តើអ្នកធ្លាប់មានក្តីស្រមៃដ៏ធំមួយ ដែលអ្នកដទៃគិតថាវាមិនអាចទៅរួចទេដែរឬទេ? សម្រាប់កញ្ញា Melanie Perkins នាងមិនត្រឹមតែមានក្តីស្រមៃនោះទេ តែនាងបានជម្នះរហូតធ្វើឲ្យវាក្លាយជាការពិត។ ពីជីវិតដ៏លំបាកដែលសូម្បីតែលុយបង់ថ្លៃផ្ទះជួលនៅប្រទេសអូស្ត្រាលីសឹងតែគ្មាន មកក្លាយជាសេដ្ឋីនីស្វ័យបង្កើត (Self-made billionaire) ម្នាក់។ ដំណើរជីវិតរបស់សហស្ថាបនិក និងជាអគ្គនាយិកា (CEO) នៃក្រុមហ៊ុន Canva រូបនេះ គឺជាភស្តុតាងស្រាប់ដែលបង្ហាញថា «ការតស៊ូព្យាយាម ឈ្នះលើទេពកោសល្យដែលគ្មានការអត់ធ្មត់»។
មាតិកាអត្ថបទ
គំនិតដំបូងនៃការចាប់ផ្តើម
នៅក្នុងវ័យត្រឹមតែ ១៩ ឆ្នាំ Melanie Perkins បានធ្វើការជាគ្រូបង្រៀនក្រៅម៉ោងម្នាក់នៅទីក្រុង Perth ប្រទេសអូស្ត្រាលី។ នាងមានតួនាទីបង្រៀនសិស្សពីរបៀបប្រើប្រាស់កម្មវិធីរចនា (Design) ដ៏ស្មុគស្មាញនានា ដូចជា Adobe Photoshop និង Illustrator ជាដើម។
ក្នុងអំឡុងពេលនោះ នាងបានកត់សម្គាល់ឃើញបញ្ហាកើតឡើងដដែលៗ៖
- កម្មវិធីទាំងនោះស្មុគស្មាញពេក៖ ពិបាកប្រើ និងស្វែងយល់។
- តម្លៃថ្លៃ៖ មិនមែនគ្រប់គ្នាសុទ្ធតែអាចទិញបានឡើយ។
- ប្រើពេលរៀនយូរ៖ ត្រូវការការហ្វឹកហាត់ច្រើនទម្រាំតែអាចរចនារូបភាពបានស្អាតមួយសន្លឹក។
ភាពស្មុគស្មាញទាំងនេះហើយ បានដុះគំនិតដ៏សាមញ្ញតែមានឥទ្ធិពលមួយនៅក្នុងចិត្តរបស់នាងថា៖ «ចុះបើការរចនា (Design) ក្លាយជា រឿងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នា?»
នាងបានស្រមៃចង់បង្កើតកម្មវិធីមួយនៅលើវេបសាយ ដែលអាចប្រើប្រាស់បានដោយសេរី និងឥតគិតថ្លៃ ដែលសូម្បីតែអ្នកគ្មានបទពិសោធន៍សោះ ក៏អាចរចនារូបភាពស្អាតៗបានត្រឹមតែរយៈពេលប៉ុន្មាននាទី។ នៅត្រង់ចំណុចនេះហើយដែលធ្វើអោយខ្ញុំសសើរគាត់ដោយស្មោះព្រោះថា ជាអ្នករចនាខ្លួនឯងផ្ទាល់ខ្ញុំក៏តែងមានអារម្មណ៌លំបាកនៅពេលដែលស្វែងរករូបភាពមក កាត់តនៅក្នុង Browser ហើយបានយកមកដាក់បញ្ចូលក្នុង Photoshop ឬ Illustrator វាហាក់មិនងាយស្រួល តែដល់តែសាកល្បងប្រើប្រាស់ Canva ទើបឃើញថា ងាយស្រួលពិតមែន មានទម្រង់ស្រាប់ជាច្រើនសម្រាប់ជ្រើសរើស ហើយប្រសិនបើចង់បានរូបភាព ឬ វីដេអូ គឺកាន់តែងាយ ដោយមិនចាំបាច់ចាកចេញពីកម្មវិធីផង ខ្ញុំចូលចិត្តត្រង់ភាពងាយស្រួលទាំងអសស់នេះ។

ការបដិសេធជាង ១០០ ដង៖ ការពិតដ៏ជូរចត់
ការប្រែក្លាយគំនិតនោះទៅជាកម្មវិធី Canva មិនមែនជារឿងងាយស្រួលនោះទេ។ Melanie រួមជាមួយដៃគូសហស្ថាបនិក (ដែលបច្ចុប្បន្នត្រូវជាស្វាមីរបស់នាង) គឺលោក Cliff Obrecht បានចំណាយពេលជាង ៣ ឆ្នាំ ដើម្បីដើរពន្យល់ពីគម្រោងអាជីវកម្មរបស់ពួកគេទៅកាន់អ្នកវិនិយោគ។
ពួកគេត្រូវបានបដិសេធលើសពី ១០០ ដង។
អ្នកវិនិយោគទុនភាគច្រើន មិនជឿថា ក្រុមការងារតូចមួយមកពីប្រទេសអូស្ត្រាលី អាចទៅប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗបាននោះទេ។ ពាក្យថា «ទេ» ម្តងហើយម្តងទៀតនេះ បានបង្កើតជាសម្ពាធយ៉ាងខ្លាំង ទាំងផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្ត។ ប៉ុន្តែ Melanie និង Cliff មិនព្រមបោះបង់ឡើយ។
ចាប់ផ្តើមពីតូច៖ កំណើតនៃ Fusion Books
ដោយសារគ្មានដើមទុនធំ និងខ្វះខាតថវិកា ពួកគេត្រូវរកវិធីសាស្រ្តច្នៃប្រឌិតថ្មីមួយ។ ពួកគេបានចាប់ផ្តើមគម្រោងតូចមួយឈ្មោះថា Fusion Books ដែលជាប្រព័ន្ធអនឡាញមួយអនុញ្ញាតឲ្យសាលារៀននានា អាចបង្កើតសៀវភៅអនុស្សាវរីយ៍ (Yearbooks) ដោយខ្លួនឯងតាមរយៈមុខងារអូសទាញ (Drag-and-drop) យ៉ាងងាយស្រួល។
ពួកគេបានដំណើរការអាជីវកម្មទាំងមូលនេះ ចេញពីបន្ទប់ទទួលភ្ញៀវក្នុងផ្ទះម្តាយរបស់ Melanie។ ពួកគេធ្វើការតាំងពីព្រលឹមទល់ពាក់កណ្តាលអធ្រាត្រ ដោយជារឿយៗមិនដឹងថានឹងមានលុយបង់ថ្លៃផ្ទះជួលនៅខែក្រោយឬអត់ផង។ មានពេលខ្លះ ពួកគេហត់នឿយខ្លាំងរហូតដល់ចង់បោះបង់ចោលម្តងៗទៅហើយ។
ប៉ុន្តែ Fusion Books បានសម្រេចគោលដៅរបស់វា៖
- វាបានសបញ្ជាក់ថា មនុស្សពិតជាត្រូវការ ឧបករណ៍រចនាដែលងាយស្រួលប្រើ។
- វាជួយឲ្យពួកគេមានឱកាសបង្កើត និងសាកល្បងបច្ចេកវិទ្យាថ្មី។
- វាបានក្លាយជាគ្រឹះដ៏រឹងមាំ សម្រាប់ការបង្កើត Canva។
រឿងរ៉ាវជោគជ័យកម្រិតពិភពលោក
នាពេលបច្ចុប្បន្ននេះក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុនទើបបង្កើតថ្មី (Startup) មួយដែលមានតម្លៃបំផុតនៅលើពិភពលោក។ ក្រុមហ៊ុននេះមានតម្លៃរាប់ម៉ឺនលានដុល្លារ មានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ១៥០ លាននាក់ និងបន្តរីកចម្រើនយ៉ាងឆាប់រហ័ស។
Melanie Perkins ត្រូវបានគេទទួលស្គាល់ថាជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យបច្ចេកវិទ្យា។ នាងបានហែលឆ្លងពីជីវិតដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ មកបង្កើតអាណាចក្ររចនាដ៏អស្ចារ្យ ដែលបានផ្លាស់ប្តូររបៀបដែលមនុស្សជុំវិញពិភពលោកបង្កើតរូបភាព។
មេរៀនជីវិតដ៏មានតម្លៃ
ដំណើរជីវិតរបស់ Melanie បានដាស់តឿនយើងថា ភាពជោគជ័យទាមទារនូវការអត់ធ្មត់ ការចាប់ផ្តើមពីចំណុចតូចតាច ការហ៊ានទទួលយកបរាជ័យ និងភាពក្លាហានក្នុងការដេញតាមក្តីស្រមៃដោយឥតងាករេ។ ប្រសិនបើអ្នកមានចក្ខុវិស័យមួយ ចូរចាប់ផ្តើមបង្កើត និងកែលម្អវាជាប្រចាំ — ព្រោះមានតែអ្នកដែលហ៊ានសាកល្បងប៉ុណ្ណោះ ទើបអាចសម្រេចបានជោគជ័យ។
- ជោគជ័យមិនមែនកើតឡើងត្រឹមតែមួយយប់ឡើយ៖ វាទាមទារការអត់ធ្មត់ ការចាប់ផ្តើមពីចំណុចតូចតាច និងភាពក្លាហានក្នុងការបន្តដំណើរទៅមុខទៀតក្រោយពេលបរាជ័យ។
- កុំរង់ចាំទាល់តែមានលក្ខខណ្ឌល្អឥតខ្ចោះ៖ បើអ្នកមានក្តីស្រមៃ ចូរចាប់ផ្តើមភ្លាម ទោះបីជាវានៅមានភាពខ្វះខាត ឬមិនទាន់រៀបរយល្អក៏ដោយ។ ចាប់ផ្តើមពីតូច ហើយបន្តកែលម្អវាជាប្រចាំ។
ព្រោះថា «មនុស្សតែម្នាក់គត់ដែលមិនធ្លាប់បរាជ័យ គឺមនុស្សដែលមិនធ្លាប់សាកល្បងធ្វើអ្វីសោះ»។