មកស្គាល់ កំពូលយន្តហោះយោធា ទាំង៥ ដែលមានតម្លៃកប់ពពក ថ្លៃបំផុតលើពិភពលោក

យន្តហោះយោធា គឺជាយាន្តដែលមានស្លាបចក្រ នៅជាប់តួខ្លួននៃយន្តហោះ ដែលហៅថា Fixed-Wing ឬនៅពីលើយន្តហោះ ដែលហៅថា Rotary-Wing។ យន្តហោះយោធា អាចជាប្រភេទយន្តហោះ ដែលអាចវាយប្រហារសត្រូវបាន និងមិនអាចវាយប្រហារបាន ខណៈយន្តហោះយោធាខ្លះ អាចមានតម្លៃ រហូតដល់ទៅ រាបពាន់លានដុល្លារឯណោះ។

យន្តហោះយោធា ដែលអាចវាយប្រហារសត្រូវបាន រចនាឡើងដើម្បីកម្ទេចសត្រូវ ដោយប្រើប្រាស់គ្រាប់យុទ្ធភ័ណ្ឌផ្ទាល់ខ្លួន។ វាត្រូវបានបង្កើតឡើង និងផ្តល់ឲ្យ សម្រាប់តែ កងកម្លាំងយោធាតែប៉ុណ្ណោះ។ ចំនែកឯយន្តហោះយោធា ដែលមិនអាចវាយប្រហារសត្រូវបាន មិនត្រូវបានរចនាឡើង សម្រាប់វាយកម្ទេចសត្រូវឡើយ ប៉ុន្តែវាអាចផ្ទុក ឬដឹកគ្រាប់យុទ្ធភ័ណ្ឌ។ វាមានតួនាទី ជាអ្នកជួយក្នុងប្រតិបត្តិការផ្សេងៗ និងអាចត្រូវបានគេបង្កើតឡើង សម្រាប់កងកម្លាំងយោធា ឬអង្គការស៊ីវិល ជាដើម។

ខាងក្រោមនេះ គឺជាកំពូលយន្តហោះយោធា ទាំង៥ ដែលមានតម្លៃថ្លៃបំផុត លើពិភពលោក៖

៥) ឧទ្ធម្ភាគចក្រ Lockheed Martin VH-71 Kestrel មានតម្លៃ ២៤១លានដុល្លារអាមេរិក

ឧទ្ធម្ភាគចក្រ ប្រភេទ «Lockheed Martin VH-71 Kestrel» គឺជាការផ្លាស់ប្តូរ នៃប្រភេទ «AgustaWestland AW101» ដែលបានផលិតឡើង ដើម្បីជំនួសឲ្យ កងនាវាដឹកជញ្ជូន «Marine One» ដែលប្រើដោយ កងទ័ពម៉ារីន សម្រាប់ដឹកប្រធានាធិបតីអាមេរិក។ វាត្រូវបានបង្កើត និងផលិតឡើង ដោយក្រុម «US101 Team» នៃក្រុមហ៊ុនចំនួន ៣ គឺ Lockheed Martin , AgustaWestland និង Bell Helicopter។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៩ ប្រធានាធិបតីអាមេរិក លោក Barack Obama បានបញ្ជាឲ្យ លេខាធិការនៃក្រសួងការពារជាតិ លោក Robert Gates ផ្លាស់ប្តូរគំរោង ក្នុងការលុបចោល ការផលិតឧទ្ធម្ភាគចក្រ ប្រភេទ VH-71 Kestrel នេះ ព្រោះតែត្រូវចំណាយអស់ប្រាក់ រហូតដល់ទៅ ជាង ១៣ពាន់លានដុល្លារអាមេរិក សម្រាប់ឧទ្ធម្ភាគចក្រ ចំនួន ២៨គ្រឿង។ ទោះបីជាយ៉ាងណាក្តី នៅក្នុងខែមិថុនា ឆ្នាំ២០០៩ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ចប់គម្រោង ក្នុងការផលិតឧទ្ធម្ភាគចក្រ ប្រភេទនេះ បន្ទាប់ពីផលិតបាន ឧទ្ធម្ភាគចក្រ ប្រភេទ VH-71 Kestrel ចំនួន៩គ្រឿង ដោយចំណាយអស់ប្រាក់ ប្រហែល ៤,៤ពាន់លានដុល្លារអាមេរិក។

ឧទ្ធម្ភាគចក្រប្រភេទនេះ មានប្រវែង ២២ម៉ែត្រ ប្រើប្រាស់ម៉ាស៊ីន ប្រភេទ General Electric T700 បានបើកការហោះហើរ ជាលើកដំបូងរបស់ខ្លួន នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៧។

៤) យន្តហោះ P-8A Poseidon មានតម្លៃ ២៩០លានដុល្លារអាមេរិក

យន្តហោះប្រភេទ «Boeing P-8 Poseidon» គឺជាយន្តហោះយោធា ដែលបានបង្កើតឡើងដោយក្រុមហ៊ុន «Boeing Defense, Space & Security» កែច្នៃចេញពី យន្តហោះប្រភេទ Boeing 737-800ERX សម្រាប់កងទ័ពជើងទឹកអាមេរិក United States Navy (USN)។ វាមានទម្ងន់ ជាង៦ម៉ឺនគីឡូក្រាម ហើយមានល្បឿនអតិបរិមា ៩០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើប្រាស់ម៉ាស៊ីន ប្រភេទ CFM International CFM56 ដោយបានហោះហើរ ជាលើកដំបូង ក្នុងឆ្នាំ២០០៩ កន្លងទៅនេះ។

យន្តហោះប្រភេទនេះ សមត្ថភាពប្រឆាំងនឹងនាវាមុជទឹក ប្រឆាំងនឹងសត្រូវនៅលើដី និងទប់ស្កាត់ការដឹកជញ្ជូនផ្សេងៗ ដោយប្រើសញ្ញាអេឡិចត្រូនិចដ៏ឈ្លាសវៃរបស់វា។ P-8 មានគ្រាប់បែក អាវុធសម្រាប់បាញ់នាវាមុជទឹក គ្រាប់មីស៊ីលប្រភេទ SLAM-ER មីស៊ីលបាញ់នាវា ប្រភេទ Harpoon និង អាវុធផ្សេងៗ ជាច្រើនទៀត។ វាក៏អាចទម្លាក់ ឧបករណ៍ត្រួតពិនិត្យ Sonobuoy បានជាច្រើន ហើយវាក៏ត្រូវបានរចនាឡើង ដើម្បីប្រតិបត្តិការ ឬធ្វើការជាមួយនឹងយន្តហោះប្រភេទ Northrop Grumman MQ-4C Triton ផងដែរ។

គួរបញ្ជាក់ថា កងទ័ពអាកាសអូស្រ្តាលី The Royal Air Force មានបំណង ចង់កុម្ម៉ង់ទិញ យន្តហោះប្រភេទ P-8 នេះ ខណៈកងទ័ពជើងទឹកឥណ្ឌា បានកុម្ម៉ង់ទិញរួចជាស្រេច ម៉ូដែល P-8I Neptune។

៣) យន្តហោះ C17A Globemaster III មានតម្លៃ ៣២៨ដុល្លារអាមេរិក

យន្តហោះប្រភេទ «Boeing C-17 Globemaster III» គឺជាយន្តហោះយោធា សម្រាប់ដឹកជញ្ជូនដ៏ធំមួយ។ វាត្រូវបានបង្កើតឡើង សម្រាប់កងទ័ពអាកាសអាមេរិក United States Air Force (USAF) ចាប់ពីអំឡុងឆ្នាំ ១៩៨០ ដល់ ដើមអំឡុងឆ្នាំ ១៩៩០ ដោយក្រុមហ៊ុន McDonnell Douglas របស់សហរដ្ឋអាមេរិក។ C-17 ទទួលបានឈ្មោះ ពីយន្តហោះយោធាដឹកទំនិញមុនៗ ចំនួន២ គឺ Douglas C-74 Globemaster និង Douglas C-124 Globemaster II។

ជាទូទៅ យន្តហោះប្រភេទនេះ បំពេញបេសកកម្ម ដឹកជញ្ជូនតាមផ្លូវអាកាស ដូចជា ដឹកទាហាន និង ទំនិញ នៅទូទាំងពិភពលោក រួមបញ្ចូលទាំង ការដឹកជញ្ជូន និងទម្លាក់ ថ្នាំពេទ្យ ក៏ដូចជា ស្បៀងអាហារ ជាដើម។

យន្តហោះ C-17 Globemaster III នេះ ត្រូវបានរចនាឡើង ដើម្បីជំនួសតំណែង យន្តហោះប្រភេទ Lockheed C-141 Starlifter និងដើម្បីបំពេញភារៈកិច្ច របស់យន្តហោះប្រភេទ Lockheed C-5 Galaxy ដើម្បីទុកឲ្យ Lockheed C-5 Galaxy ដឹកទំនិញធំៗវិញ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Boeing ដែលបានរួមបញ្ចូលគ្នា ជាមួយនឹង ក្រុមហ៊ុន McDonnell Douglas ក្នុងអំឡុងឆ្នាំ ១៩៩០ បានបន្តផលិតយន្តហោះប្រភេទ C-17 សម្រាប់អតិថិជន ធ្វើការនាំចេញ បន្ទាប់ពីបញ្ចប់ការចែកចាយ ទៅឲ្យកងទ័ពអាកាសអាមេរិក។ ក្រៅពីសហរដ្ឋអាមេរិក យន្តហោះប្រភេទ C-17 នេះ បានបម្រើដល់ប្រទេស និងអង្គការជាច្រើន ដូចជាចក្រភពអង់គ្លេស អូស្រា្តលី កាណាដា កាតា អារ៉ាប់រួម ឥណ្ឌា គុយវ៉ែត អង្គការណាតូ និង អង្គការ Heavy Airlift Wing ផងដែរ។

គួរបញ្ជាក់ផងដែរថា យន្តហោះ Boeing C-17 Globemaster III មានទម្ងន់១២៨,០០០គីឡូក្រាម និងមានប្រវែង ៥៣ម៉ែត្រ ប្រើប្រាស់ម៉ាស៊ីន ប្រភេទ Pratt & Whitney PW2000។ យន្តហោះប្រភេទ C-17 ចុងក្រោយបង្អស់ ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក និងបានហោះហើរជាលើកដំបូង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

២) យន្តហោះ F-22 Raptor មានតម្លៃ ៣៥០លានដុល្លារអាមេរិក

យន្តហោះ «Lockheed Martin F-22 Raptor» គឺជាយន្តហោះចម្បាំង ជំនាន់ទី៥ ប្រើប្រាស់ម៉ាស៊ីនភ្លោះ ប្រភេទ Pratt & Whitney F119 មានកៅអីតែមួយគត់ មានល្បឿនអតិបរិមា ២,៤១០គីឡូម៉ែត្រក្នុងមួយម៉ោង មិនខ្លាចអាកាសធាតុគ្រប់ប្រភេទ ដែលបានបង្កើតឡើង សម្រាប់កងទ័ពអាកាសអាមេរិក United States Air Force (USAF)។

យន្តហោះប្រភេទនេះ ត្រូវបានរចនាឡើងដំបូង ជាយន្តហោះចម្បាំង ដ៏ខ្លាំងក្លា ហើយបានបន្ថែមនូវសមត្ថភាព ជាច្រើនទៀត ដូចជា ការវាយប្រហារសត្រូវនៅលើដី ប្រឆាំងនឹងឧបករណ៍អេឡិចត្រូនិច និងការស៊ើបការណ៍សម្ងាត់ផ្សេងៗ។

ក្រុមហ៊ុន Lockheed Martin គឺជាអ្នកទទួលម៉ៅការដំបូង និងទទួលខុសត្រូវ លើរចនាសម្ព័ន្ធ និងប្រព័ន្ធអាវុធនៃយន្តហោះ ប្រភេទ F-22 នេះ ដោយបានចាប់ដៃគូ ជាមួយនឹងក្រុមហ៊ុន Boeing ដែលបានផ្តល់ឲ្យនូវស្លាប តួយន្តហោះ និងប្រព័ន្ធបណ្តុះបណ្តាលជាច្រើនផ្សេងទៀត។

យន្តហោះប្រភេទនេះ ត្រូវបានគេដាក់ឈ្មោះផ្សេងៗគ្នា ចំនួន២ គឺ F-22 និង F/A-22 មុនពេលចូលបម្រើការ ជាផ្លូវការ នៅក្នុងខែធ្នូ ឆ្នាំ២០០៥ ដោយទទួលបានឈ្មោះថា F-22A។

បន្ទាប់ពីដំណើរការបង្កើត ដែលជួបបញ្ហាអស់រយៈពេលជាយូរមកនោះ ទីបំផុត កងទ័ពអាកាសអាមេរិក បានចាត់ទុកយន្តហោះ F-22 ជាសមាសភាពសំខាន់ នៃអំណាចខាងកលយុទ្ធអាកាសរបស់ខ្លួន។ វាមានសមត្ថភាពពិសេសៗអស្ចារ្យ ដោយអាចលបប្រហារសត្រូវ ធ្វើដំណើរឆ្លងកាត់ខ្យល់យ៉ាងរហ័ស និងអាចដឹងពីស្ថានភាព នៅជុំវិញខ្លួនទៀតផង ដែលធ្វើឲ្យវាក្លាយជាយន្តហោះចម្បាំង ដែលមានសមត្ថភាពប្រយុទ្ធលើអាកាស អស្ចារ្យមិនធ្លាប់មានពីមុនមក។

ទោះបីជាយ៉ាងណាក្តី ដោយសារតែ ការចំណាយខ្ពស់ ទៅលើយន្តហោះប្រភេទនេះ កង្វះបេសកកម្ម វាយប្រហារសត្រូវ លើដែនអាកាស (Air-to-Air) ការហាមឃាត់មិនឲ្យនាំចេញ និងការបង្កើតយន្តហោះប្រភេទ F-35 ដែលមានមុខងារច្រើន និងចំណាយតិចជាង បានធ្វើឲ្យការផលិតយន្តហោះប្រភទ F-22 ត្រូវបានបញ្ចប់។ យន្តហោះប្រភទ F-22 ចុងក្រោយបង្អស់ ត្រូវបានបញ្ជូនទៅឲ្យកងទ័ពអាកាសអាមេរិក ក្នុងឆ្នាំ២០១២។

១) យន្តហោះ B-2 Spirit មានតម្លៃ ២,៤ពាន់លានដុល្លារអាមេរិក

យន្តហោះប្រភេទ «Northrop Grumman B-2 Spirit» ឬត្រូវបានគេឲ្យឈ្មោះថា «Stealth Bomber» គឺជាយន្តហោះទម្លាក់គ្រាប់បែកឆ្លាតវៃ ដោយមានបច្ចេកវិទ្យា ដែលធ្វើឲ្យសត្រូវ មិនងាយឃើញវា ឬក្នុងកម្រិតទាបបំផុត ឬអាចនិយាយថា វាអាចបំបាំងកាយតែម្តង។ វាត្រូវបានរចនាឡើង សម្រាប់ហោះជ្រៀតចូល របាំងការពារយន្តហោះដ៏ក្រាស់ របស់សត្រូវ។ យន្តហោះប្រភេទនេះ អាចពង្រាយអាវុធធម្មតា និងគ្រាប់បែកបរមាណូ ដូចជា MK82 (ទម្ងន់ ២៣០គីឡូក្រាម) ឬ B83 (ទម្ងន់ ១,១០០គីឡូក្រាម) ជាដើម។ យន្តហោះ B-2 នេះ ត្រូវបានគេទទួលស្គាល់ ថាជាយន្តហោះតែមួយគត់ ដែលអាចផ្ទុកគ្រាប់បែក សម្រាប់វាយប្រហារសត្រូវ នៅលើផ្ទៃដី ដោយមិនឲ្យសត្រូវមើលឃើញបាន។

យន្តហោះ B-2 មានសមត្ថភាព អាចវាយប្រហារសត្រូវ នៅគ្រប់រយៈកម្ពស់ រហូតដល់ ១៥,០០០ម៉ែត្រ និងអាចហោះហើរបានចម្ងាយ ១១,០០០គីឡូម៉ែត្រឯណោះ។ វាមានល្បឿនអតិបរិមា ១,០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង បំពាក់ដោយម៉ាស៊ីន General Electric F118 និង Turbofan ហើយត្រូវបានដាក់ឲ្យប្រើប្រាស់ នៅក្នុងឆ្នាំ១៩៩៧ ជាយន្តហោះ ដែលរចនាឡើង មានបច្ចេកវិទ្យាបំបាំងកាយខ្ពស់ បន្ទាប់ពីយន្តហោះ Lockheed F-117 Nighthawk។ វាត្រូវបានប្រើប្រាស់ជាលើកដំបូង នៅក្នុងការប្រយុទ្ធ ទម្លាក់គ្រាប់ធម្មតា នៅក្នុងសង្គ្រាមកូសូវ៉ុ ក្នុងឆ្នាំ១៩៩៩។ ក្រោយមកវាក៏ត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ផងដែរ។

ការចាប់ផ្តើមបង្កើតយន្តហោះ B-2 ដំបូង គឺស្ថិតនៅក្រោមគម្រោង Advanced Technology Bomber (ATB) ក្នុងអំឡុងការគ្រប់គ្រង របស់លោក Jimmy Carter ដែលជាអតីតប្រធានាតិបតី ទី៣៩ របស់សហរដ្ឋអាមេរិក (១៩៧៧-១៩៨១)។ គម្រោង ATB ក៏នៅបន្ត ក្នុងអំឡុងការគ្រប់គ្រង របស់លោក Ronald Reagan (១៩៨១-១៩៨៩) ដែលជាអតីតប្រធានាតិបតី ទី៤០ របស់សហរដ្ឋអាមេរិក ដោយការរចនា និងផលិតឡើង គឺធ្វើឡើងដោយ ក្រុមហ៊ុន Northrop Grumman ហើយក្នុងមួយគ្រឿង ត្រូវចំណាយជាមធ្យមប្រមាណជា ៧៣៧លានដុល្លារអាមេរិក។ ចំនែកឯការចំណាយសរុបជាមធ្យម ទៅលើការផ្គត់ផ្គង់ ចំពោះយន្តហោះ B-2 មួយគ្រឿង គឺ ៩២៩លានដុល្លារអាមេរិក ក្នុងនោះរួមបញ្ចូលទាំង គ្រឿងបន្លាស់ គ្រឿងបរិក្ខារ ការបន្ថែមបច្ចេកវិទ្យាថ្មី ទៅលើបច្ចេកវិទ្យាចាស់ និង កម្មវិធីផ្សេងៗ។ រីឯការចំណាយសរុប លើការបង្កើត វិស្វកម្ម និង ធ្វើតេស្តផ្សេងៗ គឺចំនួន ២,១ពាន់លានដុល្លារអាមេរិក ក្នុងមួយគ្រឿង។

យ៉ាងណាមិញ ដោយសារតែការចំណាយ យ៉ាងច្រើនសន្ធឹកសន្ធាប់ គម្រោងមួយនេះ មានភាពចម្រូងចម្រាសនៅក្នុងសភាអាមេរិក និងក្នុងចំណោមអង្គសេនាធិការចម្រុះ។ ក្នុងអំឡុងចុងឆ្នាំ ១៩៨០ និង ១៩៩០ សភាអាមេរិក បានកាត់បន្ថយគម្រោងទិញយន្តហោះ B-2 ពី ១៣២គ្រឿង មកត្រឹមតែ ២១គ្រឿងវិញ។ ក្នុងឆ្នាំ២០០៨ យន្តហោះ B-2 មួយគ្រឿងបានធ្លាក់ ក្រោយជួបគ្រោះថ្នាក់ ខណៈអ្នកបើកបរ បានគេចចេញ ដោយសុវត្ថិភាព។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ យន្តហោះប្រភេទ B-2 នៅសល់តែ ២០គ្រឿងប៉ុណ្ណោះ សម្រាប់បម្រើការនៅក្នុង កងទ័ពអាកាសអាមេរិក (United States Air Force)។