បង្កាត់ពូជត្រីលក់ ត្រូវគេសើចចំអកថាឆ្គួត ចុងក្រោយក្លាយជាសេដ្ឋី ទើបអ្នកភូមិភ្លឺភ្នែក

បុរសជនជាតិម៉ាឡេស៊ីម្នាក់ មានឈ្មោះថា លោក Tuan Fakaruddin Tuan Kadir អាយុ៣៨ឆ្នាំ មកពីរដ្ឋ Terengganu បានក្លាយជាសេដ្ឋី និងជាកសិករចិញ្ចឹមត្រី ដ៏ធំបំផុតមួយ នៅក្នុងស្រុករបស់គាត់ទៀតផង បន្ទាប់ពីត្រូវគេសើចចំអក ពីមហិច្ឆតារបស់គាត់។

លោក Tuan Fakaruddin Tuan Kadir

លោក Fakaruddin បានប្តេជ្ញាចិត្ត ធ្វើការលើគំនិតថ្មីនេះ ដែលគាត់ជឿថា នឹងផ្លាស់ប្តូរជីវិតរបស់គាត់ ជារៀងរហូត។ លោកបានលក់ទូកនេសាទ ដែលបានបន្សល់ទុក ដោយឪពុករបស់គាត់ ហើយបានហក់ចូលប្រលូកក្នុងរបរចិញ្ចឹមត្រី ជាមួយនឹងចំណេះដឹង តិចតួចបំផុត។

កសិករចិញ្ចឹមត្រីនេះនិយាយថា “ក្នុងឆ្នាំ២០០៧ ខ្ញុំបានចាប់ផ្តើមអាជីវកម្មរបស់ខ្ញុំ ជាមួយលុយតែ ២ ៥០០ដុល្លារប៉ុណ្ណោះ។ ខ្ញុំបានចិញ្ចឹមពូជត្រីព្រៃ និងសមុទ្រ ប៉ុន្តែពួកវាអាចរកបានតែ ពីខែវិច្ឆិកា ដល់ខែមេសាប៉ុណ្ណោះ”។

“បន្ទាប់មកខ្ញុំបានប្តេជ្ញាចិត្តថា នឹងសាកល្បងអ្វីដែលថ្មី ដោយការរៀនបង្កាត់ពូជត្រី នៅវិទ្យាស្ថានស្រាវជ្រាវជលផល Tanjung Demong”។

អ្នកស្រី Zunainaa Abdul Majid ត្រូវជាភរិយារបស់លោក Fakaruddin បានរៀបរាប់ថា ការរៀនបង្កាត់ពូជត្រីដំបូង មិនមែនជារឿងងាយស្រួលនោះទេ។ ប្តីរបស់នាងត្រូវគេចំអកជានិច្ច ជាពិសេសអ្នកភូមិ ពីព្រោះពួកគេមិនយល់ពីរបៀប នៃការចិញ្ចឹមត្រីឡើយ ហើយការបង្កាត់ពូជត្រី ក៏មិនទាន់ពេញនិយមដែរ នៅគ្រានោះ។

លោក Fakaruddin និយាយថា “អ្នកភូមិទាំងនោះ បាននិយាយដាក់ខ្ញុំថា ឯងឆ្គួតទេឬ? ដាក់ត្រីចំនួន ៥០០ក្បាល នៅក្នុងទឹក ៥០០លីត្រ នឹងធ្វើឲ្យត្រីងាប់មិនខាន។ ជាការពិតណាស់ ត្រីភាគច្រើន ពិតជាបានងាប់មែន។ ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនសូវមានចំណេះដឹង អំពីការចិញ្ចឹមត្រីឡើយ កាលគ្រាដំបូង ប៉ុន្តែដោយសារតែ ការណែនាំពីវិទ្យាស្ថានស្រាវជ្រាវជលផល និងនាយកដ្ឋានជលផល ទើបខ្ញុំអាចបង្កើតវា ហើយក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុត សម្រាប់ពូជត្រីកូនកាត់ នៅក្នុងស្រុកនេះ។”

បច្ចុប្បន្ននេះ លោក Fakaruddin អាចពង្រីកប្រតិបត្តិការរបស់គាត់ បន្ទាប់ពីរដ្ឋាភិបាល បានផ្តល់កន្លែងមួយសម្រាប់គាត់ ដើម្បីសាងសង់កសិដ្ឋាន សម្រាប់បង្កាត់ពូជត្រី ដែលមានតម្លៃដល់ទៅ ១២ម៉ឺនដុល្លារឯណោះ។

“ដំបូងឡើយ ខ្ញុំមានអាងចិញ្ចឹមត្រីតែ ៨ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ខ្ញុំមានអាងចិញ្ចឹមត្រី ជាង២០០ ដែលប្រើសម្រាប់ដំណាក់កាល ផ្សេងៗគ្នានៃការចិញ្ចឹម”។ នេះបើតាមការឲ្យដឹងពី លោក Fakaruddin។

សូមបញ្ជាក់ថា លោក Fakaruddin បច្ចុប្បន្នមានបុគ្គលិកចំនួន ១២នាក់ ដើម្បីដំណើរការប្រតិបត្តិការ ហើយភាពជោគជ័យរបស់គាត់ មិនត្រឹមតែផ្តល់ប្រយោជន៍ ដល់គ្រួសាររបស់គាត់ប៉ុណ្ណោះទេ ថែមទាំងផ្តល់ប្រយោជន៍ ដល់អ្នកស្រុក ជាង៣០នាក់ផ្សេងទៀត ដែលកំពុងដើរតាមគន្លងរបស់គាត់ ដើម្បីបង្កាត់ពូជត្រីបែរនេះ។

យោងតាមតម្លៃទីផ្សារ ស៊ុតត្រីកូនកាត់ចំនួន ១លានក្បាល អាចលក់បានចន្លោះពី ១ ៥០០ដុល្លារ ទៅ ២ ៥០០ដុល្លារឯណោះ។ ទន្ទឹមនឹងនេះដែរ កូនត្រីប្រវែងពី ៤ ទៅ ៥អ៊ីញ អាចលក់បានក្នុងតម្លៃ ១,២០ដុល្លារ ដល់ ១,៧០ដុល្លារ ដោយលោកអាចផ្គត់ផ្គង់ យ៉ាងហោចណាស់បាន ៣០ ០០០ក្បាល ក្នុងមួយខែ បើគិតជាតម្លៃគឺស្មើនឹង ៣៦ ០០០ដុល្លារ ដល់ ៥១ ០០០ដុល្លារ។

ជាការពិតណាស់ ឥឡូវនេះលោក Fakaruddin គឺជាសេដ្ឋីមួយរូបទៅហើយ!

ដោយ ៖ កូនចាប