ស្ថាបនិក Canva និងរឿងរ៉ាវតស៊ូដ៏អស្ចារ្យ៖ ជម្នះការបដិសេធជាង ១០០ដង មុនទទួលបានជោគជ័យ!

Fiverr Pro

តើអ្នកធ្លាប់មានក្តីស្រមៃដ៏ធំមួយ ដែលអ្នកដទៃគិតថាវាមិនអាចទៅរួចទេដែរឬទេ? សម្រាប់កញ្ញា Melanie Perkins នាងមិនត្រឹមតែមានក្តីស្រមៃនោះទេ តែនាងបានជម្នះរហូតធ្វើឲ្យវាក្លាយជាការពិត។ ពីជីវិតដ៏លំបាកដែលសូម្បីតែលុយបង់ថ្លៃផ្ទះជួលនៅប្រទេសអូស្ត្រាលីសឹងតែគ្មាន មកក្លាយជាសេដ្ឋីនីស្វ័យបង្កើត (Self-made billionaire) ម្នាក់។ ដំណើរជីវិតរបស់សហស្ថាបនិក និងជាអគ្គនាយិកា (CEO) នៃក្រុមហ៊ុន Canva រូបនេះ គឺជាភស្តុតាងស្រាប់ដែលបង្ហាញថា «ការតស៊ូព្យាយាម ឈ្នះលើទេពកោសល្យដែលគ្មានការអត់ធ្មត់»

គំនិតដំបូងនៃការចាប់ផ្តើម

នៅក្នុងវ័យត្រឹមតែ ១៩ ឆ្នាំ Melanie Perkins បានធ្វើការជាគ្រូបង្រៀនក្រៅម៉ោងម្នាក់នៅទីក្រុង Perth ប្រទេសអូស្ត្រាលី។ នាងមានតួនាទីបង្រៀនសិស្សពីរបៀបប្រើប្រាស់កម្មវិធីរចនា (Design) ដ៏ស្មុគស្មាញនានា ដូចជា Adobe Photoshop និង Illustrator ជាដើម។

ក្នុងអំឡុងពេលនោះ នាងបានកត់សម្គាល់ឃើញបញ្ហាកើតឡើងដដែលៗ៖

  • កម្មវិធីទាំងនោះស្មុគស្មាញពេក៖ ពិបាកប្រើ និងស្វែងយល់។
  • តម្លៃថ្លៃ៖ មិនមែនគ្រប់គ្នាសុទ្ធតែអាចទិញបានឡើយ។
  • ប្រើពេលរៀនយូរ៖ ត្រូវការការហ្វឹកហាត់ច្រើនទម្រាំតែអាចរចនារូបភាពបានស្អាតមួយសន្លឹក។

ភាពស្មុគស្មាញទាំងនេះហើយ បានដុះគំនិតដ៏សាមញ្ញតែមានឥទ្ធិពលមួយនៅក្នុងចិត្តរបស់នាងថា៖ «ចុះបើការរចនា (Design) ក្លាយជា រឿងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នា?»

នាងបានស្រមៃចង់បង្កើតកម្មវិធីមួយនៅលើវេបសាយ ដែលអាចប្រើប្រាស់បានដោយសេរី និងឥតគិតថ្លៃ ដែលសូម្បីតែអ្នកគ្មានបទពិសោធន៍សោះ ក៏អាចរចនារូបភាពស្អាតៗបានត្រឹមតែរយៈពេលប៉ុន្មាននាទី។ នៅត្រង់ចំណុចនេះហើយដែលធ្វើអោយខ្ញុំសសើរគាត់ដោយស្មោះព្រោះថា ជាអ្នករចនាខ្លួនឯងផ្ទាល់ខ្ញុំក៏តែងមានអារម្មណ៌លំបាកនៅពេលដែលស្វែងរករូបភាពមក កាត់តនៅក្នុង Browser ហើយបានយកមកដាក់បញ្ចូលក្នុង Photoshop ឬ Illustrator វាហាក់មិនងាយស្រួល តែដល់តែសាកល្បងប្រើប្រាស់ Canva ទើបឃើញថា ងាយស្រួលពិតមែន មានទម្រង់ស្រាប់ជាច្រើនសម្រាប់ជ្រើសរើស ហើយប្រសិនបើចង់បានរូបភាព ឬ វីដេអូ គឺកាន់តែងាយ ដោយមិនចាំបាច់ចាកចេញពីកម្មវិធីផង ខ្ញុំចូលចិត្តត្រង់ភាពងាយស្រួលទាំងអសស់នេះ។

ស្វែងយល់ពីប្រវត្តិជម្រុញទឹកចិត្តរបស់ Melanie Perkins ស្ថាបនិក Canva ដែលជម្នះការបដិសេធជាង ១០០ដង រហូតបង្កើតបានអាណាចក្របច្ចេកវិទ្យាតម្លៃរាប់ពាន់លានដុល្លារ
https://www.flickr.com/photos/182855606@N07/48352662731/

ការបដិសេធជាង ១០០ ដង៖ ការពិតដ៏ជូរចត់

ការប្រែក្លាយគំនិតនោះទៅជាកម្មវិធី Canva មិនមែនជារឿងងាយស្រួលនោះទេ។ Melanie រួមជាមួយដៃគូសហស្ថាបនិក (ដែលបច្ចុប្បន្នត្រូវជាស្វាមីរបស់នាង) គឺលោក Cliff Obrecht បានចំណាយពេលជាង ៣ ឆ្នាំ ដើម្បីដើរពន្យល់ពីគម្រោងអាជីវកម្មរបស់ពួកគេទៅកាន់អ្នកវិនិយោគ។

ពួកគេត្រូវបានបដិសេធលើសពី ១០០ ដង។

អ្នកវិនិយោគទុនភាគច្រើន មិនជឿថា ក្រុមការងារតូចមួយមកពីប្រទេសអូស្ត្រាលី អាចទៅប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗបាននោះទេ។ ពាក្យថា «ទេ» ម្តងហើយម្តងទៀតនេះ បានបង្កើតជាសម្ពាធយ៉ាងខ្លាំង ទាំងផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្ត។ ប៉ុន្តែ Melanie និង Cliff មិនព្រមបោះបង់ឡើយ។

ចាប់ផ្តើមពីតូច៖ កំណើតនៃ Fusion Books

ដោយសារគ្មានដើមទុនធំ និងខ្វះខាតថវិកា ពួកគេត្រូវរកវិធីសាស្រ្តច្នៃប្រឌិតថ្មីមួយ។ ពួកគេបានចាប់ផ្តើមគម្រោងតូចមួយឈ្មោះថា Fusion Books ដែលជាប្រព័ន្ធអនឡាញមួយអនុញ្ញាតឲ្យសាលារៀននានា អាចបង្កើតសៀវភៅអនុស្សាវរីយ៍ (Yearbooks) ដោយខ្លួនឯងតាមរយៈមុខងារអូសទាញ (Drag-and-drop) យ៉ាងងាយស្រួល។

ពួកគេបានដំណើរការអាជីវកម្មទាំងមូលនេះ ចេញពីបន្ទប់ទទួលភ្ញៀវក្នុងផ្ទះម្តាយរបស់ Melanie។ ពួកគេធ្វើការតាំងពីព្រលឹមទល់ពាក់កណ្តាលអធ្រាត្រ ដោយជារឿយៗមិនដឹងថានឹងមានលុយបង់ថ្លៃផ្ទះជួលនៅខែក្រោយឬអត់ផង។ មានពេលខ្លះ ពួកគេហត់នឿយខ្លាំងរហូតដល់ចង់បោះបង់ចោលម្តងៗទៅហើយ។

ប៉ុន្តែ Fusion Books បានសម្រេចគោលដៅរបស់វា៖

  • វាបានសបញ្ជាក់ថា មនុស្សពិតជាត្រូវការ ឧបករណ៍រចនាដែលងាយស្រួលប្រើ។
  • វាជួយឲ្យពួកគេមានឱកាសបង្កើត និងសាកល្បងបច្ចេកវិទ្យាថ្មី។
  • វាបានក្លាយជាគ្រឹះដ៏រឹងមាំ សម្រាប់ការបង្កើត Canva។

រឿងរ៉ាវជោគជ័យកម្រិតពិភពលោក

នាពេលបច្ចុប្បន្ននេះក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុនទើបបង្កើតថ្មី (Startup) មួយដែលមានតម្លៃបំផុតនៅលើពិភពលោក។ ក្រុមហ៊ុននេះមានតម្លៃរាប់ម៉ឺនលានដុល្លារ មានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ១៥០ លាននាក់ និងបន្តរីកចម្រើនយ៉ាងឆាប់រហ័ស។

Melanie Perkins ត្រូវបានគេទទួលស្គាល់ថាជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យបច្ចេកវិទ្យា។ នាងបានហែលឆ្លងពីជីវិតដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ មកបង្កើតអាណាចក្ររចនាដ៏អស្ចារ្យ ដែលបានផ្លាស់ប្តូររបៀបដែលមនុស្សជុំវិញពិភពលោកបង្កើតរូបភាព។

មេរៀនជីវិតដ៏មានតម្លៃ

ដំណើរជីវិតរបស់ Melanie បានដាស់តឿនយើងថា ភាពជោគជ័យទាមទារនូវការអត់ធ្មត់ ការចាប់ផ្តើមពីចំណុចតូចតាច ការហ៊ានទទួលយកបរាជ័យ និងភាពក្លាហានក្នុងការដេញតាមក្តីស្រមៃដោយឥតងាករេ។ ប្រសិនបើអ្នកមានចក្ខុវិស័យមួយ ចូរចាប់ផ្តើមបង្កើត និងកែលម្អវាជាប្រចាំ — ព្រោះមានតែអ្នកដែលហ៊ានសាកល្បងប៉ុណ្ណោះ ទើបអាចសម្រេចបានជោគជ័យ។

  • ជោគជ័យមិនមែនកើតឡើងត្រឹមតែមួយយប់ឡើយ៖ វាទាមទារការអត់ធ្មត់ ការចាប់ផ្តើមពីចំណុចតូចតាច និងភាពក្លាហានក្នុងការបន្តដំណើរទៅមុខទៀតក្រោយពេលបរាជ័យ។
  • កុំរង់ចាំទាល់តែមានលក្ខខណ្ឌល្អឥតខ្ចោះ៖ បើអ្នកមានក្តីស្រមៃ ចូរចាប់ផ្តើមភ្លាម ទោះបីជាវានៅមានភាពខ្វះខាត ឬមិនទាន់រៀបរយល្អក៏ដោយ។ ចាប់ផ្តើមពីតូច ហើយបន្តកែលម្អវាជាប្រចាំ។

ព្រោះថា «មនុស្សតែម្នាក់គត់ដែលមិនធ្លាប់បរាជ័យ គឺមនុស្សដែលមិនធ្លាប់សាកល្បងធ្វើអ្វីសោះ»

LEAVE A REPLY

Please enter your comment!
Please enter your name here

For security, use of CloudFlare's Turnstile service is required which is subject to the CloudFlare Privacy Policy and Terms of Use.

Hostinger

អត្ថបទផ្សេងទៀត

ពេញនិយម

អត្ថបទចុងក្រោយ