ស្លុតចិត្ត! ប្រើកូនត្រីម៉ាស្សាជើង អាចឆ្លងជំងឺកាចសាហាវជាច្រើនមុខ

16

កាល​ពី​ពេល​ថ្មីៗនេះ អ្នក​ជំនាញ​សុខភាព​ព្រមាន​ថា ការ​ម៉ាស្សា​ជើង​ដោយ​ត្រី​អាច​ឆ្លង​ជំងឺ​កាច​សាហាវ​ផ្សេង​ៗ​ដូច​ជា ជំងឺ​អេដស៍ និង ជំងឺ​ថ្លើមប្រភេទ C ជា​ដើម។

ភ្នាក់ងារ​ការពារ​សុខភាព​របស់​រដ្ឋាភិបាល​អង់គ្លេស និយាយ​ថា​ អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម, ជំងឺ​របក​ស្បែក ឬ​ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ មិនគួរ​ទទួល​ការ​ម៉ាស្សា​ដោយ​ត្រី​ទេ ព្រោះ​ពួក​គេ​អាច​ឆ្លង​ជំងឺ​ផ្សេង​ៗ​បាន​យ៉ាង​ងាយ។

លើស​ពី​នេះ​ទៀត ភ្នាក់ងារ​ទាំង​នោះ​ជឿ​ថា នៅ​ក្នុង​អាង​ត្រី​គឺ​ពោរ​ពេញ​ទៅ​ដោយ​បាក់តេរី ដែល​អាច​ចម្លង​យ៉ាង​ងាយ​ពី​ត្រី​ទៅ​កាន់​ភ្ញៀវ ឬ​ពី​ភ្ញៀវ​ម្នាក់​ទៅ​ម្នាក់​ទៀត ប្រសិន​បើ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ទឹក​ឲ្យ​បាន​ទៀង​ទាត់។

ប្រសិន​បើ​ភ្ញៀវ​ម្នាក់​មាន​ផ្ទុក​មេរោគ​អេដស៍ ​ឬ​ជំងឺ​រលាក​ថ្លើម ហើយ​មាន​ការ​ហូរ​ឈាម​នៅ​ក្នុង​ទឹក នោះ​វា​នឹង​មាន​ហានិភ័យ​ខ្ពស់​ ដោយ​ជំងឺ​នេះ​នឹង​ឆ្លង​ទៅ​ភ្ញៀវ​ក្រោយ​ៗ​ទៀត។

យោង​តាម​អ្នក​នាំ​ពាក្យ​ម្នាក់​និយាយ​ថា “យើង​បាន​ចេញ​នូវ​ការ​ណែនាំ​ ដោយ​សារ​តែ​មាន​កំណើន​នៃ​ការ​ម៉ាស្សា​នេះ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​ធ្វើ​តាម​វិធី​សាស្ត្រ​អនាម័យ​បាន​ត្រឹម​ត្រូវ នោះ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​មាន​តិច​តួច​បំផុត។”

ទោះ​យ៉ាង​ណា​ក៏​ដោយ ភ្នាក់​ងារ​សុខ​ភាព​បាន​ណែ​នាំ​ម្ចាស់​អាជីវកម្ម​ទាំង​អស់ ឲ្យ​ផ្លាស់​ប្ដូរ​ទឹក​បន្ទាប់​ពី​អតិថិជន​ម្នាក់​ៗ​ម៉ាស្សា​រួច ដោយ​សារ​តែ​ឧបករណ៍​អុកស៊ីសែន​មិន​អាច​សម្លាប់​បាក់តេរី​បាន​ឡើយ៕