Home / ចំណេះដឹង / ចង់ដឹងអត់ ហេតុអីជនជាតិវៀតណាមភាគច្រើន ចូលចិត្តបើកហាងធ្វើក្រចក?

ចង់ដឹងអត់ ហេតុអីជនជាតិវៀតណាមភាគច្រើន ចូលចិត្តបើកហាងធ្វើក្រចក?

ប្រសិន​បើ​អ្នក​ធ្លាប់​ចូល​ហាង​ធ្វើ​ក្រចក នោះ​អ្នក​ប្រាកដ​ជា​ដឹង​ថា ម្ចាស់​ហាង​ភាគច្រើន​គឺ​ជា​ជនជាតិ​វៀតណាម។ ហេតុអ្វី? តើ​វា​ជា​ប្រពៃណី​របស់​គ្រួសារ ឬ ពួក​គេ​មាន​សមត្ថភាព​ពី​ធម្មជាតិ ក្នុង​ការ​កាន់កាប់ ឬ​បើក​ដំណើរ​ការ​អាជីវកម្ម​នេះ? ឬ​វា​ជា​រឿង​មួយ​ផ្សេង​ទៀត?

ជា​ការ​ពិត​ណាស់ ប្រភព​ដើម​កំណើត​នៃ​រឿងរ៉ាវ​នេះ ពិត​ជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​ប្រពៃណី​គ្រួសារ ឬ ភាព​មិន​ប្រក្រតី​ទៅ​ទៀត ដោយសារ​តែ​វា​ចាប់ផ្តើម​កើត​ឡើង ជាមួយ​នឹង សង្គ្រាម​វៀតណាម , តួឯក​ហូលីវូដ​ស្រី​ម្នាក់ និង ជន​ភៀស​ខ្លួន ចំនួន ២០ នាក់។

តារា​សម្ដែង​ស្រី Tippi Hedren រឿងរ៉ាវ​បាន​កើតឡើង​នៅ​ពេល​ដែល តារា​សម្ដែង​ស្រី Tippi Hedren ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ ដោយសារ​រឿង «The Birds» ដែល​ដឹកនាំ​ដោយ លោក Alfred Hitchcock បាន​មក​លេង​ជំរំ​ជនភៀសខ្លួន​វៀតណាម នៅ​ឯ​តំបន់ Northern California សហរដ្ឋអាមេរិក កាល​ពី​ប្រមាណ ៤០ ឆ្នាំមុន។

«ខ្ញុំ​បាន​នាំ​ជាង​កាត់​ដេរ និង​អ្នក​វាយ​អង្គុលីលេខ​ទៅ​ជាមួយ ដើម្បី​ឲ្យ​ជន​ភៀស​ខ្លួន​វៀតណាម រៀន​ជំនាញ​ទាំង​នេះ​ពី​ពួក​គេ ប៉ុន្តែ​ស្រ្តី​ចំនួន ២០ នាក់ បាន​ចាប់អារម្មណ៍ និង​ស្រលាញ់​ក្រចក​ដៃ​របស់​ខ្ញុំ​ទៅ​វិញ»។ នេះ​បើ​តាម​សម្ដី តារា​សម្ដែង​ស្រី Hedren ប្រាប់​ឲ្យ​ដឹង។

មិនយូរប៉ុន្មាន តារា​ស្រី Hedren បាន​ជ្រើសរើស​សាលា​កែសម្ផស្ស​ក្នុង​ស្រុក​មួយ ដើម្បី​បង្ហាត់​បង្រៀន​ដល់​ជនភៀសខ្លួន​វៀតណាម​ទាំង​នោះ។ នៅ​ពេល​បញ្ចប់​ការសិក្សា តារា​ស្រី​ជនជាតិ​អាមេរិក បច្ចុប្បន្ន​មាន​វ័យ ៨៧ ឆ្នាំ​រូប​នេះ បាន​ធានា​ថា ស្ត្រី​ទាំង​នោះ​មាន​ការងារ​ធ្វើ​គ្រប់គ្នា នៅ​ទូទាំង​តំបន់ Southern California។

Hedren បាន​និយាយ​អំពី​បទពិសោធន៍​នេះ​ថា «ខ្ញុំ​ស្រលាញ់​ស្ត្រី​ទាំង​នោះ​ខ្លាំង​ណាស់ ដោយ​ខ្ញុំ​ចង់​បាន​អ្វី​ដែល​ល្អ​សម្រាប់​ពួកគេ ដោយសារតែ​ពួកគេ​បាន​បាត់បង់​អ្វី​គ្រប់​យ៉ាង។ អ្នក​ខ្លះ​បាន​បាត់បង់​គ្រួសារ​ទាំង​មូល និង​អ្វី​ទាំងអស់​ដែល​ពួកគេ​មាន​នៅ​ឯ​ប្រទេស​វៀតណាម»។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ឧស្សាហកម្ម​តុបតែង​ក្រចក មាន​តម្លៃ​ប្រមាណ​ជា ៨ ប៊ី​លាន​ដុល្លារ ដែល​ភាគច្រើន​គ្រប់គ្រង​ដោយ​ជនជាតិ​វៀតណាម-អាមេរិក៕