Home / កម្សាន្ត / ខ្សែភាពយន្ត បែបរន្ធត់ព្រឺព្រួច និងសាហាវបំផុត ទាំង១០ ធ្វើឲ្យអ្នកទស្សនាភ័យខ្លាច មើលហើយចង់គ្រុន

ខ្សែភាពយន្ត បែបរន្ធត់ព្រឺព្រួច និងសាហាវបំផុត ទាំង១០ ធ្វើឲ្យអ្នកទស្សនាភ័យខ្លាច មើលហើយចង់គ្រុន

មនុស្សគ្រប់គ្នាមានចំណង់ចំណូលចិត្ត ទស្សនាប្រភេទខ្សែភាពយន្តខុសៗគ្នា ដូចជាភាពយន្ត បែបកំប្លែង ស្នេហា ប្រវត្តិសាស្ត្រ ឃាតកម្ម រន្ធត់ និងរឿងខ្មោចជាដើម។

ថ្ងៃនេះជាឱកាសល្អសម្រាប់ អ្នកចូលចិត្តទស្សនាខ្សែភាពយន្តបែបរន្ធត់ ព្រឺព្រួចទាំងអស់ នឹងបានជ្រាបនូវខ្សែភាព យន្តចំនួន១០រឿង ដែលខ្មែរឡូតជ្រើសរើយយកមកបង្ហាញជូន ធានាថាមិនខុសបំណងនោះទេ។ ខ្សែភាពយន្តរន្ធត់ទាំង១០រឿងខាងក្រោមនេះ សុទ្ធសឹងជាខ្សែភាពយន្ត មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលមានទាំងប្រភេទរឿងឃាតកម្ម គំនុំសងសឹង អបិយជំនឿ និងអាថ៌កំបាំងជាដើម។

តោះ! កុំឲ្យខាតពេលយូរ តាមដានទាំងអស់គ្នា៖

បញ្ជាក់៖ ក្នុងអត្ថបទមានផ្ទុកនូវទស្សនីយភាពនានា ដែលមិនសក្តិសមសម្រាប់ អ្នកមានជម្ងឺខ្សោយបេះដូង និងក្មេងក្រោមអាយុ ១៨ឆ្នាំទស្សនា!

១) SAW (ល្បែងមរណៈ)

SAW ជាខ្សែភាពយន្តឃាតកម្ម Serial Killer ដ៏ល្បីល្បាញបំផុត ដែលនាំមកជូនដោយផលិតកម្ម Lions Gate Entertainment សហការជាមួយ Twisted Pictures និងដឹកនាំរឿងដោយជនជាតិអូស្ត្រាលី លោក James Wan។

SAW មកដល់បច្ចុប្បន្ននេះ ចេញដល់វគ្គ៧ហើយ (SAW3D) ដែលសាច់រឿងគ្រប់វគ្គទាំងអស់ មានការប្រទាក់ក្រឡាគ្នាដូចសម្លរកំពឹស ជាហេតុនាំឲ្យអ្នកទស្សនាពិបាកយល់ ប្រសិនបើមិនបានតាមដានគ្រប់វគ្គ និងគ្រប់ឈុតទេនោះ។

សាច់រឿងផ្តើមចេញពីលោកតា មានវិបត្តិផ្លូវចិត្តម្នាក់ឈ្មោះ Jig Saw គាត់បានបាត់បង់ កូនជាទីស្រលាញ់របស់ខ្លួន នៅពេលដែលចោរម្នាក់ លួចចូលទៅក្នុងផ្ទះរបស់គាត់ និងធ្វើឲ្យភរិយាគាត់ ដែលកំពុងមានគភ៌រងរបួស រហូតដល់រលូតកូនក្នុងផ្ទៃទៀតផង។ ចាប់តាំងពីពេលនោះមក លោកតាបានចាប់ផ្តើមមានគំនិតសងសឹក ទៅលើមនុស្សព្រោះគាត់គិតថាមនុស្ស គឺសុទ្ធសឹងតែអាត្មានិយមទាំងអស់។ គាត់បានបង្កើតជាល្បែងជាច្រើន ដើម្បីធ្វើបាប និងធ្វើទារុណកម្មចម្លែកៗ និងសាហាវៗ ទៅលើអ្នកទាំងនោះផងដែរ។ ដែលអ្នកធ្លាប់ឆ្លងកាត់​ល្បែង របស់លោកតា Jig Saw ទាំងអស់ចុងក្រោយ បើមិនស្លាប់ក៏ពិការដែរ។

ខ្សែភាពយន្តនេះមានលក្ខណៈពិសេសត្រង់ថា ល្បែងមរណៈទាំងអស់សុទ្ធសឹងតែរៀបចំឡើង ដោយវិធីចម្លែកបំផុត ហើយមិនអាចទាយទុកមុនបាន មិនតែប៉ុណ្ណោះ សាច់រឿងប្រទាក់ក្រឡាគ្នាឆ្លងវគ្គ ធ្វើឲ្យអ្នកទស្សនាមិនអាចនឹកស្មានដល់នោះទេ។

២) See No Evil

វាជាប្រភេទរឿងឃាតកម្មសាហាវព្រៃផ្សៃ ដែលមកដល់ពេលនេះ មានចេញបាន​ ២វគ្គហើយ។ ខ្សែភាពយន្តនេះ នាំមកជូនដោយ Slasher Film ដឹកនាំរឿងដោយ Gregory Dark និងសរសេរសាច់រឿងដោយ Dan Madigan ដែលមានការសម្តែងដោយអ្នកកីឡាកាស Kane។

ខ្សែភាពយន្តនេះដែរ តំណាលពីបុរសម្នាក់ឈ្មោះ Jacob Goodnight (Kene) រស់នៅក្រោមសម្ពាធម្តាយជាអ្នកកាន់សាសនាតឹងតែងម្នាក់ រហូតដល់ធ្វើឲ្យរូបគេក្លាយជាមនុស្សរោគចិត្ត ចូលចិត្តសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ។ មនុស្សម្នាទាំងឡាយណា ដែលបានជ្រុលខ្លួន ចូលទៅកាន់កន្លែងដែលគាត់ស្នាក់អាស្រ័យរួចហើយ គឺថាប្រាកដជាមានរឿងញាក់សាច់កើតឡើងជាមិនខាននោះទេ។

រឿងនេះដែរ មានពោរពេញទៅដោយ ឈុតឆាករន្ធត់ ភ័យបុកពោះ ដែលវគ្គទី១ ទស្សនិកជនខំអរ ព្រោះឃើញ Jacob ត្រូវបានគេសម្លាប់នៅគ្រាចុងក្រោយទៅហើយ ប៉ុន្តែមិនដូច្នេះនោះទេ នៅវគ្គទី២ គេបានលេចមុខសារជាថ្មី សាហាវលើសដើម។

៣) Wrong Turn

ដឹកនាំរឿងដោយ Rob Schmidt និងសរសេរសាច់រឿងដោយ Alan B. McElroy ជាខ្សែភាពយន្តបែបរន្ធត់ ស្តីពីវាសនាមនុស្សមួយក្រុម ដែលវង្វេងផ្លូវចូលទៅកាន់ព្រៃមួយកន្លែង ដែលជាតំបន់មនុស្សព្រៃមួយប្រភេទស្នាក់អាស្រ័យ ហើយពួកគេរស់នៅចិញ្ចឹមជីវិតដោយ ប្រម៉ាញ់មនុស្សយកសាច់ឆៅ ឆីជាអាហារ។

មនុស្សព្រៃទាំងអស់នោះ មានកំលាំងខ្លាំងក្លា ហើយមានភាពសាហាវ ដោយមិនមានអ្នកណា អាចសំលាប់ពួកគេបានងាយៗនោះទេ ដូច្នេះហើយអ្នកដែលចូលដល់ ជំរំរបស់ពួកគេហើយ គឺមិនងាយនឹងមានជីវិតរស់នៅនោះទេ។

Wrong Turn បច្ចុប្បន្នមានចេញដល់វគ្គទី៦ហើយ (Wrong Turn 6: Last Resort) ដែលគ្រប់វគ្គសុទ្ធសឹងមានបង្កប់នូវ ឈុតឆាកកាប់សម្លាប់ យ៉ាងសហាវព្រៃផ្សៃ ធ្វើឲ្យអ្នកទស្សនាភ័យបុកពោះតែម្តង។

៤) Wolf Creek

ជារឿងរបស់ប្រទេសអូស្ត្រាលី ប្រភេទ Serial Killer មាន២វគ្គ ដែលសរសេរ និងដឹកនាំរឿងដោយ Greg McLean និងមានតួអង្គសម្តែងសំខាន់ លោក John Jarratt។

ខ្សែភាពយន្តមួយនេះ បង្កើតឡើងដោយពឹងផ្អែកលើ ឃាតកម្មសំលាប់រង្គាល ពីអតីតរបស់អូស្រ្តាលី នៅក្បែរកន្លែងរមណីយដ្ឋានមួយកន្លែង ដោយបុរសរោគចិត្តម្នាក់ ចូលចិត្តយកការសម្លាប់ មនុស្សយកមកធ្វើជាការកម្សាន្ត។

ជារឿយៗកន្លងមក មនុស្សម្នា ជាពិសេសអ្នកទេសចរមិនថាស្រីប្រុស តែងតែបាត់ខ្លួន ដោយមិនដឹងពីមូលហេតុ ហើយភាគច្រើនពួកគេមិនត្រូវបានរកឃើញវិញនោះទេ។ ជាក់ស្តែងក្នុងសាច់រឿង ឃាតករដៃឆៃម្នាក់នោះ គឺរស់នៅសម្ងំក្នុងរូងក្រោមដីមួយកន្លែង ដែលមិនអាចមានអ្នកណាស្គាល់ពីទីតាំង ហើយជានិច្ចកាល គេតែងតែចេញមកក្រៅ ដើម្បីសម្លាប់មនុស្ស និងចាប់យកទៅធ្វើទារុណកម្ម ដោយវិធីផ្សេងៗ។

៥) Texas Chainsaw

ជារឿងប្រភេទ Serial Killer ដ៏ល្បីល្បាញបំផុត ដោយផ្អែកលើរឿងឃាតកម្មពិត បង្កឡើងដោយបុរសរោគចិត្តម្នាក់ ប្រើប្រាស់រណារ ជាឧបករណ៍សម្លាប់មនុស្ស។

ខ្សែភាពយន្តនេះល្បីល្បាញ រហូតដល់ផលិតកម្មនានា បានផលិតចេញជាច្រើនជំនាន់ដូចជាឆ្នាំ ១៩៧៤, ១៩៨៦, ១៩៩០, ១៩៩៤, ២០០៣, ២០០៦, ២០១៣, ២០១៦ ជាដើម។

រឿងនេះមានចំនុចសំខាន់រួមត្រង់ ឃាតករដៃដល់នោះ ជាមនុស្សម្នាក់មានមុខអាក្រក់ពីកំណើត ដែលរូបគេចូលចិត្តសម្លាប់មនុស្ស រួចជៀរយកស្បែកមុខមនុស្សទាំងនោះដើម្បីមកពាក់បិទបាំងមុខដ៏អាក្រក់របស់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយ បើអ្នកបានដឹងពីប្រវត្តិពិត របស់ឃាតករម្នាក់នោះ អ្នកប្រហែលជាមានចិត្តអាណិតខ្លះៗ លើគេជាក់ជាមិនខាន។ ខ្សែភាពយន្តនេះ មានបង្កប់អាថ៌កំបាំងជាច្រើន ដែលមិនទាន់មានវគ្គណា អាចស្រាយបង្ហាញចេញនៅឡើយនោះទេ។

៦) Final Destination

ជាខ្សែភាពយន្តរន្ធត់ ស្តីពីអបិយជំនឿនៃការស្លាប់របស់មនុស្ស ដែលដឹកនាំរឿងដោយ James Wong និងសរសេរសាច់រឿងដោយ Reddick។

Final Destination មកដល់បច្ចុប្បន្ននេះមាន ចេញដល់វគ្គទី៦ហើយ ដែលសាច់រឿងគ្រប់វគ្គ តំណាលពីទំនាយ នៃការស្លាប់របស់មនុស្សមួយក្រុម ដែលធាតុពិតពួកគេត្រូវស្លាប់ ក្នុងហេតុការណ៍មួយរួមគ្នាទៅហើយ ប៉ុន្តែអាចគេចផុតមួយរយៈ។ ក្រោយមកអ្នកដែលនៅរស់ទាំងនោះ បានចាប់ផ្តើមស្លាប់ម្នាក់ម្តងៗ មិនអាចទាយទុក្ខមុន ដោយរឿងចៃដន្យបំផុត បើទោះបីជាពួកគេខិតខំ រកវិធីគេចវេសវាយ៉ាងណាក៏ដោយនោះ។

ភាពយន្តនេះដែរ ជាខ្សែភាពយន្តដែល គ្រប់ឈុតត្រូវបានទស្សនិកជន មានការសសើរថា ថតបានល្អ ស្តែងៗ និងមើលទៅពិតជាភ័យញាក់សាច់ពិតមែន។

៧) I Spit On You Grave (សងសឹក)

I Spit On You Grave ជាខ្សែភាពយន្តស្តីពីការសងសឹករបស់នារីម្នាក់ ទៅលើបុរសមួយក្រុម ដែលបានធ្វើទារុណកម្ម និងចាប់រំលោភមកលើរូបនាង។ ខ្សែភាពយន្តនេះដែរ បច្ចុប្បន្នមានចេញបាន២វគ្គហើយ ដែលវាត្រូវបានដឹកនាំរឿងដោយ Steven R. Monroe។

ដោយការឈឺចាប់ ស្ថិតក្រោមការប្រមាថ នឹងរំលោភ ក៏ដូចជាលក់នាង ធ្វើជាស្រីពេស្យានោះ នារីរងគ្រោះបានស្ពាយនូវគំនុំគុំគួន ជាប់ក្នុងចិត្ត នឹងបានប្រឹងប្រែងរកវិធីនានា ដើម្បីចាប់យកមនុស្សទាំងអស់ដែលបានធ្វើបាបនាងនោះ មកធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ ដោយដៃនាងផ្ទាល់តែម្តង។

ខ្សែភាពយន្តនេះដែរ មានការបញ្ចាំងដោយមានកំណត់ មិនជាសារធារណៈនោះទេ ព្រោះវាមានបង្កប់នូវឈុតឆាក ក្តៅសាច់ជាច្រើន ដែលមិនសក្តិសម បង្ហាញជូនទស្សនិកជនប្រភេទខ្លះ ជាពិសេសក្មេងៗជាដើម។

៨) Curse of Chucky

ត្រវបាននិពន្ធ និងដឹងនាំរឿងដោយ Don Mancini ជាខ្សែភាពយន្តរន្ធត់ស្តីពី គំនុំសងសឹករបស់បុរសឆ្កួតម្នាក់ ចំពោះគ្រួសារមួយ បើទោះបីជាគេស្លាប់ទៅហើយក្តី ក៏ព្រលឹងរបស់គេ នៅមិនសុខនោះទេ និងតែងព្យាយាមរកវិធីតាមប្រល័យ គ្រួសារមួយនោះជានិច្ច។ ចុងក្រោយព្រលឹងបុរសម្នាក់នោះ ក៏បានចូលសន្ធិតនៅក្នុងតុក្តតាមួយ ហើយក៏ចាប់ផ្តើមមានឱកាស សម្លាប់មនុស្សជំនាន់ក្រោយ នៃគ្រួសារនោះម្តងម្នាក់ៗ ដោយគ្មានអ្នកណា ចាប់អារម្មណ៍នោះទេ។

ក្នុងភាពយន្តនោះ តួឯកស្រីដែលជាជនពិការជើងម្នាក់ ជាអ្នកតស៊ូយ៉ាងស្វិតស្វាញ ក្នុងការប្រយុទ្ធជាមួយតុក្តតាខ្មោច រហូតដល់មានជីវិតនៅគ្រាចុងក្រោយ ប៉ុន្តែគ្មាននរណាម្នាក់បានជឿនាងនោះទេ បែរថានាងជាអ្នកសម្លាប់សមាជិករបស់គ្រួសារនាងទៅវិញ រហូតដល់នាងត្រូវបានប៉ូលិសចាប់ខ្លួន និងជាប់គុកនៅគ្រាចុងក្រោយទៀតផង។

៩) Insidious (សុបិន្តហូតព្រលឹង)

Insidious បច្ចុប្បន្នមានចេញដល់វគ្គ៣ហើយ ដែលខ្សែភាពយន្តរន្ធត់ ដ៏ល្បីល្បាញមួយនេះ ត្រូវបានដឹកនាំសម្តែងដោយ James Wan និងសរសេរសាច់រឿងដោយ Leigh Whannell។

Insidious ជាខ្សែភាពយន្តតំណាលពី គ្រួសារបុរសម្នាក់ ដែល២ជំនាន់នៃគ្រួសាររបស់គាត់ កូនប្រុសក្នុងគ្រួសារនោះ ត្រូវបានបិសាចម្នាក់ ចាប់ហូតយកព្រលឹងទៅបាត់ ដោយបន្សល់តែសម្បករាង្គកាយដូចរុក្ខជាតិ។ កាលជំនាន់បុរសជាឪពុក របស់ក្មេងប្រុសដែលត្រូវបិសាចហូតព្រលឹងទៅ គឺត្រូវបានអ្នកគ្រូយាយអន្ទងព្រលឹងម្នាក់ ចុះទៅជួយបានសម្រេច តែក្រោយមកបុរសនោះ ក៏បានបាត់ការចងចាំនូវរឿងទាំងនោះអស់ ទើបធ្លាក់មកដល់ជំនាន់កូនរបស់ខ្លួន ត្រូវបានបិសាចហូតព្រលឹងកូននោះទៅទៀត គាត់ក៏ចាប់ផ្តើមស្វែងរកគ្រូអន្ទងព្រលឹងមកជួយដែរ ក៏ប៉ះនឹងគ្រួយាយនោះទៀត។ តែជាអកុសលថ្វីត្បិតស្ថិតក្រោម វិធីហូតព្រលឹងចុះឡើង ដើម្បីទៅកាន់ឋានបិសាចនោះ បុរសជាឪពុក ក៏ត្រូវបានបិសាចចូលសន្ធិតក្នុងរាង្គកាយ ហើយចុងក្រោយគ្រូយាយ ដែលជាអ្នកអន្ទងព្រលឹងនោះ ក៏ត្រូវបានបិសាចសម្លាប់ផងដែរ។

ភាពយន្តនេះដែរ វគ្គ១និងវគ្គ២មានការប្រទាក់ប្រទាញ សាច់រឿងគ្នាចុះឡើង ខុសអីតែវគ្គ៣ គឺគេលេងតំណាលពី ប្រវត្តិអ្នកគ្រូយាយម្នាក់នោះ និងការចាប់ផ្តើមបង្កើតក្រុម បង្ក្រាបព្រលឹងខ្មោច របស់គាត់ទៅវិញនោះទេ។

១០) Dead Silence

ជាខ្សែភាពយន្តរន្ធត់នឹងអាថ៌កំបាំង ដែលដឹកនាំសម្តែងដោយលោក James Wan និងសរសរសាច់រឿងដោយ លោក Leigh Whannell។

ខ្សែភាពយន្តនេះ តំណាលពីក្រុមគ្រួសារម្នាក់ មានជាប់ពាក់ព័ន្ធនឹង ការស្លាប់ស្រ្តីម្នាក់ ដែលជាអ្នកបញ្ចូលសម្លេងឲ្យតុក្តតាក្នុងមហោស្រពមួយ។ ស្តី្រម្នាក់នោះមានសមត្ថភាពអស្ចារ្យ ដែលអាចបញ្ចូលសម្លេងដល់តុក្តតា ដោយមិនមានអ្នកណាអាចឃើញមាត់ របស់គាត់ហើបនិយាយនោះឡើយ។ តែក្រោយមកមានក្មេងប្រុសម្នាក់ បានឃើញមាត់របស់ស្រី្តម្នាក់នោះ និយាយពេលបញ្ចូលសម្លេង ទើបក្មេងនោះស្រែកប្រាប់គេតែម្តង។ ក្រោយទៀតមិនបានប៉ុន្មាន ក្មេងម្នាក់នោះក៏ត្រូវបានបាត់ខ្លួន។ បន្ទាប់ពីបានបាត់ខ្លួនក្រុមគ្រួសារក្មេងរងគ្រោះ ក៏បានសង្ស័យ និងសងសឹកទៅលើស្រ្តីម្នាក់បញ្ចូលសម្លេងនោះ ដល់ស្លាប់តែម្តង។

ក្រោយមកការសងសឹករបស់ស្ត្រីនោះ ក៏បានចាប់ផ្តើមឡើងទៅលើគ្រួសារសម្លាប់នាង ហើយព្រលឹងរបស់នាងក៏បាន ចាប់ផ្តើមសម្លាប់មនុស្សដែលពាក់ព័ន្ធ ក៏ដូចជាសមាជិកក្រុមគ្រួសារនោះម្តងម្នាក់ ប្រសិនបើនរណាម្នាក់ឃើញព្រលឹងគាត់ហើយ បានស្រែក រឺនិយាយស្តីអ្វី គឺនឹងត្រូវនាងផ្តាច់យកដាច់អណ្តាត បាត់ដល់គល់ស្លាប់តែម្តង។ ជាពិសេសនៅមានតុក្តតាដែល ស្រ្តីម្នាក់នោះបង្កើតឡើង ក៏ជាអ្នកសងសឹងមិនញញើតដៃឲ្យគាត់ផងដែរ៕