កូន​កំលោះ ​យក​ថ្លៃ​ទឹកដោះ ជិត​១លាន​ដុល្លារ ដាក់​លើ​ឆាក ឲ្យ​គ្រួសារ​កូន​ក្រមុំ

កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន អ្នក​ស្រុក​ហ្វូចូវ បាន​ធ្វើ​ជា​សក្ខីភាព​ចំពោះ​អាពាហ៍ពិពាហ៍​ដ៏​អស្ចារ្យ​មួយ ដែល​មាន​កូន​កំលោះ និង​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត បូក​រួម​ទាំង​លុយ​សុទ្ធ ចំនួន ៦​លាន​យ័ន (ជិត​១​លាន​ដុល្លារ) ទៀត​ផង។

កូន​កំលោះ​ខាង​លើ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Chen គឺ​ជា​កូន​ប្រុស​របស់​សហគ្រិន​ក្នុង​ស្រុក វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​ស្បែក​ជើង ដែល​មាន​ទ្រព្យសម្បត្តិ​ម្នាក់ នៅ​ក្នុង​ទីក្រុង​ក្វាងចូវ ប្រទេស​ចិន។ នៅ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍ ក្រុម​គ្រួសារ​លោក Chen បាន​សម្រេច​ចិត្ត​ជូន​ថ្លៃ​ទឹកដោះ ទៅ​ដល់​ក្រុម​គ្រួសារ​ខាង​កូន​ក្រមុំ ជា​លុយ​សុទ្ធ​ចំនួន ជិត​១​លាន​ដុល្លារ។ ជំនួស​ឲ្យ​ការ​ផ្ទេរ​លុយ​តាម​ធនាគារ ខាង​កូន​កំលោះ បាន​យក​លុយ​ទាំង​នោះ មក​ដាក់​តាំង​បង្ហាញ​លើ​ឆាក ដើម្បី​ឲ្យ​បាន​ឃើញ​ជាក់​ស្តែង​តែ​ម្តង។

គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​មួយ​គូ​នោះ ត្រូវ​បាន​ហែហម​ដោយ​ក្បួន​រថយន្ត​ប្រណិត ចំនួន ៧​គ្រឿង ដែល​ក្នុង​នោះ​រួម​មាន​ទាំង រថយន្ត Rolls Royce ផង​ដែរ។ បើ​តាម​សម្តី​អ្នក​ស្រុក​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​អញ្ជើញ​ភ្ញៀវ សាច់ញាតិ និង​មិត្តភ័ក្ដិ សរុប​ចំនួន ៥០តុ។

រូប​ថត​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​លើ​បណ្តាញ​សង្គម​ចិន៕