Cineby ដែលជាគេហទំព័រមើលកុនអនឡាញខុសច្បាប់ (Piracy) ដ៏ធំបំផុតមួយនៅលើពិភពលោក បានប្រកាសជាផ្លូវការអំពីការបិទទ្វារជាអចិន្ត្រៃយ៍របស់ខ្លួន។ ដោយមានអ្នកចូលមើលជាង ១៦០ លាននាក់ក្នុងមួយខែ។ គេហទំព័រនេះ រួមជាមួយនឹងបណ្តាញគេហទំព័រផ្សេងទៀតរបស់ខ្លួនដូចជា Fmovies+ និង Cineplay គឺជាប្រភពដ៏ពេញនិយមបំផុតសម្រាប់ការទស្សនាភាពយន្តដោយឥតគិតថ្លៃ។ ទោះជាយ៉ាងណាក៏ដោយ ការបិទទ្វារនេះមិនបានកើតឡើងភ្លាមៗនោះទេ ដោយក្រុមការងាររបស់គេហទំព័រនេះបានសម្រេចចិត្តរៀបចំការបិទជាដំណាក់កាលបន្តបន្ទាប់គ្នា។
មាតិកាអត្ថបទ
ដំណើរការនៃការបិទជាដំណាក់កាល
ជាជាងការបិទទ្វារទាំងស្រុងក្នុងពេលតែមួយ ក្រុមប្រតិបត្តិការបានរៀបចំកាលវិភាគបិទជាជំហានៗយ៉ាងច្បាស់លាស់។ ចាប់ពីចុងខែសីហាមក ពួកគេបានចាប់ផ្តើមដោយការបិទគេហទំព័របណ្តាញ និងបញ្ជូនអ្នកប្រើប្រាស់មកកាន់គេហទំព័រដើមវិញ។ បន្ទាប់មក ពួកគេបានបន្តបិទការផ្សាយផ្ទាល់កីឡា គំនូរជីវចល (Anime) ការទាញយកឯកសារ និងលុបគណនីអ្នកប្រើប្រាស់។ ថ្ងៃចុងក្រោយដែលអ្នកគាំទ្រអាចចូលមើលភាពយន្តបានគឺថ្ងៃទី៣០ ខែសីហា ហើយនៅត្រឹមថ្ងៃទី៥ ខែកញ្ញា គ្រប់គេហទំព័រទាំងអស់ដែលពាក់ព័ន្ធនឹង Cineby នឹងត្រូវលុបបំបាត់ចេញពីអ៊ីនធឺណិតទាំងស្រុងតែម្តង។
សម្ពាធផ្លូវច្បាប់ និងមូលហេតុនៅពីក្រោយការបិទទ្វារ
ទោះបីជាម្ចាស់គេហទំព័រមិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដនៅពីក្រោយការសម្រេចចិត្តនេះក្តី ក៏គេជឿជាក់ថា វាបណ្តាលមកពីសម្ពាធផ្លូវច្បាប់យ៉ាងខ្លាំងពីសំណាក់ម្ចាស់កម្មសិទ្ធិបញ្ញា។ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ អង្គការធំៗដូចជាសមាគមភាពយន្ត (MPA) បានដាក់គោលដៅវាយប្រហារយ៉ាងខ្លាំងមកលើ គេហទំព័រនេះ។ បន្ថែមពីនេះ គេហទំព័រនេះក៏ប្រឈមមុខនឹងបទបញ្ជាបិទខ្ទប់ (Site-blocking) យ៉ាងតឹងរ៉ឹងនៅក្នុងប្រទេសជាច្រើន រួមមានចក្រភពអង់គ្លេស កាណាដា និងឥណ្ឌាផងដែរ ដែលធ្វើឲ្យការបន្តប្រតិបត្តិការកាន់តែមានភាពលំបាក។

ជម្រើសថ្មីសម្រាប់អ្នកចូលចិត្តទស្សនាភាពយន្ត
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ មុនពេលលាគ្នា ក្រុមការងាររបស់គេហទំព័រមួយនេះ បានណែនាំឲ្យអ្នកប្រើប្រាស់ងាកទៅរកសេវាកម្មមើលកុនស្របច្បាប់វិញ ដូចជា Apple TV និង Amazon Prime ជាដើម ទោះបីជាពួកគេនៅតែបន្សល់ទុកនូវតំណភ្ជាប់ទៅកាន់វេទិកាដែលពិភាក្សាពីជម្រើសគេហទំព័រទស្សនាឥតគិតថ្លៃផ្សេងទៀតក៏ដោយ។ ព្រឹត្តិការណ៍នេះ គឺជាទីបញ្ចប់នៃអាណាចក្រចែករំលែកភាពយន្តដ៏ធំមួយ ដែលធ្វើឲ្យអ្នកប្រើប្រាស់រាប់លាននាក់ជុំវិញពិភពលោកត្រូវស្វែងរកជម្រើសថ្មីដើម្បីទស្សនាភាពយន្តដែលពួកគេចូលចិត្ត។









