រដូវកាលបៃតង ក៏ជាពេលវេលាដ៏ស្រស់ស្អាតសម្រាប់ដំណើរកម្សាន្ត! ស្វែងយល់ពីភាពទាក់ទាញក្នុងរដូវរស្សានេះនៅខេត្តព្រះសីហនុ

Fiverr Pro

ខ្ញុំបានឃើញប៉ុស្តជាវីដេអូផ្សព្វផ្សាយមួយរបស់គេហទំព័ហ្វេសបុកផ្លូវការរបស់ខេត្តព្រះសីហនុ ដែលមានចំណងជើងថា មកលេងខេត្តព្រះសីហនុ ក្នុងរដូវកាលបៃតង ។ នៅពេលដែលរដូវភ្លៀងចាប់ផ្តើមមកដល់ មនុស្សជាច្រើនតែងមានគំនិតថា នេះមិនមែនជាពេលវេលាស័ក្តិសមសម្រាប់ការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ឆ្នេរសមុទ្រនោះទេ។ ប៉ុន្តែការពិតគឺផ្ទុយស្រឡះ។ រដូវភ្លៀងបាននាំមកនូវសម្រស់ធម្មជាតិដ៏ស្រស់បំព្រង បរិយាកាសត្រជាក់ស្រួល និងទេសភាពបៃតងគួរឱ្យចង់សម្រាក ដែលអ្នកមិនអាចរកឃើញបាននៅរដូវផ្សេងឡើយ។

តាមរយៈវីដេអូដែលបានបង្ហោះដោយរដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញពីមុខមាត់ថ្មីនៃការធ្វើដំណើរកម្សាន្តក្នុង «រដូវកាលបៃតង» ដោយអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទទួលយកបទពិសោធន៍ថ្មីដែលពោរពេញដោយភាពស្ងប់ស្ងាត់ ស្រស់ស្អាត និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។

ធម្មជាតិបៃតងស្រស់បំព្រង និងបរិយាកាសស្រស់ស្រាយ

រដូវវស្សាគឺជាពេលដែលធម្មជាតិមានជីវិតរស់រវើក ហើយស្រស់បំព្រមជាងគេ។ ដើមឈើ ព្រៃភ្នំ និងសួនច្បារនានាក្នុងខេត្តព្រះសីហនុ ត្រូវបានលាបពណ៌ដោយភាពបៃតងស្រស់នៃដើមឈើ ផ្កា ស្មៅ ធ្វើឱ្យទេសភាពទាំងមូលមើលទៅរស់រវើក និងពោរពេញដោយភាពស្រស់ស្អាត និង មនោរម្យ។

ខ្យល់សមុទ្រដែលបក់លាយឡំនឹងអាកាសត្រជាក់ក្រោយភ្លៀង បង្កើតអារម្មណ៍ស្រស់ថ្លា និងស្ងប់សុខ។ រីឯពេលព្រឹក អ្នកអាចទស្សនាអ័ព្ទស្រាលៗលើភ្នំ និងមាត់សមុទ្រ ដែលធ្វើឱ្យទេសភាពកាន់តែមានមន្តស្នេហ៍ និងល្អឥតខ្ចោះសម្រាប់ការថតរូប ឬអង្គុយផឹកកាហ្វេមើលទេសភាព ហើយប្រសិនបើអ្នកធ្វើដំណើរកំសាន្តជាមួយដៃគូរបស់អ្នកទៀតនោះ ប្រហែលជាត្រូវទិញ Memory ថែមសម្រាប់ដាក់កាមេរ៉ាថតរូបផងក៏មិនដឹង។

ឆ្នេរសមុទ្រស្អាត និងទីក្រុងកាន់តែទំនើប

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបានអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ផ្លូវថ្នល់ធំទូលាយ ការរៀបចំសួនច្បារ ផ្លូវដើរតាមមាត់សមុទ្រ និងភ្លើងបំភ្លឺសាធារណៈ បានធ្វើឱ្យទីក្រុងមានសោភ័ណភាព និងភាពទំនើបកាន់តែខ្លាំង។

ឆ្នេរសាធារណៈជាច្រើនត្រូវបានថែរក្សាឱ្យមានអនាម័យល្អ ស្អាតបាត និងមានសណ្តាប់ធ្នាប់ ដូចជា ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ ឆ្នេរឯករាជ្យ និងតំបន់ឆ្នេរផ្សេងៗទៀត ដែលភ្ញៀវទេសចរអាចដើរកម្សាន្ត ស្រូបខ្យល់អាកាស បន្ធូរអារម្មណ៍ ឬអង្គុយទស្សនាទិដ្ឋភាពសមុទ្រ ឬ ទទួលទានអាហារជុំគ្នា បានយ៉ាងមានក្តីសុខ។

រដូវកាលបៃតង
Image by Marc Losper from Pixabay

កោះរ៉ុង និងកោះរ៉ុងសន្លឹម ស្រស់ស្អាតគ្រប់រដូវ

សម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តតាមទីកោះ រដូវកាលបៃតងនេះក៏ជាពេលវេលាដ៏ល្អមួយដែរ។ កោះរ៉ុង និងកោះរ៉ុងសន្លឹម នៅតែរក្សាបាននូវទឹកសមុទ្រពណ៌ខៀវថ្លា ឆ្នេរខ្សាច់សក្បុស និងបរិយាកាសស្ងប់ស្ងាត់ ជាពិសេសប្រសិនបើបានទៅហើយ កុំភ្លេចណា ទៅរកដើមឃើញដែលគេល្បីមួយរយៈពេលមុន។

ជាទូរទៅដោយសាររដូវភ្លៀង ច្រើនតែមានភ្ញៀវទេសចរតិចជាងរដូវក្តៅ អ្នកអាចសម្រាកលំហែកាយបានយ៉ាងពេញលេញ ដោយមិនចាំបាច់ប្រឈមមុខនឹងភាពអ៊ូអរ ឬការកកកុញ ដោយសារមនុស្សដើរទៅមកច្រើន។ មិនថាជាការដើរលេងតាមឆ្នេរ អានសៀវភៅ ស្រូបយកខ្យល់អាកាស ឬគ្រាន់តែគយគន់ថ្ងៃលិច ក៏សុទ្ធតែជាបទពិសោធន៍ដ៏មានតម្លៃ។

ដំណើរងាយស្រួល ចំណាយសមរម្យ

សព្វថ្ងៃនេះ ការធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុកាន់តែងាយស្រួលជាងមុន អ្នកអាចធ្វើដំណើរតាមសេវាឡានក្រុងដូចជា Bookmebus ឬ ដោយយានជំនិះផ្ទាល់ខ្លួន ហើយធ្វើដំណើរតាមរយៈផ្លូវល្បឿនលឿន ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើន។

Book me bus

អ្វីដែលកាន់តែទាក់ទាញនោះគឺ ក្នុងរដូវកាលបៃតង ភ្ញៀវទេសចរជាច្រើនអាចទទួលបានការបញ្ចុះតម្លៃលើសណ្ឋាគារ រីសត ផ្ទះសំណាក់ និងសេវាកម្មទេសចរណ៍ផ្សេងៗ។ នេះជាឱកាសល្អសម្រាប់អ្នកដែលចង់សម្រាកជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ ដោយមិនចាំបាច់ចំណាយថវិកាច្រើន។

រដូវដែលស័ក្តិសមសម្រាប់ការសម្រាកពិតប្រាកដ

សម្រាប់មនុស្សជាច្រើន ការធ្វើដំណើរមិនមែនគ្រាន់តែជាការទៅដល់គោលដៅប៉ុណ្ណោះទេ ប៉ុន្តែជាការសម្រាកផ្លូវកាយ និងផ្លូវចិត្ត។

រដូវកាលបៃតងផ្តល់នូវភាពស្ងប់ស្ងាត់ ដែលអនុញ្ញាតឱ្យអ្នករីករាយជាមួយសំឡេងរលកសមុទ្រ ខ្យល់បក់ត្រជាក់ និងទេសភាពធម្មជាតិ ដោយគ្មានភាពអ៊ូអរ។ វាជាពេលវេលាដ៏ល្អសម្រាប់ការបំបាត់ភាពនឿយហត់ពីការងារ ការចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ និងការបង្កើតអនុស្សាវរីយ៍ថ្មីៗ។

pexels lorn ly 5540507 5936547
By: Lorn Ly 

បទពិសោធន៍ថ្មីដែលអ្នកមិនគួររំលង

អ្នកដែលធ្លាប់ទៅលេងខេត្តព្រះសីហនុនៅរដូវប្រាំង ប្រហែលជានឹងភ្ញាក់ផ្អើលនៅពេលបានឃើញសម្រស់របស់ខេត្តនេះក្នុងរដូវភ្លៀង។ ទេសភាពបៃតងស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ និងភាពស្ងប់ស្ងាត់ បានធ្វើឱ្យការធ្វើដំណើរមានអារម្មណ៍ខុសប្លែក និងពោរពេញដោយភាពស្រស់ស្រាយ។

រដូវភ្លៀងមិនមែនជាឧបសគ្គសម្រាប់ការធ្វើដំណើរកម្សាន្តនោះទេ។ ផ្ទុយទៅវិញ វាគឺជាពេលវេលាដែលធម្មជាតិបង្ហាញសម្រស់ដ៏ស្រស់បំព្រងបំផុត។ ជាមួយនឹងឆ្នេរសមុទ្រស្អាត ទេសភាពបៃតង ខ្យល់អាកាសត្រជាក់ និងការចំណាយសមរម្យ ខេត្តព្រះសីហនុក្នុង «រដូវកាលបៃតង» គឺជាគោលដៅទេសចរណ៍ដែលសក្តិសមសម្រាប់អ្នកដែលចង់គេចចេញពីភាពមមាញឹកនៃជីវិតប្រចាំថ្ងៃ។

ប្រសិនបើអ្នកកំពុងស្វែងរកដំណើរកម្សាន្តដែលផ្តល់ទាំងភាពស្ងប់ស្ងាត់ ភាពស្រស់ស្អាត និងបទពិសោធន៍ថ្មីៗ សូមកុំរង់ចាំដល់រដូវប្រាំង។ សាកល្បងមកទស្សនាខេត្តព្រះសីហនុក្នុងរដូវកាលបៃតង ហើយអ្នកប្រហែលជានឹងលង់ស្នេហ៍នឹងសម្រស់ធម្មជាតិមួយនេះ លើសពីការរំពឹងទុក។

LEAVE A REPLY

Please enter your comment!
Please enter your name here

For security, use of CloudFlare's Turnstile service is required which is subject to the CloudFlare Privacy Policy and Terms of Use.

Hostinger

អត្ថបទផ្សេងទៀត

ពេញនិយម

អត្ថបទចុងក្រោយ