក់រថយន្តជាច្រើននាក់ បានឈរមើលសម្លឹងសម្លក់ ដាក់លោក ដែលនាំគ្នាគិតថា រូបលោកគ្មានសមត្ថភាពក្នុងការទិញរថយន្តទំនើបមួយនេះនោះទេ។ ប្រហែលជាប៉ុន្មាននាទីបន្តិច មានបុគ្គលិកម្នាក់ បានចូលមកសួរថា រូបលោកថា “ទិញរថយន្តនេះមែនទេ”? លោក Trong Chai ក៏បានឆ្លើយ លឿនថា “នឹងទិញ”។

ពាក្យសម្តីរបស់បុរសរូបនោះ បានធ្វើឲ្យបុគ្គលិកទាំងអស់នៅក្នុងការិយាល័យដាក់តាំងបង្ហាញរថយន្ត Mercedes-Benz មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាបើមើលតាមការតែងខ្លួន គឺមិនអាចមានសមត្ថភាព ក្នុងការទិញរថយន្តទំនើបមួយនេះទេ។ ក្រោយពីដំណឹងនេះភ្លាម បុគ្គលិកមួយចំនួន ក៏បានសូមទោស រាល់ទង្វើមិនគប្បីដាក់ លោក Trong Chai និងប្រើសម្តីពិរោះ សុទ្ធតែ “សូមអញ្ចើញអង្គុយលោក”

អ្នកលេងបណ្តាញសង្គមជាច្រើននាក់ ក៏បានចែករំលែកយ៉ាងកុះករ ហើយពួកគេក៏បានសរសេរថា កុំព្យាយាមវាយតម្លៃមនុស្សត្រឹមសម្បកក្រៅ ដូចជារឿងមួយនេះផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា ក្នុងគណនីហ្វេសប៊ុក របស់លោក Trong Chai Pong carpet ក៏បានសរសេររៀបរាប់យ៉ាងច្បាស់ កាលពីយប់មិញ ដែលគ្រប់យ៉ាងមិនដូចបណ្តាសារព័ត៌មានថៃ បានចុះផ្សាយនោះទេ ដែលមានអត្ថន័យថា រូបលោកមិនមែនជាអ្នកទៅទិញឡានអ្វីនោះទេ គ្រាន់តែទៅទទួលរថយន្តជំនួសមិត្តភក្តិ ដែលឲ្យការិយាល័យរថយន្ត Mercedes-Benz លាបពណ៌ និងតុបតែងឡានបន្ថែមតែប៉ុណ្ណោះ។

ចំពោះរឿងដែលថា ម្ចាស់ការិយាល័យរថយន្ត និងបុគ្គលិក មិនធ្វើការរាក់ទាក់នោះ គឺមិនត្រឹមត្រូវបន្តិចសោះតែម្តង គឺពួកគេ បានទទួលស្វាគមន៍បានយ៉ាងល្អ ដូចជាភ្ញៀវធម្មតា។ ក្នុងនោះ លោក Trong Chai Pong carpet ក៏បានសូមទោសផងដែរ ដែលលោក មិនបានផ្តល់កិត្តិយសដល់ការិយាល័យរថយន្ត ព្រោះការស្លៀកពាក់បែបនេះ វាជាទម្លាប់របស់គាត់ ហើយណាមួយ វាបន្ទាន់ពេក ទើបមិនបានផ្លាស់ប្តូរ សម្លៀកបំពាក់ឲ្យបានសមរម្យជាងនេះបន្តិច ។

លោក Trong Chai ក៏បានបន្តដែរថា ចង់សុំចិត្តមហាជនទាំងអស់ ឲ្យបញ្ឈប់ក្នុងការចែករំលែក នូវរឿងទាំងនេះតទៅទៀត ព្រោះថា វាអាចបំផ្លាញកេរ្តិ៍ឈ្មោះទាំងសងខាង មិនថា ការិយាល័យតាំងបង្ហាញរថយន្ត Mercedes-Benz និងរូបលោកផ្ទាល់៕