ធ្លាប់ដឹងពី វិធីបកស៊ុតឆៅ ឲ្យនៅទាំងមូលទេ? បើមិនទាន់ ចឹងសាកមើល វីដេអូនេះទៅ (មានវីដេអូ)

192

វីដេអូមួយ បានកំពុងតែធ្វើឲ្យមនុស្ស ជាច្រើនមានការចាប់អារម្មណ៍ខ្លាំងដោយក្នុងនោះ គឺបានបង្ហាញនូវសកម្មភាព ទាក់ទងនឹងវេទមន្តនៃវិទ្យាសាស្ត្រ ដែលវាគឺជាវិធី ក្នុងការបកសំបកស៊ុត ទាំងនៅឆៅ ឲ្យនៅទាំងមូល និងមានទ្រង់ទ្រាយដើម។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយនេះគឺ ត្រូវបានបង្ហោះចូលក្នុង YouTube ដោយ​ Bobby Tv និងថតឡើងដើម្បីធ្វើការ ពិសោធន៍ខ្លីមួយ ទាក់ទងទៅនឹង ប្រតិកម្មសារធាតុគីមី។ ហើយវាគឺជាវិធីសាស្ត្រថ្មីមួយ ទាក់ទងនឹងការ បកសំបកស៊ុត ទាំងនៅឆៅ ដោយមិនឲ្យមាន ការខូចទ្រង់ទ្រាយអ្វីនោះឡើយ តាមរយៈដំណើរការងាយៗ។

សម្រាប់សំភារៈដែលអ្នក ត្រូវការនោះមានដូចជា ទឹកខ្មេះ, ទឹកធម្មតា និងប្រអប់ ឬក៏កែវចំនួន២ ប៉ុណ្ណោះ។ ដំបូងឡើយអ្នកយក ស៊ុតឆៅមួយគ្រាប់ ដាក់ក្នុងកែវដែល ទទេស្អាតមួយ រួចចាក់ទឹកខ្មេះចូល ទៅក្នុងកែវដែលមានស៊ុតឆៅនោះ រហូតទាល់តែលិច រួចទុកវាចោល ក្នុងរយៈពេល២ថ្ងៃ។

២ថ្ងៃក្រោយ អ្នកនឹងឃើញសំបក នៃស៊ុតនោះរលាយបាត់ សឹងតែទាំងអស់ហើយ ដូច្នេះពេលនោះ អ្នកស្រង់យកស៊ុត នោះឡើងមក រួចយកទៅដាក់ ក្នុងប្រអប់មួយ ជាមួយនឹងទឹកធម្មតា ហើយធ្វើការជូត ឬបកសំបក ដែលនៅសេសសល់ ដោយថ្នមៗ នោះអ្នកនឹងទទួលបាន ស៊ុតឆៅមួយដែល ត្រូវបានបកសំបក ដោយមិនមានការខូច ទ្រង់ទ្រាយកន្លែង ណានោះឡើយ។

ក៏មានការបញ្ជាក់ មកជាមួយផងដែរថា ដំណើរការនេះគឺ កើតចេញមកពី កម្រិតសារជាតិអាស៊ីតខ្សោយ ដែលមាននៅក្នុង ទឹកខ្មេះមានភាពស៊ីចង្វាក់គ្នា ជាមួយនឹងសារជាតិ កាបូនកាល់ស្យូម ទើបអាចបង្កឲ្យមាន ប្រតិកម្មគីមី និងបណ្តាលឲ្យសំបក របស់ស៊ុតចាប់ផ្តើម ជម្រុះចេញបន្តិចម្តងៗ។

យ៉ាងណាមិញ វីដេអូមួយនេះ គឺគ្រាន់តែជាការបង្ហាញ នូវវិធីងាយៗ មួយដែលអាចបកសំបកស៊ុត ទាំងនៅឆៅបាន ដោយមិនមានការ ខូចខាតទ្រង់ទ្រាយ អ្វីទាំងអស់៕

តោះចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖