ខ្សែភាពយន្ត AI ដំបូងគេ Hell Grind៖ បង្កើតដោយ AI ទាំងស្រុង និងកំពុងបើកទ្វាទៅកាន់អនាគតថ្មីនៃឧស្សាហកម្មភាពយន្ត

Fiverr Pro

បច្ចេកវិទ្យាកំពុងរីកចម្រើនក្នុងល្បឿនដែលមនុស្សជាច្រើនពិបាកនឹងតាមទាន់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ញាសិប្បនិម្មិត ឬ Artificial Intelligence (AI) បានចូលមកផ្លាស់ប្ដូរវិស័យជាច្រើន ចាប់ពីការងារការិយាល័យ ការរចនា ការសរសេរ ការបង្កើតរូបភាព មាតិកាឌីជីថល និង រហូតដល់ការផលិតខ្សែភាពយន្ត AI ដំបូងគេ ពីក្រុមហ៊ុន Higgsfield។

ជាពិសេស វិស័យភាពយន្តកំពុងឈានចូលទៅកាន់ដំណាក់កាលថ្មីមួយ ដែលបច្ចេកវិទ្យា AI អាចចូលរួមជាមួយដំណើរការផលិតបានកាន់តែជ្រៅជាងមុន។ ប្រសិនបើកាលពីមុន ការបង្កើតភាពយន្តបែប FantasySci-Fi ដែលពោរពេញដោយសត្វចម្លែក ពិភពលោកនិម្មិត ឈុតឆាកប្រយុទ្ធ និងបច្ចេកទេស Visual Effects (VFX) តម្រូវឱ្យមានថវិការរាប់សិបលានដុល្លារ ក្រុមការងាររាប់រយនាក់ និងពេលវេលាផលិតជាច្រើនខែ ឬសូម្បីតែច្រើនឆ្នាំនោះ ស្ថានភាពកំពុងចាប់ផ្ដើមផ្លាស់ប្ដូរ។

ក្នុងចំណោមការពិសោធន៍ថ្មីៗដែលកំពុងទាក់ទាញការចាប់អារម្មណ៍ពីពិភពបច្ចេកវិទ្យា និងឧស្សាហកម្មភាពយន្ត គឺ Hell Grind ដែលត្រូវបានបង្ហាញថាជាខ្សែភាពយន្តប្រវែងវែងមួយ ដែលប្រើប្រាស់ AI ជាផ្នែកសំខាន់ក្នុងដំណើរការផលិតរបស់ខ្លួន។

អ្វីដែលធ្វើឱ្យគម្រោងនេះគួរឱ្យចាប់អារម្មណ៍ មិនមែនមានត្រឹមតែសាច់រឿងបែប Fantasy និង Demon World ប៉ុណ្ណោះទេ ប៉ុន្តែគឺសំណួរដ៏ធំមួយដែលវាបានលើកឡើង៖ តើ AI អាចផ្លាស់ប្ដូររបៀបដែលមនុស្សបង្កើតភាពយន្តនៅពេលអនាគតបានដល់កម្រិតណា?

Hell Grind ត្រូវបានបង្កើតដោយនរណា?

ខ្សែភាពយន្ត Hell Grind ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Higgsfield AI ដែលបានបញ្ចូលវាទៅក្នុងគម្រោង Higgsfield Originals

គម្រោងនេះត្រូវបានបង្ហាញជាការពិសោធន៍មួយ ដើម្បីសាកល្បងសមត្ថភាពរបស់បច្ចេកវិទ្យា AI ក្នុងការផលិតមាតិកាដែលមានទំហំធំ និងស្មុគស្មាញជាងវីដេអូ AI ខ្លីៗដែលយើងធ្លាប់ឃើញនៅលើអ៊ីនធឺណិត។

ជាទូទៅ ការបង្កើតវីដេអូដោយ AI សព្វថ្ងៃអាចធ្វើបានយ៉ាងងាយស្រួលសម្រាប់ឈុតខ្លីៗ។ អ្នកប្រើអាចផ្ដល់ Prompt មួយ ហើយប្រព័ន្ធ AI អាចបង្កើតវីដេអូដែលមានរយៈពេលប៉ុន្មានវិនាទីបាន។ ប៉ុន្តែការបង្កើត ភាពយន្តពេញប្រវែង គឺជាបញ្ហាខុសគ្នាទាំងស្រុង ព្រោះវាត្រូវការភាពស៊ីសង្វាក់គ្នារវាងតួអង្គ សម្លៀកបំពាក់ ទីតាំង ពន្លឺ សាច់រឿង ចលនា និងអារម្មណ៍របស់តួអង្គពីឈុតមួយទៅឈុតមួយ។

ហេតុដូច្នេះហើយ ទើប Hell Grind ក្លាយជាគម្រោងដែលគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកដែលកំពុងតាមដានការវិវត្តន៍របស់ AI ក្នុងវិស័យភាពយន្ត។

តើខ្សែភាពយន្តនេះនិយាយអំពីអ្វី?

នៅពីក្រោយបច្ចេកវិទ្យាដ៏ទំនើបនេះ គឺជាសាច់រឿងបែប Action, Fantasy និង Supernatural ដែលនិយាយអំពីក្រុមយុវជនមួយក្រុម ដែលបានធំធាត់ជាមួយគ្នាតាំងពីកុមារភាព។ ក្រុមនេះមានសមាជិកចំនួន ៤ នាក់ គឺ Roco, Jax, Rain និង Lulu។ ពួកគេជាក្មេងកំព្រាដែលត្រូវរស់នៅដោយពឹងផ្អែកលើគ្នាទៅវិញទៅមក។ ដោយសារគ្មានគ្រួសារ និងជីវភាពមិនល្អ ពួកគេត្រូវរកវិធីរស់រានមានជីវិតតាមរយៈការលួច និងប្រព្រឹត្តបទល្មើសតូចតាចផ្សេងៗ។ ទោះបីជាពួកគេរស់នៅក្នុងពិភពដែលពោរពេញដោយភាពលំបាកក៏ដោយ ក្រុមនេះនៅតែមានចំណងមិត្តភាពដ៏រឹងមាំ។ ជាពិសេសរវាង Roco និង Lulu ដែលមានទំនាក់ទំនងលើសពីមិត្តភក្តិធម្មតា។

ប៉ុន្តែជីវិតរបស់ពួកគេបានផ្លាស់ប្ដូរទាំងស្រុង នៅថ្ងៃមួយ នៅពេលពួកគេចូលទៅក្នុងអគារមួយ ដើម្បីលួចយករបស់មានតម្លៃ។ ក្នុងអគារនោះ ពួកគេបានរកឃើញ វត្ថុបុរាណអាថ៌កំបាំងមួយ ដែលមើលទៅដូចជាវត្ថុធម្មតា ប៉ុន្តែពិតប្រាកដវិញ វាមានថាមពលមិនធម្មតា និងពាក់ព័ន្ធនឹងភពវេទមន្តមួយដែលពួកគេមិនធ្លាប់ស្គាល់។ ដោយសារការចង់ដឹងចង់ឃើញ និងការមិនដឹងពីគ្រោះថ្នាក់ដែលលាក់នៅពីក្រោយវត្ថុនោះ ពួកគេបានធ្វើឱ្យវាដំណើរការដោយចៃដន្យ។

ភ្លាមៗនោះ ទ្វាវេទមន្តមួយបានបើកឡើង ហើយអំណាចអាថ៌កំបាំងបានស្រូបយក Lulu ទៅកាន់ពិភពមួយផ្សេងទៀត ដែលជាពិភពរបស់បិសាច ឬអ្វីដែលអាចហៅថា នរក។ ព្រឹត្តិការណ៍នេះបានក្លាយជាចំណុចផ្លាស់ប្ដូរដ៏ធំបំផុតក្នុងជីវិតរបស់ Roco។

ការធ្វើដំណើររបស់ Roco ដើម្បីជួយ Lulu

បន្ទាប់ពី Lulu ត្រូវបានបាត់ទៅ, Roco មិនព្រមទទួលយកការពិតថា គាត់ប្រហែលជាមិនអាចឃើញមនុស្សដែលខ្លួនស្រឡាញ់ម្តងទៀតឡើយ។ ក្នុងដំណើរស្វែងរកនោះ គាត់បានរកឃើញព័ត៌មានពីអង្គការមួយដែលមានឈ្មោះថា WEDA ដែលជាអង្គការការពារពិភពលោក និងបានដឹងពីអាថ៌កំបាំងដ៏ធំមួយ។​ នៅលើពិភពលោកមាន វត្ថុបុរាណចំនួន ៦ ដែលមានសមត្ថភាពពាក់ព័ន្ធនឹងការបើកទ្វាររវាងវេទមន្តនេះ។ ក្នុងចំណោមវត្ថុទាំងនោះ មាន ៣ ស្ថិតនៅលើផែនដី ខណៈ ៣ ផ្សេងទៀតស្ថិតនៅក្នុងពិភពបិសាច។

សម្រាប់ Roco វត្ថុទាំង ៦ នេះមិនមែនគ្រាន់តែជាវត្ថុអាថ៌កំបាំងទៀតឡើយ។ វាគឺជាគន្លឹះតែមួយគត់ដែលអាចផ្ដល់ឱកាសឱ្យគាត់ចូលទៅកាន់ពិភពបិសាច ដើម្បីអាចនាំ Lulu ត្រឡប់មកវិញបាន។ ចាប់ពីពេលនោះមក Roco បានចាប់ផ្ដើមដំណើរដ៏ផ្សងព្រេងដ៏គ្រោះថ្នាក់ ដើម្បីសម្រេចគោលដៅ គាត់ត្រូវប្រឈមមុខនឹងសត្រូវ ការក្បត់ អំពើហិង្សា និងការសម្រេចចិត្តដ៏លំបាកជាច្រើន។ នៅពេលដែលគាត់កាន់តែខិតទៅជិតគោលដៅ គាត់ក៏ត្រូវលះបង់អ្វីៗជាច្រើនដែលខ្លួនធ្លាប់ជឿជាក់។

សាច់រឿងនេះធ្វើឱ្យ Hell Grind មិនមែនជារឿងអំពីការប្រយុទ្ធជាមួយបិសាចតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងអំពី មិត្តភាព សេចក្ដីស្រឡាញ់ ការលះបង់ ការបាត់បង់ និងព្រំដែនរវាងអ្វីដែលត្រឹមត្រូវ និងអ្វីដែលមនុស្សម្នាក់សុខចិត្តធ្វើ ដើម្បីការពារអ្នកដែលខ្លួនស្រឡាញ់ ផងដែរ។

ចំណុចដែលធ្វើឱ្យ Hell Grind គួរឱ្យចាប់អារម្មណ៍បំផុត៖ ថវិកាផលិត

ប្រសិនបើនិយាយពីភាពយន្តបែប Fantasy ឬ Sci-Fi ដែលមានឈុតឆាកធំៗ និង VFX ស្មុគស្មាញ អ្នកប្រហែលជានឹកឃើញដល់ភាពយន្ត Hollywood ដែលមានថវិការផលិតរាប់សិប ឬរាប់រយលានដុល្លារ។​ តែ Hell Grind បានបង្ហាញពីទស្សនៈមួយដែលខុសគ្នា។

តាមព័ត៌មានដែលបានផ្សព្វផ្សាយដោយ Higgsfield AI ខ្សែភាពយន្តប្រវែងប្រហែល ៩៥ នាទី នេះ ត្រូវបានផលិតដោយចំណាយថវិកាប្រមាណ ៥០០,០០០ ដុល្លារ និងមានក្រុមការងារប្រហែល ១៥ នាក់ ខណៈពេលផលិតត្រូវបានរាយការណ៍ថាមានរយៈពេលប្រហែល ១៤ ថ្ងៃ តែប៉ុណ្ណោះ វាពិតជាអស្ចារ្យមែនទែន។

ប្រសិនបើតួលេខទាំងនេះត្រូវបានយកមកប្រៀបធៀបជាមួយការផលិតភាពយន្ត Fantasy/Sci-Fi តាមវិធីសាស្រ្តថតដូចធម្មតាដោយមានក្រុមការងារ រៀបចំទីតាំងផលិត ធ្វើដំណើរ រកតួអង្គ ឬទីតាំង ឃើញថាវាបង្ហាញពីភាពខុសគ្នាដ៏ធំមួយពិតប្រាកដមែន។

បើផលិតរឿងប្រភេទនេះតាមរបៀបប្រពៃណី

សម្រាប់ភាពយន្តប្រភេទនេះ ក្រុមការងារអាចត្រូវការមនុស្សជាច្រើនផ្នែក ដូចជា៖

  • អ្នកដឹកនាំរឿង
  • តួសម្ដែង
  • អ្នកថត
  • អ្នករៀបចំទីតាំង
  • អ្នករចនាឈុត
  • អ្នករៀបចំសម្លៀកបំពាក់
  • អ្នកជំនាញ VFX
  • អ្នកជំនាញ CGI
  • អ្នកកាត់តវីដេអូ
  • អ្នករៀបចំសំឡេង
  • អ្នកជំនាញ Color Grading
  • និងក្រុមការងារផ្នែក Production និង Post-production ជាច្រើនទៀត។

លើសពីនេះ ក៏ត្រូវចំណាយលើទីតាំងថត ឧបករណ៍ ការធ្វើដំណើរ សម្លៀកបំពាក់ ឧបករណ៍ Special Effects និងចំណាយផ្សេងៗជាច្រើន។ Higgsfield AI បានលើកឡើងថា ប្រសិនបើគម្រោងដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាត្រូវផលិតតាមរបៀបប្រពៃណី អាចត្រូវការថវិកាខ្ពស់រហូតដល់ប្រមាណ ៥០ លានដុល្លារ

ប្រសិនបើយកតួលេខ ៥០០,០០០ ដុល្លារ ទៅប្រៀបធៀបនឹង ៥០ លានដុល្លារ នោះភាពខុសគ្នាគឺធំខ្លាំងណាស់ ហើយនេះជាចំណុចមួយដែលធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍លើសមត្ថភាពរបស់ AI។

AI មិនមែនមានន័យថា “ឥតគិតថ្លៃ” ទេ

ចំណុចមួយដែលគួរឱ្យចាប់អារម្មណ៍ គឺការប្រើប្រាស់ AI មិនមានន័យថាការផលិតភាពយន្តគឺឥតចំណាយនោះទេ។ ផ្ទុយទៅវិញ ការបង្កើតវីដេអូ AI ដែលមានគុណភាពខ្ពស់ និងមានប្រវែងវែង ត្រូវការកម្លាំងគណនាដ៏ច្រើន។

ក្នុងករណី Hell Grind ថវិកាផ្នែកធំមួយត្រូវបានចំណាយទៅលើ AI Compute Costs ឬថ្លៃធនធានកុំព្យូទ័រ ដែលត្រូវប្រើសម្រាប់បង្កើត បំលែង កែសម្រួល និងបង្កើនគុណភាពរូបភាព និងវីដេអូ។ តាមព័ត៌មានដែលបានបង្ហាញ ប្រហែល ៨០% នៃថវិកាសរុប ឬប្រមាណ ៥០០,០០០ ដុល្លារ ត្រូវបានចំណាយលើកម្លាំង Computer។

នេះបង្ហាញថា ទោះបី AI អាចកាត់បន្ថយតម្រូវការសម្រាប់តួសម្ដែង ទីតាំងថត និងក្រុមការងារធំៗក៏ដោយ ក៏ការផលិតមាតិកាកម្រិតខ្ពស់នៅតែត្រូវការធនធានបច្ចេកទេសយ៉ាងច្រើន។

និយាយឱ្យសាមញ្ញ គឺ ការចំណាយមិនបានបាត់ទៅទេ ប៉ុន្តែវាបានផ្លាស់ប្ដូរទម្រង់។ ពីមុន យើងចំណាយលើមនុស្ស ទីតាំង ឧបករណ៍ និងការថត។ ឥឡូវនេះ ផ្នែកមួយនៃការចំណាយអាចផ្លាស់ទៅកាន់ Server, GPU, Compute និង AI Models ជំនួសវិញ។

ហេតុអ្វីបានជា Hell Grind មានសារៈសំខាន់ចំពោះអនាគតភាពយន្ត?

អ្វីដែលធ្វើឱ្យគម្រោងនេះគួរឱ្យចាប់អារម្មណ៍ មិនមែនគ្រាន់តែជាការប្រើ AI បង្កើតរូបភាពស្អាតៗនោះទេ។ ចំណុចសំខាន់ជាងនេះ គឺការព្យាយាមបង្ហាញថា AI អាចត្រូវបានប្រើប្រាស់នៅក្នុង Workflow ផលិតភាពយន្តទ្រង់ទ្រាយធំ។

១. បង្ហាញថា AI អាចលើសពីវីដេអូខ្លីៗ

មុននេះ ការបង្កើតវីដេអូដោយ AI ភាគច្រើនត្រូវបានប្រើសម្រាប់ឈុតខ្លីៗ ពាណិជ្ជកម្ម Content សម្រាប់ Social Media ឬការពិសោធន៍ផ្នែក Visual។ ប៉ុន្តែការបង្កើតភាពយន្តដែលមានរយៈពេលជិតមួយម៉ោងកន្លះ គឺជាបញ្ហាដ៏ស្មុគស្មាញជាងនេះច្រើន។​ វាត្រូវការការរក្សា Character Consistency, Visual Continuity, Story Continuity, Motion, Lighting និង Cinematic Style ឱ្យមានភាពស៊ីសង្វាក់គ្នា។ ដូច្នេះ ប្រសិនបើ AI អាចធ្វើដំណើរទៅដល់ចំណុចដែលអាចគ្រប់គ្រងបញ្ហាទាំងនេះបានកាន់តែល្អ នោះវាអាចបើកលទ្ធភាពថ្មីសម្រាប់អ្នកផលិតភាពយន្តជំនាន់ក្រោយ។

២. បន្ថយរបាំងចំពោះអ្នកបង្កើតភាពយន្ត

ក្នុងអតីតកាល ប្រសិនបើអ្នកមានគំនិតចង់បង្កើតភាពយន្ត Sci-Fi មួយដែលមានទីក្រុងអនាគត សត្វចម្លែក យានអវកាស ឬពិភពនរក អ្នកត្រូវការថវិកាខ្ពស់ និងក្រុមការងារធំមួយ។ ប៉ុន្តែ AI កំពុងធ្វើឱ្យរបាំងទាំងនេះចាប់ផ្ដើមថយចុះ។ នៅពេលអនាគត អ្នកផលិតភាពយន្តឯករាជ្យម្នាក់ដែលមានតែគំនិត ស្គ្រីប និងជំនាញដឹកនាំល្អ ក៏អាចមានឱកាសបង្កើតពិភពលោកដែលពីមុនត្រូវការស្ទូឌីយោធំៗដើម្បីផលិត។ នេះអាចនាំទៅរកការកើនឡើងនៃ Independent Filmmakers និងអ្នកបង្កើតមាតិកាដែលមិនចាំបាច់ពឹងផ្អែកលើស្ទូឌីយោធំៗដូចពីមុន។

៣. មនុស្សនៅតែជាផ្នែកសំខាន់

ទោះបីភាពយន្តត្រូវបានបង្កើតដោយប្រើប្រាស់ AI ជាផ្នែកសំខាន់ក៏ដោយ វាមិនមានន័យថាមនុស្សលែងមានតួនាទីទៀតនោះទេ។ ផ្ទុយទៅវិញ មនុស្សនៅតែត្រូវការសម្រាប់ ការសរសេរសាច់រឿង ការដឹកនាំ ការសម្រេចចិត្តផ្នែកសិល្បៈ ការរចនា ការជ្រើសរើស Scene ការកាត់ត និងការគ្រប់គ្រងគុណភាព។ AI អាចបង្កើតសំណើ និង Visual ជាច្រើន ប៉ុន្តែមនុស្សនៅតែត្រូវសម្រេចថា តើអ្វីដែលសមស្របសម្រាប់សាច់រឿង និងអ្វីដែលមិនសមស្រប។ ហេតុនេះហើយ អនាគតភាពយន្តប្រហែលមិនមែនជា “AI ជំនួសមនុស្ស” ទាំងស្រុងនោះទេ ប៉ុន្តែអាចជារូបភាពនៃ “មនុស្ស + AI” ដែលធ្វើការជាមួយគ្នា។

តើ AI នឹងផ្លាស់ប្ដូរឧស្សាហកម្មភាពយន្តយ៉ាងដូចម្តេច?

ប្រសិនបើបច្ចេកវិទ្យាបន្តរីកចម្រើនតាមល្បឿនបច្ចុប្បន្ន នោះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ យើងអាចឃើញការផ្លាស់ប្ដូរជាច្រើន។ អ្នកផលិតភាពយន្តតូចៗអាចបង្កើតគម្រោងដែលមាន Visual កម្រិតខ្ពស់ដោយមិនចាំបាច់មានថវិកាមហាសាល។ អ្នកនិពន្ធអាចសាកល្បង Scene និង Visual Concepts មុនពេលចាប់ផ្ដើមផលិតពិតប្រាកដ។ អ្នកដឹកនាំអាចបង្កើត Storyboard និង Pre-visualization បានលឿនជាងមុន។ ស្ទូឌីយោអាចកាត់បន្ថយពេលវេលា និងចំណាយនៅក្នុងផ្នែកមួយចំនួននៃ Production និង Post-production។ ហើយសំខាន់ជាងនេះទៅទៀត អ្នកដែលពីមុនមិនអាចចូលទៅក្នុងឧស្សាហកម្មភាពយន្តបានដោយសារតែថវិកា អាចនឹងទទួលបានឱកាសថ្មី។

ប៉ុន្តែតើភាពយន្ត AI មានបញ្ហាអ្វីខ្លះ?

ទោះបីបច្ចេកវិទ្យា AI មានសក្តានុពលយ៉ាងខ្លាំងក៏ដោយ វាក៏នាំមកជាមួយសំណួរជាច្រើនដែលឧស្សាហកម្មភាពយន្តត្រូវពិភាក្សា។ ឧទាហរណ៍៖ តើអ្នកណាជាម្ចាស់សិទ្ធិលើស្នាដៃដែលបង្កើតដោយ AI? តើ AI ត្រូវបានបណ្តុះបណ្តាលដោយប្រើស្នាដៃរបស់អ្នកណាខ្លះ? តើតួអង្គដែលមានមុខមាត់ស្រដៀងមនុស្សពិតអាចបង្កើតដោយគ្មានការអនុញ្ញាតបានឬទេ? ហើយតើការប្រើប្រាស់ AI នឹងប៉ះពាល់ដល់ការងាររបស់តួសម្ដែង អ្នកថត អ្នកបង្កើត VFX និងអ្នកជំនាញក្នុងវិស័យភាពយន្តយ៉ាងដូចម្តេច?

ទាំងនេះជាសំណួរដែលមិនអាចមានចម្លើយសាមញ្ញតែមួយបានឡើយ។ ដូច្នេះ Hell Grind គួរត្រូវបានមើលមិនត្រឹមតែជាខ្សែភាពយន្តមួយប៉ុណ្ណោះទេ ប៉ុន្តែជាការពិសោធន៍មួយដែលអាចជួយឱ្យយើងយល់ថា តើឧស្សាហកម្មភាពយន្តអាចផ្លាស់ប្ដូរទៅណានាពេលអនាគត។

តើយើងកំពុងឈានចូលយុគសម័យភាពយន្ត AI ឬ?

Hell Grind គឺជាគម្រោងមួយដែលបង្ហាញពីទិសដៅគួរឱ្យចាប់អារម្មណ៍នៃការរួមបញ្ចូលគ្នារវាង ការច្នៃប្រឌិតរបស់មនុស្ស និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

ពីភាពយន្តដែលត្រូវការក្រុមការងាររាប់រយនាក់ ទីតាំងថតជាច្រើន និងថវិការរាប់សិបលានដុល្លារ យើងកំពុងឃើញគំរូថ្មីមួយ ដែល AI អាចជួយកាត់បន្ថយឧបសគ្គផ្នែកថវិកា និងធនធានមួយចំនួនបានយ៉ាងច្រើន។ ប៉ុន្តែចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុត មិនមែនថា “AI អាចជំនួស Hollywood បានឬអត់” នោះទេ។

សំណួរដែលគួរឱ្យចាប់អារម្មណ៍ជាងនេះគឺ៖ តើនឹងមានអ្វីកើតឡើង ប្រសិនបើមនុស្សម្នាក់ដែលមានគំនិតដ៏អស្ចារ្យមួយ អាចយកគំនិតនោះទៅបង្កើតជាភាពយន្តពេញលេញបាន ដោយមិនចាំបាច់មានថវិការរាប់សិបលានដុល្លារ?

ប្រសិនបើបច្ចេកវិទ្យានេះបន្តរីកចម្រើន នោះអនាគតអាចនឹងមិនមែនជាពិភពលោកដែលមានតែស្ទូឌីយោធំៗប៉ុណ្ណោះដែលអាចបង្កើតភាពយន្ត Fantasy ឬ Sci-Fi បានទៀតឡើយ។ អ្នកនិពន្ធម្នាក់ អ្នកដឹកនាំម្នាក់ ឬអ្នកបង្កើតមាតិកាឯករាជ្យម្នាក់ ក៏អាចមានឱកាសបង្កើតពិភពលោកដែលធ្លាប់តែមាននៅក្នុងការស្រមៃរបស់ពួកគេ។

ហើយនោះប្រហែលជាអ្វីដែលធ្វើឱ្យការវិវត្តន៍របស់ AI ក្នុងវិស័យភាពយន្តគួរឱ្យចាប់អារម្មណ៍បំផុត៖ AI មិនត្រឹមតែធ្វើឱ្យការផលិតភាពយន្តលឿន ឬថោកជាងមុនទេ ប៉ុន្តែវាអាចធ្វើឱ្យ “ការបង្កើតភាពយន្ត” ក្លាយជាអ្វីដែលមនុស្សកាន់តែច្រើនអាចចូលរួមបាន។

យ៉ាងណាក៏ដោយ វានៅតែជាដំណាក់កាលដំបូងនៃបច្ចេកវិទ្យា ហើយគុណភាព សិទ្ធិអ្នកបង្កើត កម្មសិទ្ធិបញ្ញា និងតួនាទីរបស់មនុស្សនៅក្នុងឧស្សាហកម្មនេះ គឺជាបញ្ហាដែលនឹងត្រូវពិភាក្សា និងកំណត់ឱ្យបានច្បាស់លាស់នៅថ្ងៃអនាគត។

ចុះអ្នកវិញយល់យ៉ាងណា? ប្រសិនបើនៅថ្ងៃអនាគត អ្នកអាចបង្កើតភាពយន្តពេញមួយរឿងដោយប្រើតែ AI និងថវិកាតិចតួច តើអ្នកនឹងជ្រើសរើសបង្កើតភាពយន្តប្រភេទអ្វី?

តោះ!!! មើលរឿងទាំងមូលខាងក្រោមនេះទាំងអស់គ្នា

លោកអ្នកអាចមើលរឿងនេះបានទាំងស្រុងតាមរយៈគេហទំព័រផ្ទាល់របស់ Higgsfield ឬ ក៏អាចមើលផ្ទាល់នៅទំព័រនេះតាមរយៈការផ្សាយបន្តពី Youtube ខាងក្រោម។

LEAVE A REPLY

Please enter your comment!
Please enter your name here

For security, use of CloudFlare's Turnstile service is required which is subject to the CloudFlare Privacy Policy and Terms of Use.

Hostinger

អត្ថបទផ្សេងទៀត

ពេញនិយម

អត្ថបទចុងក្រោយ