ការបោកប្រាស់តាម Telegram ទាំង១៣ប្រភេទ និងការយល់ដឹងអំពីវិធីការពារ

បោកប្រាស់តាម Telegram បច្ចុប្បន្នឃើញថាមានការកើនឡើងច្រើន ជនខិលខូចបានប្រើប្រាស់ល្បិចផ្សេងៗដូចជា៖ ការបោកប្រាស់តាមរយៈស្នេហាបណ្តាញសង្គម, តំណភ្ជាប់ក្លែងបន្លំ (Phishing), ការវិនិយោគក្លែងក្លាយ និងគម្រោងគ្រីបតូ (Cryptocurrency) ជាដើម។

ភាគច្រើនជនបោកប្រាស់តែងតែទាក់ទងជនរងគ្រោះដំបូងតាមរយៈ កម្មវិធីស្វែងរកគូ, សហគមន៍ហ្គេម, ទីផ្សារអនឡាញ ឬវេទិកាពិភាក្សា រួចបញ្ចុះបញ្ចូលឱ្យប្ដូរមកនិយាយគ្នានៅលើ Telegram វិញ ដោយសារ Telegram មានប្រព័ន្ធឃ្លាំមើលទាប។

មាតិកាអត្ថបទ

ប្រភេទបោកប្រាស់ទាំង ១៣ ដែលកំពុងពេញនិយមនៅលើ Telegram

បោកប្រាស់តាម Telegram

១. ការបោកប្រាស់លើទីផ្សារអនឡាញ (Online Marketplace Scams)

ជនបោកប្រាស់បង្កើតហាងទំនិញអនឡាញក្លែងក្លាយ ផ្សព្វផ្សាយលក់ទំនិញ ឬសេវាកម្ម (ដូចជា សំបុត្រយន្តហោះ កក់សណ្ឋាគារ ឧបករណ៍អេឡិចត្រូនិច) ក្នុងតម្លៃថោកខុសពីធម្មតា។ បន្ទាប់មក ពួកគេបញ្ឆោតឱ្យជនរងគ្រោះវេរប្រាក់តាមវិធីដែលមិនអាចដកវិញបាន។

២. ការបោកប្រាស់តាមរយៈការជ្រើសរើសបុគ្គលិក (Job Scams)

ផ្តល់ការងារធ្វើតាមផ្ទះ (Remote Job) ដែលទទួលបានប្រាក់ខែខ្ពស់ ដោយមិនទាមទារបទពិសោធន៍។ ដំបូង គេឱ្យធ្វើការងារងាយៗ រួចបង់ប្រាក់បន្តិចបន្តួចឱ្យដើម្បីបង្កើតទំនុកចិត្ត។ បន្ទាប់មក គេទាមទារឱ្យជនរងគ្រោះបង់ប្រាក់កក់ ឬទិញ Gift Card ដើម្បី «បើកសោ ឬ ដើម្បីទទួលបាន» ការងារដែលបានប្រាក់ខែខ្ពស់ជាងនេះ។ ក្នងករណីយើងមិនចាប់អារម្មណ៌ យើងក៏បានបង់លុយដើម្បីចូលទៅជ្រើសរើសប្រភេទការងារ ដែលយើងគិតថាច្បាស់ជាអាចអោយយើងរកលុយបានមកវិញច្រើន ដូចដែលគេផ្សព្វផ្សាយ។ តែតាមពិតយើងនិងមិនអាចធ្វើការងារនោះបានទេ ព្រោះនោះគ្រាន់តែជាការផ្សាយបោកប្រាស់តែប៉ុណ្ណោះ។

៣. ការបោកប្រាស់លើការវិនិយោគ (Investment Scams)

ជនខិលខូចបន្លំខ្លួនជាអ្នកជំនាញគ្រីបតូ ឬអ្នកប្រឹក្សាការវិនិយោគ ដោយសន្យាថានឹងផ្តល់ផលចំណេញខ្ពស់បំផុតក្នុងរយៈពេលខ្លី និងគ្មានហានិភ័យអ្វីនោះទេ។ ពួកគេបង្ហាញរូបថតលទ្ធផលក្លែងក្លាយ រូបភាពលុយចំណេញជាដើម ហើយនៅពេលជនរងគ្រោះដាក់ប្រាក់ធំចូលរួម នោះពួកគេនឹងគេចខ្លួន ឬទាមទារ «ពន្ធ/កម្រៃជើងសារ ផ្សេងៗជាច្រើន» បន្ថែមទៀត។

៤. ការបោកប្រាស់បន្លំជាក្រុមការងារបច្ចេកទេស ឬ Admin (Tech Support & Fake Admins)

ផ្ញើសារទាក់ទងជនរងគ្រោះ ដោយអះអាងថាគណនីមានបញ្ហាសុវត្ថិភាព រួចផ្ញើតំណភ្ជាប់ (Link) ក្លែងបន្លំ ឬឯកសារដែលមានមេរោគ ដើម្បីលួចយកលេខកូដសម្ងាត់ ឬគ្រប់គ្រងគណនីរបស់អ្នក។

៥. ការបោកប្រាស់បែបស្នេហា និងមិត្តភក្តិមានអាសន្ន (Romance & Friend-in-Need Scams)

បង្កើតទំនាក់ទំនងស្នេហាតាមអនឡាញ រួចបង្កើនភាពស្និទ្ធស្នាល។ បន្ទាប់មក រៀបរាប់ពីហេតុការណ៍បន្ទាន់ (ដូចជា ជំងឺ ឬបញ្ហាផ្លូវច្បាប់) ដើម្បីសុំខ្ចីប្រាក់។ នៅពេលទទួលបានប្រាក់រួច ពួកគេនឹងកាត់ផ្តាច់ការទាក់ទងភ្លាមៗ។

៦. ការបោកប្រាស់ការចាប់ឆ្នោត និងការផ្តល់ជូននៅកាដូឥតគិតថ្លៃ (Fake Prizes & Giveaways)

បន្លំខ្លួនជាបុគ្គលល្បីឈ្មោះ ក្រុមហ៊ុន ឬ Influencer ដើម្បីប្រកាសអាសន្នអំពីការចែករង្វាន់។ ប៉ុន្តែដើម្បីទទួលបានរង្វាន់ ជនរងគ្រោះត្រូវបង់ «ថ្លៃសេវាដឹកជញ្ជូន» ឬផ្តល់ព័ត៌មានគណនីធនាគារជាមុន។

៧. ការបោកប្រាស់តាមរយៈ Bot ក្លែងក្លាយ (Fake Bot Surveys)

ប្រើប្រាស់ Bot ក្លែងធ្វើជាប្រព័ន្ធ Bot ផ្លូវការរបស់ Telegram ដោយតម្រូវឱ្យអ្នកបំពេញកម្រងសំណួរ ឬការប្រកួតប្រជែង ដើម្បីលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

៨. ការបោកប្រាស់រៃអង្គាសប្រាក់សប្បុរសធម៌ (Charity Scams)

កេងចំណេញលើទឹកចិត្តអាណិតអាសូររបស់ប្រជាជន ក្នុងអំឡុងពេលមានគ្រោះធម្មជាតិ ឬវិបត្តិមនុស្សធម៌ ដោយបង្កើតមូលនិធិសប្បុរសធម៌ក្លែងក្លាយ។

៩. ការជម្រិតទារប្រាក់ (Extortion Scams)

ប្រើប្រាស់ការគំរាមកំហែង គំរាមបញ្ចេញរូបថត ឬព័ត៌មានសម្ងាត់ ដើម្បីបង្ខំឱ្យជនរងគ្រោះវេរប្រាក់ឱ្យពួកគេ។

១០. ការប្រើប្រាស់ AI បន្លំសំឡេង និងមុខ (Deepfake/AI Voice Mimicry Scams)

ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីក្លែងបន្លំសំឡេង ឬមុខមាត់របស់សាច់ញាតិ មិត្តភក្តិ ឬប្រធានការងារ ដើម្បីស្នើសុំប្រាក់ជាបន្ទាន់។

ប្រើប្រាស់សេវាកាត់ Link ឱ្យខ្លី ដើម្បីលាក់បាំងគេហទំព័រដែលមានមេរោគ ឬគេហទំព័រ phishing ក្លែងបន្លំ។

១២. ក្រុមគាំទ្រអតិថិជនក្លែងក្លាយ (Fake Customer Support Groups)

បង្កើត Group ក្លែងក្លាយធ្វើជាក្រុមការងារ Support របស់ក្រុមហ៊ុន ឬកាបូបប្រាក់ Digital ផ្សេងៗ ដើម្បីលួចយកលេខកូដសម្ងាត់ (Seed Phrases/Passwords) ពីអ្នកប្រើប្រាស់។

១៣. ការលួចយកព័ត៌មានចូលប្រើប្រាស់ (Phishing for Login Credentials)

Phishing ជាការផ្ញើសារដែលមាន Link ដូចទៅនឹងទំព័រ Login ផ្លូវការរបស់ Telegram ដើម្បីបោកបញ្ឆោតឱ្យអ្នកបញ្ចូលលេខទូរស័ព្ទ និងលេខកូដផ្ទៀងផ្ទាត់ (OTP)។

ហេតុអ្វីបានជាជនបោកប្រាស់ចូលចិត្តប្រើ Telegram?

នៅក្នុងពិភពអ៊ិនធឺណិតនាពេលបច្ចុប្បន្ន Telegram បានក្លាយជាវេទិកាផ្ញើសារដ៏គួរឱ្យកត់សម្គាល់បំផុតមួយ។ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់វាបានទាក់ទាញឧក្រិដ្ឋជនអ៊ិនធឺណិតដែលប្រើល្បិចផ្សេងៗដើម្បីបោកប្រាស់អ្នកប្រើប្រាស់។

ខាងក្រោមនេះជាមូលហេតុដែលឧក្រិដ្ឋជនប្រើប្រាស់ថ្នាលនេះ

១. ងាយស្រួលបង្កើតគណនី និងលាក់អត្តសញ្ញាណ៖ មិនតម្រូវឱ្យប្រើព័ត៌មានផ្ទាល់ខ្លួនច្រើន ហើយងាយស្រួលលាក់បាំងអត្តសញ្ញាណពិត។

២. ក្រុម និងឆានែលមានទំហំធំ៖ អាចដាក់សមាជិកបានរហូតដល់ ២០០,០០០ នាក់ ងាយស្រួលក្នុងការផ្សព្វផ្សាយដំណឹងបោកប្រាស់។

៣. ប្រព័ន្ធ Bot និងស្វ័យប្រវត្តិកម្ម៖ អាចប្រើប្រាស់ Bot ដើម្បីផ្ញើសារបោកប្រាស់ ឬបន្លំធ្វើជាក្រុមការងារគាំទ្រ (Support Team)។

៤. មុខងារលុបសារស្វ័យប្រវត្តិ៖ ងាយស្រួលលុបដាន និងភស្តុតាងផ្សេងៗ។

៥. ការកំណត់គោលដៅលើរូបិយប័ណ្ណគ្រីបតូ៖ Telegram ជាទីតាំងសហគមន៍ Crypto ធំ ងាយស្រួលបោកប្រាស់លើការវិនិយោគ។

៦. ការវាយប្រហារលើការកាន់កាប់គណនី៖ ជនបោកប្រាស់អាចបោកបញ្ឆោតមនុស្សឱ្យចែករំលែកលេខកូដផ្ទៀងផ្ទាត់របស់ពួកគេ ដែលធ្វើឱ្យពួកគេងាយស្រួលក្នុងការកាន់កាប់គណនី និងកេងប្រវ័ញ្ចពួកគេ។

ដូច្នេះហើយក្នុងនាមជាអ្នកប្រើប្រាស់ម្នាក់ នៅពេលដែលអ្នកជួបប្រទះការក្លែងបន្លំ អ្នកត្រូវបញ្ជូនរបាយការណ៍ទៅ Telegram និងអាជ្ញាធរភ្លាមៗដោយគ្មានការពន្យារពេល។

របៀបកំណត់អត្តសញ្ញាណអ្នកបោកប្រាស់នៅលើ Telegram

ការចេះសម្គាល់គណនី Telegram ក្លែងក្លាយ គឺជាចំណុចសំខាន់បំផុតមួយនៅពេលអ្នកប្រើប្រាស់កម្មវិធី Telegram។ សកម្មភាពបោកប្រាស់ភាគច្រើន តែងតែចាប់ផ្តើមចេញពីការបង្កើតប្រវត្តិរូប (Profile) បោកប្រាស់យ៉ាងគួរឱ្យទុកចិត្ត ពួកគេអាចប្រើប្រាស់រូបថត បុគ្គលល្បីល្បាញណាម្នាក់ ឬ អ្នកមានឥទ្ធិពលណាម្នាក់ដើម្បីក្លែងបន្លំ និងបោកប្រាស់។

ខាងក្រោមនេះជាសញ្ញាព្រមាន (Red Flags) សំខាន់ៗ ដែលអាចជួយអ្នកឱ្យដឹងទាន់ពីល្បិចបោកប្រាស់ មុនពេលអ្នកចាញ់បោក ឬបាត់បង់ប្រាក់កាស និងព័ត៌មានផ្ទាល់ខ្លួន៖

សញ្ញាព្រមានសំខាន់ៗដែលត្រូវប្រុងប្រយ័ត្ន៖

  • ការផ្ញើសារមកអ្នកមុន៖ ក្រុមអ្នកដែលចង់បោកប្រាស់តាម Telegram ពួកគេតែងតែផ្ញើសារ (Direct Message) មកអ្នកមុន ជួនកាលជាមនុស្សដែលអ្នកធ្លាប់បានស្គាល់ ឬ ក៏មិនស្គាល់ ជាពិសេសសារដែលមានភ្ជាប់តំណរភ្ជាប់ (Link), ឯកសារផ្សេងៗ ឬការជម្រុញឱ្យអ្នកប្តូរទៅនិយាយគ្នានៅលើកម្មវិធីផ្សេងមួយទៀត។
  • គណនីថ្មី ឬគ្មានសកម្មភាព៖ ជនបោកប្រាស់តែងតែប្រើប្រាស់គណនីដែលគ្មានមិត្តភក្តិច្រើន ឬ ទើបតែបង្កើតថ្មី, ប្រើរូបថតដែលបង្កើតដោយ AI ឬ រូបថតបុគ្គលល្បីណាម្នាក់ និងគ្មានប្រវត្តិបង្ហោះរូបភាព ឬសារ ឬ Story ពីមុនមកសោះតែម្តង។
  • ការបង្កើតហេតុការណ៍បន្ទាន់៖ ពួកគេដែលតែងតែបោកប្រាស់តាម Telegram ទាំងអស់នោះ ច្រើនតែប្រើប្រាស់រឿងរ៉ាវស្នេហាក្លែងក្លាយ, កើតហេតុអាសន្ន ឬបន្ទាន់ភ្លាមៗរយៈពេលខ្លី ដើម្បីបង្ខំឱ្យជនរងគ្រោះប្រញាប់ឆ្លើយតប ដោយមិនបានផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ជាមុន។ ដូចករណីដែលយើងតែងឃើញ និងដឹង អាចជាករណី គ្រោះថ្នាក់ចរាចរណ៌ ហើយទូរស័ព្ទទៅរកបងប្អូន ឬ ម្តាយឪពុក ដើម្បីផ្ញើលុយមកសងគេ។
  • ការបដិសេធមិនព្រមផ្ទៀងផ្ទាត់អត្តសញ្ញាណ៖ ការព្យាយាមគេចវេះ ឬជៀសវាងការខលជជែកលេងជាវីដេអូ (Video Call) ឬសំឡេង (Voice Call) គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា ពួកគេកំពុងបន្លំធ្វើជាអ្នកផ្សេង។
  • ការកែច្នៃឈ្មោះ (Username) និងគ្មានការបញ្ជាក់អត្តសញ្ញាណ៖ ត្រូវពិនិត្យឈ្មោះ Username ឱ្យបានល្អិតល្អន់ (ដូចជាការបន្ថែមអក្សរ, សញ្ញា _ ឬសញ្ញា -)។
  • ការផ្ញើសារដដែលៗដូចម៉ាស៊ីន៖ ការឆ្លើយតបមកវិញភ្លាមៗជាមួយនឹងសារដដែលៗ បង្ហាញថាជាការប្រើប្រាស់ Bot ឬប្រតិបត្តិការបោកប្រាស់ដែលមានប្រព័ន្ធរៀបចំទុកជាមុន។
  • ការចែករំលែក Link ឬឯកសារសង្ស័យ៖ ការបញ្ចុះបញ្ចូលឱ្យទាញយកកម្មវិធីផ្សេងៗ, ការប្រើ Link ខ្លី, ឯកសារភ្ជាប់ដែលមានទំព័រ phishing, មេរោគ ឬការទាមទារសុំលេខកូដផ្ទៀងផ្ទាត់ Telegram សុទ្ធសឹងជាសញ្ញាផ្លូវការនៃការបោកប្រាស់ ដូចជាពេលថ្មីៗនេះ កំពុងតែល្បីរឿងគេផ្ញើសារមកជា File exe, zip និងផ្សេងៗទៀត។
  • ការទាមទាររក្សាការសម្ងាត់៖ ការបបួលអ្នកឱ្យចូលទៅនិយាយគ្នាក្នុង Secret Chat ឬក្រុម VIP គឺជាល្បិចដើម្បីជៀសវាងការឃ្លាំមើល និងការត្រួតពិនិត្យពីសាធារណជន។
  • ការសន្យាផ្តល់រង្វាន់ដែលមិនស្របតាមការពិត៖ សារទាំងឡាយណាដែលសន្យាផ្តល់ផលចំណេញពីការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់, ចែក Crypto ដោយសេរី ឬការងារដែលបានប្រាក់ខែខ្ពស់ខុសធម្មតា សុទ្ធតែជាលក្ខណៈសម្គាល់នៃការបោកប្រាស់លើ Telegram។
  • ការបង្ខំឱ្យទូទាត់តែតាម Cryptocurrency៖ ជនបោកប្រាស់ភាគច្រើនជម្រុញឱ្យធ្វើការទូទាត់តាមរយៈគ្រីបតូ (Cryptocurrency), Gift Cards ឬប្រព័ន្ធទូទាត់ណាដែលមិនអាចដកប្រាក់វិញបាន។ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះការទាមទារទាំងនេះ។

អ្វីដែលត្រូវធ្វើប្រសិនបើអ្នកត្រូវបានគេបោកប្រាស់នៅលើ Telegram

បោកប្រាស់តាម Telegram

តាមពេលវេលាកន្លងទៅ ល្បិចបោកប្រាស់តាម​ Telegram បានវិវឌ្ឍទៅកាន់កម្រិតកាន់តែស្មុគស្មាញ ដែលធ្វើឱ្យមានការលំបាកក្នុងការសម្គាល់ជនបោកប្រាស់នៅលើកម្មវិធីនេះ។ អ្នកប្រើប្រាស់អាចរងគ្រោះដោយងាយ ហើយដើម្បីជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់នេះ ការចាត់វិធានការជាបន្ទាន់គឺជារឿងចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ និងការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

សូមអនុវត្តតាមជំហានទាំងនេះ នៅពេលអ្នកសង្កេតឃើញសកម្មភាពបោកប្រាស់សង្ស័យ។ ចំពោះអ្នកដែលរងការបោកប្រាស់តាមថ្នាលនេះជាញឹកញាប់ អ្នកគួរតែធ្វើការលុបគណនី Telegram របស់អ្នកចោលជាអចិន្ត្រៃយ៍ ហើយបង្កើតមួយថ្មីទៀតដែលមានលេខខុសពីមុន អាចជាជម្រើសដែលមានសុវត្ថិភាពបំផុត៖

  • ការរក្សាទុកភស្តុតាងនៃហេតុការណ៍៖ ប្រាកដថាអ្នកបានថតរូបភាពអេក្រង់ (Screenshot) នៃការសន្ទនាទាំងអស់ជាមួយជនបោកប្រាស់ រួមទាំងការរក្សាទុកឈ្មោះ Username, វិក្កយបត្របង់ប្រាក់, អាសយដ្ឋានកាបូបប្រាក់ Digital (Wallet Address) និង Link មានមេរោគទាំងឡាយដែលបានផ្ញើមកអ្នក។ ភស្តុតាងទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការស៊ើបអង្កេត និងការរាយការណ៍អំពីការបោកប្រាស់។
  • ការការពារគណនីរបស់អ្នក៖ ផ្លាស់ប្តូរពាក្យសម្ងាត់គណនីរបស់អ្នក និងអ៊ីមែលរបស់អ្នកជាបន្ទាន់។ បន្ទាប់មក ចូលទៅកាន់ Settings > Devices រួចលុបការចូលប្រើប្រាស់ (Active Sessions) លើឧបករណ៍ចម្លែកៗទាំងអស់។ លើសពីនេះ ត្រូវបើកមុខងារផ្ទៀងផ្ទាត់ពីរជំហាន (2FA) ប្រសិនបើវាមិនទាន់បានបើក។
  • ទាក់ទងស្ថាប័នហិរញ្ញវត្ថុរបស់អ្នក៖ ប្រសិនបើអ្នកបានទម្លាយព័ត៌មានធនាគាររបស់អ្នកក្នុងអំឡុងពេលប្រាស្រ័យទាក់ទង ត្រូវប្រញាប់ទាក់ទង ឬទៅកាន់ធនាគាររបស់អ្នកដើម្បីជម្រាបដំណឹង និងស្នើសុំឱ្យបង្កក (Freeze) កាតដែលមានបញ្ហា រួចតាមដានរាល់ប្រតិបត្តិការសង្ស័យផ្សេងៗទៀត។
  • ការការពារទ្រព្យសកម្មគ្រីបតូ (Cryptocurrency) របស់អ្នក៖ ប្រសិនបើមានការភ្ជាប់កាបូបប្រាក់របស់អ្នកទៅកាន់គេហទំព័រសង្ស័យ ត្រូវប្រាកដថាអ្នកបានលុបចោលការអនុញ្ញាត (Revoke token approvals) និងប្រញាប់ផ្ទេរទ្រព្យសកម្មដែលនៅសល់ទៅកាន់កាបូបប្រាក់ដែលមានសុវត្ថិភាពឱ្យបានឆាប់បំផុត។
  • ប្រាប់ដំណឹងដល់ទំនាក់ទំនងរបស់អ្នក៖ ជូនដំណឹងដល់មិត្តភក្តិជិតស្និទ្ធ សហការី និងសមាជិកគ្រួសាររបស់អ្នកថា គណនីរបស់អ្នកត្រូវបានគេលួចចូលប្រើប្រាស់ (Compromised)។ ចំណាត់ការនេះជួយរារាំងជនបោកប្រាស់មិនឱ្យទាក់ទងទៅពួកគេដោយប្រើអត្តសញ្ញាណរបស់អ្នក។
  • ស្រាវជ្រាវព័ត៌មានជនបោកប្រាស់តាមអនឡាញ៖ ស្វែងរកតាមអ៊ីនធឺណិតអំពីរបាយការណ៍ដែលពាក់ព័ន្ធនឹងអាសយដ្ឋាន Wallet, ឈ្មោះ Username ឬលេខទូរស័ព្ទរបស់ជនបោកប្រាស់នោះ។
  • ការរាយការណ៍អំពីហេតុការណ៍បោកប្រាស់៖ អ្នកត្រូវរាយការណ៍អំពីការបោកប្រាស់នេះតាមរយៈមុខងាររាយការណ៍ (Reporting tool) របស់ Telegram ដើម្បីជូនដំណឹងដល់ក្រុមការងារគ្រប់គ្រង (Administrators) អំពីហេតុការណ៍នេះ។
  • ដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច៖ ដាក់ពាក្យបណ្តឹងអំពីការបោកប្រាស់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ឬនគរបាលក្នុងតំបន់របស់អ្នក និងផ្តល់ភស្តុតាងទាំងអស់ដែលអ្នកមាន ដើម្បីឱ្យពួកគេអាចចាប់ផ្តើមការស៊ើបអង្កេត។

ការចាត់វិធានការជាមុនប្រកបដោយសកម្មភាព គឺជាកត្តាកំណត់ក្នុងការកាត់បន្ថយការខូចខាត និងការពារគណនីរបស់អ្នក បន្ទាប់ពីជួបប្រទះហេតុការណ៍បោកប្រាស់។

វិធីការពារខ្លួនអ្នកពីការ បោកប្រាស់តាម Telegram

ការយល់ដឹងអំពីវិធីការពារគណនី អាចជួយកាត់បន្ថយហានិភ័យពីការបោកប្រាស់ទូទៅ និងទម្រង់នៃការបោកប្រាស់តាម Telegram។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗដើម្បីការពារអ្នក ក្នុងអំឡុងពេលប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមមួយនេះ៖

  • បើកមុខងារផ្ទៀងផ្ទាត់ពីរជំហាន (2FA)៖ ការផ្ទៀងផ្ទាត់ពីរជំហានបន្ថែមស្រទាប់សុវត្ថិភាពមួយកម្រិតទៀតលើសពីពាក្យសម្ងាត់របស់អ្នក។ លេខកូដបន្ថែមនេះធ្វើឱ្យជនខិលខូចពិបាកក្នុងការចូលប្រើប្រាស់គណនីរបស់អ្នក ទោះបីជាពួកគេលួចបានពាក្យសម្ងាត់របស់អ្នកក៏ដោយ។
តើអ្វីទៅជា 2FA? វីដេអូខាងលើនេះគឺជាការបង្ហាញអំពីអ្វីទៅជា 2FA.
  • ប្រើប្រាស់ពាក្យសម្ងាត់ដែលរឹងមាំ និងប្លែកពីគេ៖ វិធីនេះជួយទប់ស្កាត់ និងការពារគណនីរបស់អ្នកពីការលួចចូលដោយខុសច្បាប់។ ពាក្យសំងាត់ដែលរឹងមាំហើយពីបាកសម្រាប់ការ Hack នោះគឺអាចមានទម្រង់បែបនេះ (5S@5fBuRvJbInqhka85z) ដែលផ្គុំដោយ សញ្ញា, តួលេខ អក្សរតូច និង អក្សរធំ ជាដើម។
  • កែសម្រួលការកំណត់ឯកជនភាព (Privacy Settings)៖ ដើម្បីកែសម្រួលការកំណត់នេះ សូមចូលទៅកាន់ Settings នៅក្នុងកម្មវិធី Telegram របស់អ្នក រួចជ្រើសរើស Privacy and Security ដើម្បីលាក់លេខទូរស័ព្ទ កំណត់អ្នកដែលមានសិទ្ធិបន្ថែមអ្នកចូល Group និងលាក់រូបថតប្រវត្តិរូប (Profile) របស់អ្នក។
  • ធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីជាប្រចាំ៖ ការធ្វើបច្ចុប្បន្នភាពកម្មវិធីឱ្យទាន់សម័យជាប្រចាំ ជួយបិទចន្លោះប្រហោងសុវត្ថិភាពដែលជនបោកប្រាស់អាចកេងចំណេញបាន។ ការប្រើប្រាស់កម្មវិធី Telegram ផ្លូវការក៏មានសារៈសំខាន់ដូចគ្នាដែរ ដោយសារបច្ចុប្បន្ន Telegram នឹងបង្ហាញការព្រមានសុវត្ថិភាពដល់អ្នកប្រើប្រាស់កម្មវិធីមិនផ្លូវការ (Unofficial apps) ដើម្បីការពារពីចន្លោះប្រហោងសុវត្ថិភាពផ្សេងៗ។
  • ការពារទិន្នន័យផ្ទាល់ខ្លួនសំខាន់ៗ៖ ទោះជារងសម្ពាធយ៉ាងណាក៏ដោយ កុំចែករំលែកពាក្យសម្ងាត់, លេខកូដសម្ងាត់កាបូបគ្រីបតូ (Crypto seed phrases), លេខកូដ 2FA ឬព័ត៌មានលម្អិតនៃការទូទាត់ប្រាក់ ទៅឱ្យបុគ្គលចម្លែកណាមួយដែលទាមទារសុំនៅលើ Telegram ឱ្យសោះ។ ត្រូវប្រាកដថាអ្នករក្សាវាជាការសម្ងាត់ជានិច្ច។
  • ផ្ទៀងផ្ទាត់ទំនាក់ទំនងដែលមិនស្គាល់អត្តសញ្ញាណ៖ អ្នកត្រូវតែផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលដែលទាក់ទងមកអ្នកជានិច្ច តាមរយៈការខលវីដេអូ, សារសំឡេង ឬតាមរយៈកម្មវិធីផ្សេងទៀត ជាពិសេសក្នុងស្ថានភាពដែលសង្ស័យថាជាការបោកប្រាស់, ការស្វែងរកគូស្នេហ៍ ឬការទាមទារសុំប្រាក់។

កម្មវិធី Telegram គឺជាប្រព័ន្ធផ្សព្វផ្សាយសារដ៏ស្របច្បាប់មួយនៅលើពិភពលោក ប៉ុន្តែការរចនាឡើងប្រកបដោយឯកជនភាព និងការលាក់បាំងទិន្នន័យ បានធ្វើឱ្យវាក្លាយជាទីតាំងដ៏ទាក់ទាញសម្រាប់ក្រុមឧក្រិដ្ឋជន។ នៅពេលដែលប្រព័ន្ធបណ្តាញសង្គមមួយនេះបន្តវិវឌ្ឍពីមួយកម្រិតទៅមួយកម្រិត វាកាន់តែមានភាពស្មុគស្មាញ ហើយអ្នកប្រើប្រាស់គួរតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ចនៅពេលប្រើប្រាស់កម្មវិធីនេះ។

លោកអ្នកគួរតែចាំបាច់បំផុតក្នុងការផ្ទៀងផ្ទាត់រាល់ទំនាក់ទំនងទាំងឡាយណាដែលប្រាស្រ័យទាក់ទងជាមួយអ្នក និងបង្កើតរបាំងការពារយ៉ាងរឹងមាំ ដើម្បីប្រឆាំងនឹងការរំលោភបំពានលើសុវត្ថិភាព និង ការពារអោយរួចពីការបោកប្រាស់តាម Telegram នេះ។ ហេតុការណ៍បោកប្រាស់ភាគច្រើនកើតឡើងដោយសារការបោកបញ្ឆោត, ការកេងចំណេញលើទំនុកចិត្ត និងការបង្កើតស្ថានភាពប្រញាប់ប្រញាល់ខុសធម្មតា។ នៅពេលដែលអ្នកដឹងខ្លួន និងមានការប្រុងប្រយ័ត្នលើចំណុចទាំងនេះ អ្នកនឹងមានអាវក្រោះការពារដ៏រឹងមាំបំផុតប្រឆាំងនឹងក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាទាំងនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here

For security, use of CloudFlare's Turnstile service is required which is subject to the CloudFlare Privacy Policy and Terms of Use.

អត្ថបទផ្សេងទៀត

snow-teeth

ពេញនិយម

អត្ថបទចុងក្រោយ