កម្សត់ណាស់! ចំណាស់នេះហើយ សុខចិត្តបណ្តែតខ្លួនតាមទឹក លក់ការ៉េមកណ្តាលសមុទ្រ ដើម្បីគ្រួសារ

ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន គឺ​ជា​បញ្ហា​កំពុង​កើន​ឡើង ដែល​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ។ ភាព​ក្រីក្រ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រួសារ រាប់​ពាន់​គ្រួសារ​នៅ​ទូទាំង​ប្រទេស ដោយ​មាន​ប្រជាជន​ក្រីក្រ​ជា​ច្រើន កំពុង​ធ្វើ​អ្វី​គ្រប់​យ៉ាង ដែល​ពួក​គេ​អាច​ធ្វើ​បាន ដើម្បី​ផ្គត់ផ្គង់​ដល់​ក្រុម​គ្រួសារ​ជា​រៀង​រាល់​ថ្ងៃ។ មិន​តែ​ប៉ុណ្ណោះ ជួន​កាល​ក្មេងៗ​ក៏​ត្រូវ​ធ្វើ​ការ ដើម្បី​ជួយ​ដល់​គ្រួសារ​ផង​ដែរ។

កាល​ពី​ពេល​ថ្មីៗ​នេះ នារី​ជនជាតិ​ហ្វីលីពីន​ម្នាក់​មាន​ឈ្មោះ​ថា Abbey Ann Hernandez និង​ក្រុម​គ្រួសារ បាន​ទៅ​ដើរ​លេង​ថ្ងៃ​វិស្សមកាល នៅ​សមុទ្រ​មួយ​កន្លែង ហើយ​ក៏​បាន​ប្រទះ​ឃើញ បុរស​វ័យ​ចំណាស់​ម្នាក់ ហែល​ទឹក​ឆ្ពោះ​មក​រក​ទូក​របស់​នាង។

ដំបូង​ឡើយ ពួក​គេ​បាន​គិត​ថា បុរស​ម្នាក់​នោះ​គ្រាន់​តែ​ជា​អ្នក​ដទៃ ដែល​កំពុង​ហែល​ទឹក​លេង​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក ទើប​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដឹង​ថា បុរស​ចំណាស់​រូប​នោះ​ជា​អ្នក​លក់​ការ៉េម នៅ​កណ្តាល​មហាសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ។

ក្រោយ​ពេល​នាង Hernandez បាន​បង្ហោះ​រឿងរ៉ាវ​នេះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន បាន​កោត​សរសើរ​ចំពោះ​បុរស​រូប​នេះ ចំពោះ​ការ​ខិតខំ​ធ្វើ​ការ បើ​ទោះ​បី​ជា​គាត់​មាន​វ័យ​ចំណាស់​ក៏​ដោយ ក៏​គាត់​នៅ​តែ​ប្រថុយ​ជីវិត​ខ្លួន​ឯង ដើម្បី​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ដល់​គ្រួសារ។ ទន្ទឹង​គ្នា​នេះ អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន សង្ឃឹម​ថា​នឹង​ដឹង​ពី​ព័ត៌មាន​របស់​បុរស​ចំណាស់​លក់​ការ៉េម​នោះ ដូច្នេះ​ពួកគេ​អាច​ជួយ​ដល់​គាត់ និង​គ្រួសារ​របស់​គាត់​ផង​ដែរ៕

ដោយ ៖ កូនចាប