អ្នកជំនួញចិត្តបុណ្យ ឲ្យលុយធីប ១៥០០ដុល្លារ អ្នកបម្រើសួរបញ្ជាក់ ស្រាប់តែនិយាយពាក្យ យ៉ាងក្តុកក្តួល

វាតែងតែជារឿងដ៏គួរឲ្យរំជួលចិត្ត និងបំផុតគំនិតមួយ នៅពេលឃើញអ្នកដទៃ ធ្វើសកម្មភាពតិចតួច បង្ហាញពីសប្បុរសធម៌ ដែលមិនអាចជួយដល់អ្នកដទៃច្រើន ប៉ុន្តែវាពិតជាអាចធ្វើឲ្យអ្នកដទៃ សប្បាយចិត្តបំផុត។

ជាក់ស្តែងនាពេលថ្មីៗនេះ ស្រ្តីមេម៉ាយជនជាតិម៉ាឡេស៊ីម្នាក់ ដែលខិតខំធ្វើការនឿយហត់ខ្លាំង បានចែករំលែករឿងរ៉ាវ ដែលធ្វើឲ្យនាងក្តុកក្តួលក្នុងចិត្តខ្លាំង ដោយសារតែទង្វើដ៏សប្បុរស របស់ភ្ញៀវប្រចាំម្នាក់ នៅក្នុងភោជនីយដ្ឋាន ដែលនាងធ្វើការ។

អ្នកស្រី Xinyu Wang បានចែករំលែករឿងរ៉ាវនេះ ក្នុងគោលបំណងចង់អរគុណដល់សប្បុរសជន ដែលជាអ្នកជំនួញជនជាតិសឹង្ហបុរី ចិត្តបុណ្យម្នាក់ ឈ្មោះថា Atwell Tay។

លោក Atwell Tay

អ្នកស្រី Wang បានសរសេរសារថា “ខ្ញុំជាស្រ្តីមេម៉ាយមកពីប្រទេសម៉ាឡេស៊ី ដែលបំពេញការងារនៅភោជនីយដ្ឋាន និងធ្វើការងារសម្អាតផ្ទះឲ្យគេ នៅក្នុងប្រទេសសឹង្ហបុរី ដើម្បីចិញ្ចឹមកូនតូចៗរបស់ខ្ញុំ ២នាក់ បន្ទាប់ពីប្តីរបស់ខ្ញុំបានចាកចេញពីខ្ញុំ”។

ស្រ្តីដែលជាបុគ្គលិកខិតខំធ្វើការងាររូបនេះ ឧស្សាហ៍បញ្ចេញស្នាមញញឹម សម្រាប់អតិថិជនណាស់ ប៉ុន្តែនៅពេល លោក Tay និងភរិយារបស់គាត់ ចូលទៅក្នុងភោជនីយដ្ឋាន បែរសម្គាល់ឃើញថា អ្នកស្រី Wang មានទឹកមុខស្រពាប់ស្រពោន ហើយក៏ចាប់ផ្តើមជជែកលេង ជាមួយអ្នកស្រីតែម្តង។

អ្នកស្រី Wang បានពន្យល់ប្រាប់ លោក Tay ពីទុក្ខសោករបស់អ្នកស្រី ថា “ខ្ញុំកំពុងកាន់ការងារច្រើនណាស់ ហើយខិតខំធ្វើការយ៉ាងលំបាក ក្នុងនាមជាស្រ្តីមេម៉ាយ។ ខ្ញុំទើបតែមកពីសម្អាតផ្ទះឲ្យគេ ៣កន្លែង ហើយបានចាប់ផ្តើមការងារពេលយប់ នៅភោជនីយដ្ឋាននេះ”។

“លោក Tay បានសួរខ្ញុំថាអ្វីគ្រប់យ៉ាងមានបញ្ហាដែរទេ ដូច្នេះខ្ញុំបានប្រាប់ទៅគាត់វិញថា ខ្ញុំត្រូវដល់ថ្ងៃបង់ថ្លៃឈ្នួល មើលថែរក្សាកូនៗរបស់ខ្ញុំហើយ ហើយខ្ញុំកំពុងជួបបញ្ហា តែខ្ញុំត្រូវតែខំធ្វើការ។ បន្ទាប់មក គាត់ក៏បានញញឹម រួចសួរនាំពីថ្លៃឈ្នួល ដែលសរុបចំនួន ៥០ដុល្លារ”។

អ្នកស្រី Wang បានបន្តទៀតថា “នៅពេលលោក Tay បង់ថ្លៃអាហារ គាត់បានទុកលុយធីប ក្រដាស ១ ០០០ដុល្លារសឹង្ហបុរី ២សន្លឹក (ប្រមាណ ១ ៥០០ដុល្លារ) នៅក្នុងកូនសៀវភៅគិតលុយ។ ដោយមានអារម្មណ៍ភ្ញាក់ផ្អើល និងស្រពិចស្រពិល ខ្ញុំបានគិតថាគាត់ច្រលំដៃ ទើបទុកលុយធីបច្រើនបែបនេះ”។

បន្ទាប់មក អ្នកស្រី Wang ក៏បានហុចលុយ ២សន្លឹកនោះឲ្យទៅ លោក Tay វិញ ស្រាប់តែគាត់ពោលពាក្យមួយឃ្លា ដែលធ្វើឲ្យអ្នកស្រីក្តុកក្តួលក្នុងចិត្ត និងបំភ្លេចមិនបានថា “ទេ! វាមិនមែនជាកំហុសនោះទេ! យើងមានដៃ២ , ម្ខាងសម្រាប់ខិតខំធ្វើការងារ ហើយម្ខាងទៀតសម្រាប់ជួយអ្នកដទៃ”៕

ដោយ ៖ កូនចាប