ឈប់រៀនត្រឹមថ្នាក់ទី៦ ងាកមកចិញ្ចឹមគោ ចុងក្រោយមានមិនដឹងខ្លួន

27

កសិករ​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្លឺ​ភ្នែក​ថា ការ​ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ​មិន​ចាំ​បាច់​ទាល់​តែ​មាន​សញ្ញាប័ត្រ​ថ្នាក់​ខ្ពស់​នោះ​ទេ។

លោក Saipol Azmir Zainuddin បាន​បោះ​បង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី ៦ ដោយ​សារ​តែ​មាន​គោល​បំណង​ច្បាស់​លាស់​មួយ គឺ​ចង់​ក្លាយ​ជា​កសិករ​ម្នាក់​។ ក្រោយ​ពី​ឈប់​រៀន លោក​បាន​សម្រេច​ចិត្ត​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​ ដោយ​ទទួល​ប្រាក់​ខែ​ជិត ២០០ ដុល្លារ។ ជា​មួយ​គ្នា​ផង​ដែរ លោក​មិន​បាន​ចំណាយ​ប្រាក់​ខែ​ដំបូង​របស់​ខ្លួន​ទៅ​សម្ភារ​និយម​នោះ​ទេ តែ​លោក​បែរ​ជា​យក​វា​មក​ទិញ​គោ​មួយ​ក្បាល​ក្នុង​តម្លៃ​ ១១៥ ដុល្លារ ដើម្បី​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន។

លោក Saipol បាន​ទិញ​គោ​មួយ​ក្បាល​​មក​ចិញ្ចឹម​ជា​រៀង​រាល់​ខែ រហូត​ដល់​លោក​មាន​អាយុ ១៨ ឆ្នាំ។ បុរស​រូប​នេះ​និយាយ​ថា “នៅ​ពេល​ខ្ញុំ​អាយុ ១៨ ឆ្នាំ ខ្ញុំ​មាន​គោ ៣០០ ក្បាល។ ក្នុង​អំឡុង​ពេល​នោះ ឪពុក​ខ្ញុំ​ និង​ខ្ញុំ​ បាន​ចិញ្ចឹម​ និង​លក់​គោ​ដល់​អ្នក​ភូមិ។ ខ្ញុំ​បាន​សន្សំ​ប្រាក់​ចំណេញ​ទាំង​អស់​ ដើម្បី​អាច​សម្រេច​សុបិន​របស់​ខ្ញុំ​ធ្វើ​ជា​ម្ចាស់​កសិដ្ឋាន។”

នៅ​អាយុ ១៩ ឆ្នាំ លោក Saipol បាន​ចាប់​ផ្ដើម​លក់​គោ​ពេញ​ម៉ោង និង​មាន​ស្ថេរ​ភាព​ផ្នែក​ហិរញ្ញ​វត្ថុ​ រហូត​ទិញ​រថយន្ត និង​ផ្ទះ​មួយ​ខ្នង។ លោក​បាន​ពង្រីក​មុខ​ជំនួញ​ដោយ​ដាក់​ពាក្យ​សុំ​ប្រាក់​កម្ចី​ចំនួនជាង ២ម៉ឺនដុល្លារ តាម​រយៈ​អាជ្ញាធរ​អង្គការ​កសិករ​ម៉ាឡេស៊ី (LPP) ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក លោក​ក៏​បាន​ទិញ​ដី​ទំហំ ០,៨ ហិក​តា​ សម្រាប់​ការ​ចិញ្ចឹម​គោ​។

ឥឡូវ​នេះ​កសិករ​វ័យ ៣៣ ឆ្នាំ​ខាង​លើ​ មាន​សត្វ​គោ ៨០០ ក្បាល, ពពែ ១៥០ ក្បាល និង​ក្របី ៣០ ក្បាល។ យោង​តាម​ប្រភព​ព័ត៌មាន ឱ្យ​ដឹង​ថា​ លោក​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ជាង ២៥ ម៉ឺន​ដុល្លារ ពី​ការ​លក់​សត្វ​ពាហនៈ​កាល​ពី​ឆ្នាំ​មុន។ បន្ថែម​ពី​នេះ​ទៀត លោក​ក៏​មាន​បំណង​ក្នុង​ការ​បង្ហាត់​ក្មេង​ៗ​ជំនាន់​ក្រោយ ដែល​មាន​ចំណាប់​អារម្មណ៍​លើ​មុខ​របរ​នេះ​ផង​ដែរ៕