អ្នកជំនួញទ្រព្យវាល់លាន បាត់ខ្លួន១១ឆ្នាំ ចុងក្រោយ ធ្លាក់ខ្លួនដេកតាមផ្លូវ ពេលដឹងរឿងរ៉ាវពិត គួរឲ្យភ្ញាក់ផ្អើល

10

តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​នៃ​បុគ្គលិក​ស្ម័គ្រចិត្ត​ចិន បុរស​ហុងកុង​ម្នាក់ មានឈ្មោះ Chan Chi-kin ដែល​គេ​ជឿជាក់​ថា បាន​បាត់ខ្លួន​អស់​រយៈពេល ១១ ឆ្នាំ នៅ​ទី​បញ្ចប់​បាន​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ហើយ បន្ទាប់​ពី​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​នៅ​តាម​ផ្លូវ។

អ្នក​ស្ម័គ្រចិត្ត​ម្នាក់​នៅ​អង្គការ «Return Love Home» មាន​ឈ្មោះ​ថា Cheung បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​បាន​ជួប​លោក Chan នៅ​តាម​ផ្លូវ​នៃ​ខេត្ត Guangdong កាល​ពី​ខែ​មករា កន្លង​ទៅ​នេះ ដោយ​រូប​គេ​គ្មាន​ផ្ទះ​សម្បែង ហើយ​មិន​ចូលចិត្ត​ទំនាក់ទំនង​ជាមួយ​មនុស្ស និង រើស​អាហារ​តាម​ធុង​សំរាម​ហូប។ ទោះ​បី​ជា​យ៉ាង​ណា អ្នកស្ម័គ្រចិត្ត​ខាង​លើ​និយាយ​ថា លោក Chan មាន​ភាព​វាងវៃ និង​គួរសម​ណាស់ ប៉ុន្តែ​ចង់​ទាក់ទង​គ្នា​តាម​រយៈ​សារ ជាជាង​ការ​និយាយ​ផ្ទាល់។

ក្រោយមក លោក Chan ចាប់ផ្ដើម​ជឿ​ទុកចិត្ត​លើ លោក Cheung ហើយ​នៅ​ទីបំផុត​បាន​ឲ្យ​ឈ្មោះ​ពេញ , លេខ​កូដ​អត្តសញ្ញាណប័ណ្ណ និង ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេង​ទៀត ដល់​អ្នកស្ម័គ្រចិត្ត​រូប​នេះ​តែម្ដង។ បន្ទាប់​ពី​ដឹង​អ្វី​គ្រប់យ៉ាង​បែប​នេះ លោក Cheung ក៏​បាន​រក​ឃើញ​ថា បុរស​អនាថា​ដើរ​ដេក​តាម​ផ្លូវ​ខាងលើ ការ​ពិត​ជា​អ្នក​ជំនួញ​ហុងកុង ដែល​បាន​បាត់ខ្លួន​អស់​រយៈពេល​ជា​យូរ​មក​ហើយ។

នៅទីបំផុត កាល​ពី​ចុង​ខែ​មុន អ្នក​ស្ម័គ្រចិត្ត​ខាង​លើ​បាន​ទាក់ទង​គ្រួសារ​របស់ លោក Chan និង​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​លោក តាមរយៈ​ការ​ហៅ​វីដេអូ (Video Call) តែម្ដង។

«កូនៗ​ធំ​អស់​ហើយ តើ​អ្នក​នៅ​ទីណា»។ នេះ​បើ​តាម​សម្តី​ប្រពន្ធ​លោក Chan និយាយ​ឆ្លើយឆ្លង​តាម​រយៈ​វីដេអូ ខណៈ​លោក Chan បាន​ត្រឹមតែ​យំ និង​មិន​និយាយ​អ្វី​ទាំង​អស់។

ប្រពន្ធ​លោក Chan មាន​ឈ្មោះ​ថា Yeung បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន និង​ប្តី​បាន​រៀបការ​តាំង​ពី​ឆ្នាំ ១៩៩១ មក​ម្ល៉េះ ហើយ​មាន​កូន​ប្រុស​ចំនួន ២ នាក់។ ស្រ្តី​រូប​នេះ​បាន​បន្ត​ទៀត​ថា លោក Chan ធ្លាប់​ជា​ម្ចាស់​អាជីវកម្ម​អេឡិចត្រូនិក​ដ៏​ជោគជ័យ​ម្នាក់។ ផ្ទុយទៅវិញ លោក Chan បាន​បាត់ខ្លួន​នៅ​ថ្ងៃ​ខួបកំណើត​កូន​ប្រុស​ច្បង ក្នុង​ឆ្នាំ ២០០៦ ហើយ​បាត់​ដំណឹង​សូន្យឈឹង​ចាប់​ពី​ពេល​នោះ​តែម្ដង។

លោកស្រី Yeung បាន​និយាយ​ថា លោកស្រី​ខំ​ចំណាយ​ពេល​រាប់​ឆ្នាំ ដើម្បី​ស្វែងរក​ប្តី​របស់​ខ្លួន ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​បោះបង់​ចោល ព្រោះ​តែ​លោក Chan មិន​បាន​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​បុណ្យ​សព​ម្ដាយ ក្នុង​ឆ្នាំ ២០១០៕