ស្ត្រីម្នាក់រើសកូនស្វា មកចិញ្ចឹម និងឲ្យបៅដោះដូចកូន អ្នកស្រុកនាំគ្នាថាឆ្កួត ពេលដឹងហេតុផលពិត ស្រណោះគ្រប់គ្នា

ស្រ្តីចំណាស់ជនជាតិឥណ្ឌា Namita Das ហេតុតែគ្មានកូនប្រុសនឹងគេ សុខចិត្តយកកូនស្វាឈ្មោលមួយក្បាលមកចិញ្ចឹម ថែមទាំងឲ្យបោះដៅ ចាត់ទុកដូចសមាជិកម្នាក់ក្នុងគ្រួសារ រហូតត្រូវបានរងការរិះគន់ពីអ្នកស្រុក ថាឲ្យគាត់ជាមនុស្សឆ្កួតថែមទៀត។

បើតាមប្រភពបានឲ្យដឹងថា កន្លងទៅរយៈពេល៤ឆ្នាំទៅហើយ កាលណោះប្តីរបស់អ្នកស្រី Namita បានប្រទះឃើញកូនស្វាឈ្មោលកំសត់មួយក្បាល ស្ថិតក្នុងសភាពគួរឲ្យអាណិតអាសូរក្រោមដើមឈើមួយ កំឡុងពេលកំពុងតែមានខ្យល់ព្យុះដ៏កាចសាហាវ។ ដោយសារតែ ក្តីអាណិតអាសូរប្តីរបស់អ្នកស្រី Namita ក៏បាននាំយកកូនស្វាមួយក្បាលនោះមកផ្ទះ។

អ្នកស្រី Namita ឃើញថាកូនស្វានេះ ពិតជាមានសភាពទ្រុឌទ្រោមខ្លាំង អាចនឹងងាប់បាន ប្រសិនណាបើមិនជួយវាទេ។ ទើបទីបំផុតអ្នកស្រីក៏បានសម្រេចចិត្ត ឲ្យកូនស្វានោះបៅដោះរបស់គាត់ ដើម្បីជាការជួយស្រោចស្រង់ជីវិត។ តមកទៀត អ្នកស្រី Namita និងគ្រួសាររបស់គាត់ ក៏សម្រេចថានឹងចិញ្ចឹមថែរក្សាកូនស្វានេះ ហើយថែមទាំងចាត់ទុកវា ជាកូនប្រុសម្នាក់ក្នុងគ្រួសារថែមទៀត។

លើសពីនេះ សូម្បីតែកូនស្រីរបស់អ្នកស្រី Namita នាង Dipti និងនាង Tripiti ក៏ស្រលាញ់ចូលចិត្តកូនស្វាមួយក្បាលនេះ ចាត់ទុកដូចជាប្អូនប្រុសបង្កើតម្នាក់របស់ពួកគេ និងថែមទាំងបានដាក់ឈ្មោះឲ្យវា កូនស្វា Buru ផងដែរ។

ប្រភពដដែលបន្តថា គ្រួសាររបស់អ្នកស្រី Namita រកចំណូលបានត្រឹម ៦០០០រ៉ូពី (ប្រហែល៩៣ដុល្លារ) ប៉ុណ្ណោះក្នុងមួយខែៗ ជាហេតុធ្វើឲ្យគ្រួសាររបស់គាត់ ប្រឈមនឹងបញ្ហារឿងលុយកាក់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្រួសារគាត់នៅតែមិនបោះបង់ សុខចិត្តចិញ្ចឹមកូនស្វា Buru និងថែមទាំងទិញសុទ្ធតែទឹកគោថ្លៃៗឲ្យវាផឹកថែមទៀត ក៏ដោយសារតែ អ្នកស្រី Namita គ្មានកូនប្រុសនឹងគេ។ ជាហេតុធ្វើឲ្យអ្នកភូមិជាច្រើន ស្តីថាឲ្យគាត់ជាមនុស្សឆ្កួត ដែលបានយកកូនស្វានេះមកចិញ្ចឹម និងថែមទាំងឲ្យវាបៅដោះដូចជាមនុស្សទៀត។

អ្នកស្រី Namita ចិញ្ចឹមកូនស្វាកំសត់នេះ អស់រយៈពេល៤ឆ្នាំមកហើយ គាត់និយាយថា «ខ្ញុំនឹងនៅតែបន្តបំបៅដោះឲ្យកូនស្វានេះ តាមតែអ្វីដែលវាត្រូវការ។ វានៅតែជាកូនស្វាតូចមួយក្បាលសម្រាប់ខ្ញុំជានិច្ច» ។ អ្នកស្រីបន្តថា «វាមិនមែនជាសត្វចិញ្ចឹមរបស់ខ្ញុំទេ ប៉ុន្តែវាគឺជាកូនប្រុសរបស់ខ្ញុំ ព្រោះខ្ញុំគ្មានកូនប្រុសដូចគេទេ តែពេលនេះព្រះជាម្ចាស់បានប្រទានវាមកឲ្យខ្ញុំហើយ» 

ប្រភពពីអ្នកស្រុកបានឲ្យដឹងថា គ្មាននរណាម្នាក់អាចយកកូនស្វា Buru នេះចេញពីអ្នកស្រី Namita បានឡើយ។ ព្រោះគាត់ពិតជាស្រលាញ់ស្វានោះ ចេញពីក្រអៅបេះដូងរបស់គាត់យ៉ាងពិតប្រាកដមែន។ អ្នកស្រី Namita បានបន្ថែមចុងក្រោយថា គាត់មិនខ្វល់ពីសម្តីនរណាៗទាំងអស់ ទោះចង់ថាឲ្យគាត់យ៉ាងម៉េចក៏គាត់មិនខ្វល់ ព្រោះគាត់ខ្វល់ត្រឹមថាកូនស្វា Buru គឺជាកូនប្រុសរបស់គាត់ មិនមែនជាសត្វចិញ្ចឹមឡើយ។

គួរឲ្យដឹងដែរថា ក្នុងប្រទេសឥណ្ឌា កូនប្រុសត្រូវបានគេឲ្យតម្លៃខ្ពង់ខ្ពស់ ស្មើគ្រាប់ពេជ្រជាងកូនស្រី។ ព្រោះថា កូនប្រុសគឺមានសិទ្ធិសម្រេច ធ្វើអ្វីៗបានទាំងអស់ ខណៈកូនស្រីគ្មានសិទ្ធិសូម្បីតែបន្តិច ៕